Alynana Media Cambodia
Icon Collap
clinic narit

កិច្ចប្រជុំក្រុមការងារចំណុះអនុគណៈកម្មការពិធីការ ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ នៅក្រុងសៀមរាប

Media LNN | Aug 13, 2022
កិច្ចប្រជុំក្រុមការងារចំណុះអនុគណៈកម្មការពិធីការ ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ នៅក្រុងសៀមរាប
Clinic narith

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធបានដឹកនាំកិច្ចប្រជុំ ក្រុមការងារចំណុះអនុគណៈកម្មការនេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន លោក លោកស្រី ជាសមាជិក-សមាជិកាអនុគណៈកម្មការនេះជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថាក្រុមការងារនីមួយៗត្រូវធ្វើការបន្តសកម្មភាពការងារ និងត្រៀមរបាយការណ៍សម្រាប់ធ្វើការរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះកិច្ចការងារពិនិត្យកន្លែងផ្ទាល់នៅខេត្តសៀមរាប ក្រុមការងារបានសម្រេចជ្រើសរើសយកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការចុះទៅត្រួតពិនិត្យទីតាំងជាក់ស្តែង ក្នុងការត្រៀមរៀបចំឱ្យបានត្រឹមត្រូវ និងតាមការគ្រោងទុក។

ជាកិច្ចបន្ទាប់ ឯកឧត្តម លោកជំទាវ លោកប្រធានក្រុមការងារ និងប្រធានផ្នែកទទួលបន្ទុកកិច្ចការងារនីមួយៗបានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមការងាររៀងខ្លួនដែលរួមមាន៖

១- ការជ្រើសរើសមន្រ្តីសម្របសម្រួល (សម្រាប់ជំនួស-សម្រាប់បម្រុង) ការបំពេញតួនាទីភារៈរបស់មន្រ្តីសម្របសម្រួលត្រូវការអនុវត្ត (ការស្លៀកពាក់និងទទួលព័ត៌មានផ្សេងៗក្នុងការត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន និងដៃគូ) និងការត្រៀមហ្វឹកហាត់សម

២- រៀបចំក្រុមការងារពិធីការទៅតាមផ្នែកតូចៗ សម្រាប់បដិសណ្ឋារកិច្ចឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន និងដៃគូ (អាកាសយានដ្ឋាន,បន្ទប់ប្រជុំ, បន្ទប់រងចាំ និងពិធីចុះហត្ថលេខា)

៣- ការត្រៀមរថយន្តសម្រាប់ឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន និងដៃគូ និងរថយន្តផ្សេងៗជូនគណៈប្រតិភូតាមប្រទេសនីមួយៗ

៤- ការត្រៀមរៀបចំកម្មវិធីសម្រាប់ភរិយាឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន (ការអញ្ជើញទស្សនកិច្ចប្រាសាទ និងកន្លែងនានានៅខេត្តសៀមរាប)

៥- ការត្រៀមរៀបចំសន្តិសុខ និងសុខាភិបាលនៅខេត្តសៀមរាប

៦- ការត្រៀមរៀបចំកន្លែងប្រជុំ និងសិល្បៈ (ការតុបតែងរៀបចំពិធីបើកនៃកិច្ចប្រជុំ បន្ទប់ប្រជុំ ពិធីជប់លៀង សិល្បៈសម្តែង និងម្ហូបអាហារ)

៧- ការត្រៀមថវិកាចំណាយសម្រាប់ក្រុមការងារអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើក្រុមការងារទាំងអស់ពន្លឿន និងតាមដានការងាររបស់ខ្លួន ដើម្បីឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ។

ប្រភព៖ ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម