នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី«ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»។ ក្នុងពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា រួមជាមួយសមាជិក សមាជិកា គណបក្សប្រមាណ៧០០ រូប។
ថ្លែងក្នុងអង្គពិធី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ខ្ពស់ចំពោះគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលដែលបានផ្តួចផ្តើមរៀបចំឲ្យមានសិក្ខាសាលានេះឡើងក្នុងទម្រង់ជាវេទិកាចែករំលែកបទពិសោធន៍រវាងយន្តការនានារបស់គណបក្ស ដោយអនុញ្ញាតឲ្យមន្រ្តីគណបក្សដែលមកពីរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនិងយន្តការគណបក្សពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាពបច្ចុប្បន្ននៃការងារផ្សព្វផ្សាយ និងសាធារណមតិក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គម។
នាឱកាសដ៏ប្រពៃនេះ សម្ដេចបានផ្ដល់ជាអនុសាសន៍ណែនាំដល់សមាជិក សមាជិកា អោយបន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អដើម្បីទទួលបានការគាំទ្រពីប្រជាជន។ ជាចុងបញ្ចប់ សម្ដេចបានមានប្រសាសន៍ផ្ដាំផ្ញើដល់អង្គសិក្ខាសាលាអោយខិតខំប្រឹងប្រែងស្វែងយល់អោយបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មាន យកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាអោយផ្ដល់នូវព័ត៌មានដែលពិត និងផ្ដល់ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។
ទន្ទឹមនឹងនោះត្រូវប្រើប្រាស់អោយបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាអោយមានភាពស៊ីសង្វាក់គ្នា ជាពិសេសតាមដានលើវឌ្ឍនភាពនៃការរីកចម្រើនរបស់បច្ចេកវិទ្យាជាប្រចាំដើម្បីក្ដាប់អោយជាប់រាល់ព័ត៌មាន និងធ្វើការអភិវឌ្ឍខ្លួនអោយទាន់សភាពការនៃសង្គម៕