Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យលទ្ធភាពអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅស្រុកកងមាស

Media LNN | Aug 18, 2022
មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យលទ្ធភាពអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅស្រុកកងមាស
Clinic narith

 

ប្រព័ន្ធធារាសាស្ត្រគឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាពិសេសជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅប្រកបរបរកសិកម្ម។ ហេតុនេះហើយ ព័ត៌មានដែលទាក់ទងនឹងស្ថានភាព, ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ គឺជាផ្នែកមួយដែលគួរតាមដាន និងចែករំលែក។

នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយលោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារក្រសួង​ និងមន្ទីរ​ ចុះជួបប្រជុំពិភាក្សាជាមួយលោកអភិបាលស្រុកកងមាស​ មន្ត្រីរដ្ឋបាលស្រុក​ លោកមេឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធចំនួន ០៧ឃុំ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរសុំសាងសង់ទំនប់​ ប្រឡាយ​ទំនប់បង្ហៀរ និងហេដ្ឋ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ​ ចំនួន ១៦ទីតាំង​ ក្នុងភូមិសាស្ត្រ​ ស្រុកកងមាស​ តាមរយៈក្រុមការងារថ្នាក់ជាតិ។ ក្នុងឱកាសជំនួបពិភាក្សានេះផងដែរ​ឯកឧត្តមអគ្គនាយកបច្ចេកទេស និងក្រុមការងារជំនាញក្រសួង/មន្ទីរ បានជម្រាបជូន និងស្នើសុំឲ្យលោកមេឃុំពាក់ព័ន្ធទាំងអស់ កំណត់នូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមឃុំនីមួយៗ​ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វេីការសិក្សាលម្អិតបន្ថែមអំពីលក្ខខណ្ឌបច្ចេកទេសនិងលើកគម្រោង​ផែនការថវិកាទៅតាមឆ្នាំនីមួយៗ ស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានទាន់ពេលវេលាកំណត់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលត្រូវផ្តោតសំខាន់ទៅលើការដោះស្រាយនូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមួយដំណាក់កាលម្តងៗទៅតាម​លំដាប់អាទិភាព និងតាមវិស័យនីមួយៗ។

នាពេលរសៀលថ្ងៃដដែល​ ឯកឧត្តមអគ្គនាយក​ និងក្រុមការងារ​ ព្រមទាំងលោកអភិបាលស្រុក លោកមេឃុំ មន្រ្តីមូលដ្ឋានទាំងអស់ ក៏បានចុះពិនិត្យមើលជាក់ស្តែង​ដល់ទីតាំងគម្រោងដែលបានស្នើសុំមួយចំនួន​​ រួមមានដូចខាងក្រោម ៖

១- ប្រឡាយព្រែកក្របៅ​ ស្ថិតក្នុងឃុំព្រែកក្របៅ​ ដែលមានសភាពគោករាក់​ និងទំហំតូច​ ដែលក្រុមប្រឹក្សាឃុំស្នេីសុំស្តារឡើងវិញ ដើម្បីនាំយកទឹកពីបឹងបបោសមកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ៤០០ ហិកតា

២- ទំនប់ព្រែកអ៊ុន​ ស្ថិតក្នុងឃុំរកាអារ​​ ដែលក្រុមប្រឹក្សាឃុំស្នើជួសជុលទំនប់​ និងសាងសង់សំណង់បង្ហៀរ

-​ ព្រែកអន្លង់គគីរ​ ស្ថិតក្នុងឃុំស្តៅ​​ ដែលក្រុមប្រឹក្សាឃុំស្នេីសុំសាងសង់សំណង់ស្ទាក់ទឹក-បង្ហៀរទឹកលើតួព្រែក ដើម្បីរក្សាទឹកទុកប្រើប្រាស់នៅរដូវទឹកសម្រក។

 

ជាមួយគ្នានេះផងដែរ​ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ផងដែរ អំពី ស្ថានភាពទឹកទន្លេមេគង្គ-កំពង់ចាម​ ​ដែលគិតត្រឹមថ្ងៃ១៣​ ខែសីហា​ ឆ្នាំ២០២២នេះ ទឹកទន្លេមានកម្ពស់ ១២,២១ម៉ែត្រ ហើយកំពុងហក់ឡើងចូលព្រែកចំនួន២២លេីព្រែកសរុប៤១ រីឯទំនប់អាងទឹកមួយចំនួននៃប្រព័ន្ធធារាសាស្រ្ត​ បាននិងកំពុងតែទទួលបរិមាណទឹកភ្លៀង​ស្ទេីរពេញទាំងស្រុង​ ដែលមានលក្ខណៈល្អប្រសើរសម្រាប់បម្រើដល់ការងារបង្កបង្កើនផលស្រូវរដូវវស្សា​ និងដំណាំរួមផ្សំនាពេលខាងមុខនេះ។ ចំណែកល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សា ខេត្តកំពង់ចាមអនុវត្តបានចំនួន​ ៩១.៩៧២ហិកតា=១០៦,៣៣% លើផែនការសរុបចំនួន ៨៦.៥០០ហិកតា ដោយមានភ្លៀងដើមរដូវជាហូរហែ​ រហូតមកដល់ពេលនេះ​។ មួយវិញទៀត ដោយគិតចាប់តាំងពីដើមឆ្នាំ រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ខេត្តកំពង់ចាម ទទួលបាននូវបរិមាណទឹកភ្លៀងសរុបប្រមាណ ១.១៤៧,៩មីល្លិម៉ែត្រ​ ធៀបនឹងឆ្នាំ២០២១​ គឺទទួលបានត្រឹមតែ​ ៧៩៣,៨មីល្លិម៉ែត្រ​ប៉ុណ្ណោះ ៕

 

ព័ត៌មានទាំងនេះអាចជាការលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុក, អាជ្ញាធរ និងប្រជាជនមូលដ្ឋាន​​ និងអាចជាឧទាហរណ៍ដល់អាជ្ញាធរព្រមទាំងជាប្រជាជននូវមូលដ្ឋានផ្សេងទៀតផងដែរ។ វិស័យកសិកម្ម គឺជាវិស័យមួយដែលជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាតាំងពីដើមរៀងមក។ អាចចាត់ទុកជាវិស័យដែលជួយអភិវឌ្ឍប្រទេសជាតិដែលប្រកបដោយនិរន្តរភាពជាពិសេសសម្រាប់កសិកម្មដែលអនុវត្តតាមក្បួនខ្នាតសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវ គឺបានចូលរួមចំណែកដល់ការការពារបរិស្ថាន, សុវត្ថិភាពស្បៀងអាហារ និងសុខមាលភាពសង្គម។

298789715_381346357511045_587836991631628506_n299682544_381345980844416_2613875341560301167_n299812674_381347267510954_5352435750779275235_n298049722_381346184177729_4024057601727402162_n

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

 

រៀបរាងដោយ៖ សូរីយ៉ា