(ភ្នំពេញ)៖ ការនាំចេញទំនិញកម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេច បានប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នាំ២០២១ ដែលមានប្រមាណ ៣ពាន់លានដុល្លារ។
ទីផ្សារអាមេរិក នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ដែលតំណាង ប្រមាណ ៤១ភាគនៃតម្លៃនាំចេញសរុប ១៣ ៧៦៩លានដុល្លារ ក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុង ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន ៤៧.៣ភាគរយ ចំពោះការនាំចូលពី អាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។
មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញមានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម។
ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន មានចំនួន ៧០១លានដុល្លារ, ប្រទេសកាណាដា មានចំនួន ៦៩០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។
គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាម៉េរិក មានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ៧ ៤៩០លានដុល្លារអាមេរិក ខណៈអាម៉េរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ៕