(សៀមរាប)៖ កាលពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤២ នៃក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (42nd HTLF-EI Meeting) នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Edi Prio Pambudi អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី និងមានការចូលរួមពីតំណាងក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់កម្ពុជាដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំនេះ ស្របពេលកម្ពុជាដើរតួនាទីជាប្រធានអាស៊ានឆ្លាស់វេនសម្រាប់ឆ្នាំ២០២២ ព្រមទាំងបានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានោះ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធានអង្គប្រជុំ និងគណៈប្រតិភូទាំងអស់ ដែលបានមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមផ្លាស់ប្តូរយោបល់ក្នុងកិច្ចពិភាក្សា និងបានផ្តល់បទអន្តរាគមន៍ក្នុងរបៀបវារៈសំខាន់ៗមួយចំនួន ហើយបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) របស់ក្នុងកម្ពុជា ស្ថិតនៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
ជារួមកិច្ចប្រជុំបានកត់សម្គាល់លើវឌ្ឍនភាពការងារសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានពិនិត្យ រួមជាមួយការផ្ដល់អនុសាសន៍ណែនាំបែបយុទ្ធសាស្រ្តលើរបៀបវារៈសំខាន់ៗ ដើម្បីរៀបចំជាអនុសាសន៍មួយចំនួនជូន កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (54th AEM Meeting and Related Meetings) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលក្នុងនោះមានរបៀបវារៈ ដូចខាងក្រោម៖
១. វឌ្ឍនភាពលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា
២. វឌ្ឍនភាពលើអនុសាសន៍នៃរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥
(AEC Blueprint 2025)
៣. ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥
៤. ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ASEAN Comprehensive Recovery Framework)
៥. ឯកសារទស្សនាទានស្តីពីអព្យាក្រឹតភាពកាបូន (Carbon Neutrality)
៦. ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ានជាមួយដៃគូអាស៊ាន
៧. ការត្រៀមរៀបចំសម្រាប់ភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ២០២៣
៨. បញ្ហាផ្សេងៗ ដូចជា (១) បដិវត្តន៍ឧស្សាហកម្ម៤.០ (២) ក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំ (Circular Economy) សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (៣) ផែនទីបង្ហាញផ្លូវបានដាស៊េរីបេហ្កាវ៉ាន់ (Bandar Seri Begawan Roadmap) (៤) Good Regulatory Practices និង (៥) ការវាយតម្លៃលើបញ្ហាថ្មីៗ ដែលកំពុងកើតមាននៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ានបូកមួយ (ASEAN Plus One FTAs)។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម