(ស៊ូដង់)៖ មន្ត្រីជាន់ខ្ពស់បាននិយាយថា មនុស្សជាង ៧៥នាក់បានស្លាប់ និងលំនៅឋានជាង ១២,០០០ខ្នងត្រូវបានបំផ្លាញ និងជាង ២ម៉ឺនខ្នងបានរងការខូចខាតដោយភ្លៀងធ្លាក់ និងទឹកជំនន់តាមរដូវកាលរបស់ប្រទេសស៊ូដង់។ រូបភាពពីយន្តហោះដ្រូនក្នុងខេត្ត Al-Jazirah បានបង្ហាញភូមិមួយ និងតំបន់ជុំវិញនោះបានជន់លិចដោយទឹកជំនន់។
លោក Abdul-Jalil Abdul-Rahim អ្នកនាំពាក្យក្រុមប្រឹក្សាជាតិ សម្រាប់ការពារជនស៊ីវិលរបស់ប្រទេសស៊ូដង់បាននិយាយថា កំណើនអ្នកស្លាប់ចាប់តាំងពីរដូវវស្សាចាប់ផ្ដើមក្នុងខែឧសភាមានចំនួន ៧៧នាក់។ កាលពីសប្តាហ៍មុន ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិបាននិយាយថា ពលរដ្ឋជាង ១៣៦,០០០នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ទីភ្នាក់ងាររំពឹងថាតួលេខនេះនឹងកើនឡើង ខណៈការរាប់ចំនួននៅតែកំពុងដំណើរការ ហើយភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានព្យាករណ៍។
រដូវវស្សារបស់ប្រទេសស៊ូដង់ជាធម្មតាមានរយៈពេលរហូតដល់ខែកញ្ញា ដោយទឹកជំនន់បានឡើងដល់ចំណុចខ្ពស់នៅមុនពេលនោះ។ កាលពីឆ្នាំមុន ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្សជាង ៨០នាក់ស្លាប់ និងបានធ្វើឲ្យជន់លិចលំនៅឋានរាប់ម៉ឺនខ្នងនៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២០ អាជ្ញាធរបានប្រកាសថា ប្រទេសស៊ូដង់ជាតំបន់គ្រោះមហន្តរាយធម្មជាតិ និងបានដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៣ខែនៅទូទាំងប្រទេស បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមនុស្សប្រមាណ ១០០នាក់ស្លាប់ និងជន់លិចលំនៅឋានជាង ១០ម៉ឺនខ្នង៕