(ប្រទេសវៀតណាម)៖ បាននាំចូលប្រេងឥន្ធនៈក្នុងចំនួនជាង៥លាន៦សែនតោន ដែលមានតម្លៃជិត៦ពាន់លានដុល្លារ គិតតាំងពីខែមករា មកទល់នឹងថ្ងៃទី២២ខែសីហាឆ្នាំនេះ ពោលគឺការនាំចូលមានការកើនឡើងជាងពាក់កណ្ដាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ ការនាំចូលប្រេងម៉ាស៊ូតគឺមានច្រើនជាងគេ ដែលមានដល់ទៅជាង ៣លានតោន។
កំណើននៃការនាំចូលប្រេងឥន្ធនៈ ត្រូវបានគេមើលឃើញថា វាឆ្លុះបង្ហាញឲ្យឃើញពីការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើររបស់វៀតណាម ក្រោយពីកូវីដ១៩ហាក់មានសភាពស្ងប់ស្ងាត់នៅមួយរយៈកន្លងមកនេះ គួបផ្សំនឹងគោលនយោបាយជំរុញការនាំចូលប្រេងរបស់រដ្ឋាភិបាលផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
ប្រទេសវៀតណាមមានការនាំចូលប្រេងដ៏គំហុកនៅជាងពាក់កណ្ដាលឆ្នាំ២០២២នេះ ដោយមានដល់ជាង៥លាន៦សែនតោន កើនដល់ទៅពាក់កណ្ដាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃសរុបជិត៦ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ប្រទេសកូរ៉េខាងត្បូង គឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏ធំជាគេសម្រាប់វៀតណាម ដោយមានបរិមាណនាំចូលដល់ទៅ ជាង២លានតោន កើនឡើងដល់ទៅ ៩២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីនេះ គឺម៉ាឡេស៊ីមានជាង៨១ម៉ឺនតោន និងសិង្ហបុរីមានជាង៧៥ម៉ឺនតោន។
គេនៅចាំបានថា កាលពីខែកុម្ភៈកន្លងទៅ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់គោលដៅឲ្យក្រុមហ៊ុនចែកចាយប្រេងសាំងចំនួន១០ក្រុមហ៊ុន បង្កើនការនាំចូលនៅក្នុងត្រីមាសទី២នៅឆ្នាំ២០២២ ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងសាំងនៅក្នុងស្រុក ពោលគឺនៅក្រោយពេលដែលមានការផ្ទុះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ក្នុងនោះដែរ ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់វៀតណាម គឺក្រុមហ៊ុនចម្រាញ់ប្រេង Nghi Son Refinery ដែលជាក្រុមហ៊ុនមានការផ្គត់ផ្គង់ប្រេងឥន្ធនៈបានប្រហែល១ភាគ៣នៃតម្រូវការក្នុងស្រុកនោះ ក៏បានសម្រេចចិត្តផ្អាកការនាំចេញប្រេងទៅក្រៅផងដែរ ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុកចាប់តាំងពីខែមេសា ដល់ខែឧសភាកន្លងមក។
តម្លៃប្រេងសាំងនៅវៀតណាម ត្រូវបានគេកត់សម្គាល់ឃើញថា បានហក់ឡើងរហូតដល់ទៅ ១៣ដង និងមានការធ្លាក់ចុះមកវិញ៧ដង បើគិតតាំងពីដើមឆ្នាំមកទល់នឹងថ្ងៃទី២២ខែសីហាឆ្នាំ២០២២។ ក្នុងនោះដែរ ឃើញថា ការធ្លាក់ចុះប្រេងសាំងនៅវៀតណាម គឺបានធ្លាក់ចុះ៥ដងជាប់គ្នាបើគិតតាំងពីដើមខែកក្កដា ដល់ថ្ងៃទី ២២សីហា បន្ទាប់ពីតម្លៃប្រេងសាំងកាលពីខែមិថុនាកន្លងទៅ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសវៀតណាម ពោលគឺមានដល់ទៅប្រហែល ១ដុល្លារ៤០សេន ឬស្មើនឹងតម្លៃជិត៥ពាន់៨រយរៀលក្នុងមួយលីត្រ។
ប៉ុន្ដែ តម្លៃប្រេងសាំងវៀតណាម នាពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះមកនៅត្រឹមតម្លៃប្រហែលជាង៤ពាន់៣រយរៀលប៉ុណ្ណោះក្នុងមួយលីត្រ។
បើទោះបីជា តម្លៃប្រេងសាំងបានធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែ គេសង្កេតឃើញថា អតិផរណានៅតែបន្ដមាន និងកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពរដ្ឋវៀតណាមនៅឡើយ។ ជាក់ស្ដែង តាមការសិក្សារបស់សារព័ត៌មាន VN Express បានរកឃើញថា តម្លៃម្ហូបអាហារ និងទំនិញប្រើប្រាស់ បានកើនឡើងប្រហែល១០% ទៅ១៥% ដោយក្នុងនោះ ទំនិញប្រេងឆា និងស្ករសគឺឡើងថ្លៃខ្លាំងជាងគេបំផុត។
យ៉ាងណាមិញ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ អតិផរណាដែលត្រូវបានកំណត់ដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើងជាង២,៥% បន្ថែមទៀត ខណៈដែលប្រទេសនេះ បានដាក់គោលដៅនឹងរក្សាកម្រិតអតិផរណាមកនៅត្រឹម៤%ជារៀងរាល់ឆ្នាំ៕