ចិន៖ CATL ជាអ្នកផលិតអាគុយឡានអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោកដែលមានទីតាំងនៅក្នុងប្រទេសចិន។ នៅក្នុងត្រីមាសទី២នេះ យោងតាមឯកសាររបស់ក្រុមហ៊ុន និងដោយការគណនារបស់ រ៉យទើរ បានឲ្យដឹងថា ចំណូលរបស់ក្រុមហ៊ុនមួយនេះបានកើនឡើងជាង ១៦៤% បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ។ ដោយក្នុងរយៈពេលបីខែក្រុមហ៊ុននេះរកចំណូលបាន ៦៤.២៤ពាន់លានយ័ន បើប្រៀបធៀបនឹងអំឡុងពេលដដែលកាលពីឆ្នាំទៅប្រាក់ចំណូលបានប្រមាណ ២៤.៩១ ពាន់លានយ័ន។
គិតពីខែមេសា ដល់ខែមិថុនាក្រុមហ៊ុនរទទួលបានផលចំណេញសុទ្ធសរុប ប្រហែល ៦.៦៨ ពាន់លានយ័ន ដែលប្រហែលនឹង ៩៧៤.៦១ លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា អតិថិជនចម្បងរបស់ក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីដ៏ធំនេះ មានដូចជា Tesla, Volkswagen និង BMW ដែលនាំឲ្យក្រុមហ៊ុនដ៏ធំរបស់ចិនមួយនេះ រកចំណូលបានប្រមាណជិត១ពាន់លានដុល្លារអាមេរិកត្រឹមរយៈពេល៣ខែ។
នៅប្រទេសចិន ការលក់រថយន្តអគ្គិសនីបានកើនឡើង ១២០% ក្នុងពាក់កណ្តាលឆ្នាំដំបូង ខណៈដែលការលក់របស់រថយន្តទូទៅធ្លាក់ចុះ ៦.៦% នេះបើយោងតាមសមាគមផលិតយានយន្តរបស់ចិន។
ទោះជាយ៉ាងណាក៏ដោយការឡើងថ្លៃនេះវត្ថុធាតុដើម ជាពិសេស លីចូម ក៏បានដាក់បន្ទុកលើប្រាក់ចំណេញសុទ្ធរបស់ការលក់អាគុយឡានអគ្គិសនីរបស់ក្រុមហ៊ុននេះដែរ។
ស្របពេលនេះ CATL បានប្រើវិធានការណ៍មួយចំនួនដើម្បីកាត់បន្ថយការឡើងតម្លៃថ្លៃដើមដូចជា ចុះកិច្ចសន្យារយៈពេលវែងជាមួយដៃគូរផ្តត់ផ្គង់, ប្រើប្រាស់វត្ថុធាតុកកើតឡើងវិញ, និងចរចារពីយុទ្ធសាស្ត្រតម្លៃជាមួយអ្នកផលិតរថយន្ត។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនមួយនេះកំពុងពិចារណាពង្រីកទីផ្សាររបស់ខ្លួនដោយការធ្វើកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយអតិថិជនមួយចំនួនទៀតដូចជា Mercedes-Benz និង BMW នៅអឺរ៉ុប ជាមួយនឹងក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក។
បច្ចុប្បន្ន CATL មានចំណែកទីផ្សារ ៣៤.៨% ក្នុងទីផ្សារពិភពលោក។ ខណៈ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមានចំណែកទីផ្សារ ១៤.៤ភាគរយ គឺតាមពីក្រោយក្រុមហ៊ុនចិនមួយនេះ៕
ប្រភពៈ CNA