ភ្នំពេញ៖ ស្របពេលដែលប្រទេសជាតិ មានស្ថេរភាពនយោបាយ និងសន្តិសុខសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេស មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបានជិត២ម៉ឺនគម្រោង (១៩ ៣២២ គម្រោង) លើផ្ទៃក្រឡាសំណង់ជាង៧១លានម៉ែត្រការ៉េ (៧១ ៤៥៩ ២៣៣ ម២) ដែលមានទុនវិនិយោគជាង៣១ពាន់លានដុល្លារ (៣១ ៤៨៤លានដុល្លារអាមេរិក)។
នេះបើតាមប្រសាសន៍ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល៥ឆ្នាំ (២០១៨-២០២២)។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គិតតែរយៈពេល៦ខែ ឆ្នាំ២០២២នេះ មានការវិនិយោគលើវិស័យសំណង់ ចំនួន២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ជាង២,៨លានម៉ែត្រការ៉េ (២ ៨៥៩ ៨៧៧ ម២) ដែលមានទុនវិនិយោគ១ ២០៦ លានដុល្លារអាមេរិក។
ក្នុងសន្និសីទដដែលនេះ លោក បានលើកឡើងដែរថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២នេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួនជិត៦ម៉ឺនគម្រោង (៥៧ ៥៩០គម្រោង) លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង១៦៦លានម៉ែត្រការ៉េ (១៦៦ ៦២៣ ៨៩១ ម២) និងទុនវិនិយោគសរុបប្រមាណជាង៦ម៉ឺនលានដុល្លារ (៦៦ ២០៥ លានដុល្លារអាមេរិក)។
ដោយឡែក គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី មានចំនួន៤៨២គម្រោង។ បានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន៣ ២៤៤ក្រុមហ៊ុន៕