កាលពីថ្ងៃពុធ ទី២៤ ខែសីហា ម្សិលម៉ិញនេះ តុលាការរដ្ឋធម្មនុញ្ញថៃ បានមូលមតិជាឯកច្ឆ័ន្ធក្នុងការសម្រេចផ្អាកមួយរយៈនូវតួនាទីជានាយករដ្ឋមន្ត្រីរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអ៊ូឆា ដោយត្រូវពិចារណាឡើងវិញលើរយៈពេលផុតកំណត់នៃអាណត្តិ៨ឆ្នាំក្នុងការកាន់តំណែងរបស់លោក ដោយការកំណត់ ៨ ឆ្នាំនេះ គឺជាថេរវេលាអតិប្បរមាសម្រាប់តំណែងនាយករដ្ឋមន្ត្រីដែលកំណត់ដោយរដ្ឋធម្មនុញ្ញឆ្នាំ២០១៧។ ដោយមតិខ្លះលើកថា លោក ប្រាយុទ្ធ ដល់ពេលកំណត់នៃអាណត្តិរបស់លោកហើយ ការលើកឡើងបែបនេះដោយគិតចាប់ពីពេលដែលលោកឡើងកាន់អំណាចភា្លមៗបន្ទាប់ពីរដ្ឋប្រហារកាលពីខែសីហា ឆ្នាំ២០១៤។ តែមតិផ្សេងទៀតបានលើកឡើងថា មាត្រាកំណត់រយៈពេល៨ឆ្នាំនេះ គឺចាប់មានសុពលភាព ក្រោយរដ្ឋធម្មនុញ្ញចូលជាធរមានក្នុងឆ្នាំ ២០១៧។ ក៏មានការបកស្រាយខ្លះទៀត អះអាងថា ចំណុចចាប់ផ្តើម នៃការកាន់មុខតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ របស់លោកប្រាយុទ្ធ គឺនៅឆ្នាំ២០១៩ ក្រោយលោកបានឈ្នះឆ្នោតដោយស្របច្បាប់។
ការពិចារណាចំពោះកាលបរិច្ឆេទផុតកំណត់របស់អាណត្តិនាយករដ្ឋមន្ត្រីរូបនេះអាចនឹងប្រើពេលប្រហែល១ខែ ដូច្នេះការវិនិច្ឆ័យអាចនឹងចេញមកនៅអំឡុងខែកញ្ញា។ ក្នុងអំឡុងពេលនេះ លោក ប្រៈវិត្ត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នឹងឡើងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ ភ្លាមនោះ ក៏មានសំនួរផ្សេងៗសួរថា តើនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននឹងមានសិទ្ធិអំណាចកម្រិតណា អាចរំលត់សភាបានទេ? ជាមួយគ្នានេះដែរ លោក វិស្ណ្ ឃ្រឿងង៊ាម ឧបនាយករដ្ឋមន្ត្រីមួយរួបទៀតបានបកស្រាយចំពោះចម្ងល់ទាំងនោះភ្លាមៗថា នាយករដ្ឋមន្ត្រីដែលមានតួនាទីរក្សាការពារតួនាទីនេះ គឺមានសិទ្ធអំណាចគ្រប់យ៉ាង រាប់តាំងពីការតែងតាំងផ្លាស់ប្តូរឬដកហូតតំណែង, ការចាត់ចែងថវិកាផ្សេងៗ និងអាចសម្បីតែរំលាយសភា។ ប៉ុន្តែគ្រាន់តែ ថាទោះរំលាយសភាក៏មិនមានប្រយោជន៍អ្វីដែរ។
ចំណែកងាកមកផ្នែកកិច្ចការផ្សេងៗ ជាពិសេសទាក់ទងនឹងសេដ្ឋកិច្ចវិញម្តង ព័ត៌មានមួយចំនួនបានបង្ហាញថា ការព្យួរតំណែងនាយរដ្ឋមន្ត្រីពេលនេះ មិនប៉ះពាល់ដំណើរការសេដ្ឋកិច្ចថៃនោះទេ ព្រោះថា រដ្ឋាភិបាលថៃមានគោលនយោបាយច្បាស់លាស់ និងប្រែប្រួល ជាពិសេសសម្រាប់អ្នកវិនិយោគ។
កាលពីថ្ងៃ ទី ២៤ ខែសីហា ម្សិលម៉ិញនេះដែរ លោកបណ្ឌិត សេដ្ឋភុទ្ធិ ស៊ុទ្ធិវ៉ាធនរឹទ្ធភុទ្ធិ ទេសភិបាលធនាគារជាតិថៃ បានបញ្ជាក់ថា “ដំណើរការនយោបាយហិរញ្ញគឺមានដំណើរការធម្មតា ដោយសេដ្ឋកិច្ចថៃមានមូលដ្ឋានច្បាស់លាស់ក្នុងការងើបឡើងវិញ ដោយសារការចាយវាយផ្សេងៗក្នុងប្រទេស និងមួយភាគទៀតដោយការប្រសើរឡើងវិញនៃវិស័យទេសចរណ៍”។ ជាការពិតណាស់ ការដែលឲ្យសេដ្ឋកិច្ចអាចងើបឡើងវិញ វាមិនងាយស្រួលនោះទេ ហើយប្រទេសនីមួយៗមានគោលនយោបាយទប់ទល់ជាមួយសេដ្ឋកិច្ចរៀងៗខ្លួន។ ដោយឡែក គន្លឹះសំខាន់នៃដំណើរការនយោបាយរបស់ប្រទេសថៃ គឺព្យាយាមរក្សាឲ្យអត្រាអតិផរណានៅទាប និងព្យាយាមរក្សាលំនឹងសេ្ថរភាពខាងតម្លៃ ព្រមទាំងធានាថាដំណើរការរូបិយប័ណ្ណមានភាពប្រក្រតី ដែលទាំងនេះនឹងអាចជួយឲ្យសេដ្ឋកិច្ចថៃងើបឡើងបានដោយរលូន។
ជាមួយគ្នានេះដែរ មិនទាន់មានពត៌មានថានឹងមានការផ្លាស់ប្តូរពេលវេលានៃកិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ខាងមុខនេះនៅឡើយទេ។ ដោយមានការបញ្ជាក់ថា ការព្យួរតួនាទីនាយករដ្ឋមន្ត្រីនេះ នឹងមិនប៉ះពាល់ដល់កិច្ចប្រជុំដ៏សំខាន់នេះទេ។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលម៉ិញនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ថៃ ក៏ទើបតែបានបញ្ជាក់ពីវិជ្ជមាននៃកំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំនេះ ដោយមានការរំពឹងទុកថា សេដ្ឋកិច្ចថៃនឹងមានការកើនឡើងប្រមាណជាចន្លោះ ពី ៣ ទៅ ៣.៥ភាគរយ។ ទស្សនៈវិជ្ជមាននេះ គឺដោយសារតែការកម្រើកឡើងវិញនៃវិស័យទេសចរណ៍របស់ថៃ។
ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ
ប្រភព៖ ថៃរ៉ាត់