Alynana Media Cambodia
Icon Collap
clinic narit

តម្លៃប្រេងពិភពលោកកើនឡើងដោយមានសញ្ញាណនៃកំណើនតម្រូវការ

Media LNN | Aug 26, 2022
តម្លៃប្រេងពិភពលោកកើនឡើងដោយមានសញ្ញាណនៃកំណើនតម្រូវការ
Clinic narith

តម្លៃប្រេងឆៅចាប់ផ្តើមកើនឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែមានសញ្ញានៃការកើនឡើងនូវតម្រូវការប្រេងឥន្ធនៈ។

តម្លៃប្រេងឆៅម៉ាក Brent របស់អង់គ្លេសបានកើនឡើង ៤៦សេន ឬ ស្មើនឹង ០.៥ភាគរយ ដោយគិតជាតម្លៃសរុបគឺ ៩៩.៨០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ ខណៈតម្លៃរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI)  បានកើនឡើង ៤៨សេន ឬ ស្មើនឹង ០.៥ភាគរយដូចគ្នា្ននឹងក្រុមហ៊ុនអង់គ្លេសដែរ តែគិតជាតម្លៃសរុបគឺ ៩៣.០០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។​ ជារួមតម្លៃប្រេងរបស់ក្រុមហ៊ុនទាំងពីរគឺកើនឡើង ២ ដុល្លារក្នុងមួយបារ៉ែលបើធៀបនឹងតម្លៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍តែមួយ។

មានការលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងនេះ ក្រៅពីដោយសារតែគម្រោងនៃការដំឡើងអត្រាការប្រាក់របស់អាមេរិកដើម្បីទប់ទល់នឹងអតិផរណាក្នុងប្រទេសខ្លួននោះ ហេតុផលមួយទៀត ក៏ដោយសារតែមានសញ្ញាណនៃការកើនឡើងនូវតម្រូវការប្រេងឥន្ធនៈរបស់ពិភពលោកដែរ។ អ្នកវិភាគបានឲ្យដឹងថា ដោយយោងតាមសន្ទស្សន៍នៃទិន្នន័យចរាចរណ៍ពី TomTom ដែលជាភ្នាក់ងារតាមដានលើចលនាចរាចរណ៍របស់ពិភពលោកនោះបានបង្ហាញថា នៅក្នុងសប្តាហ៍នេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, អឺរ៉ុប និងអាមេរិកខាងជើង កម្រិតនៃការធ្វើចរាចរគឺមានការកើនឡើងខ្លាំង ដែលទិន្នន័យនេះអាចនាំឲ្យអ្នកវិភាគធ្វើការសន្និដ្ឋានថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក៏មានកើនឡើងដែរ។ ជាមួយគ្នានេះដែរ ចលនាចរាចរណ៍របស់ប្រទេសចិនក៏បានចាប់ផ្តើមត្រលប់មករកសភាពមមាញឹកវិញដែរ។

ជាមួយគ្នានេះដែរ ក៏មានតម្រុយថា ប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់ក៏នឹងអាចត្រលប់ចូលទីផ្សារសកលលោកដូចធម្មតាវិញ។ ខណៈដែលអ៊ីរ៉ង់កំពុងពិនិត្យមើលការឆ្លើយតបរបស់អាមេរិកទៅកាន់សហភាពអឺរ៉ុបចំពោះសេចក្តីព្រៀងចុងក្រោយលើកិច្ចព្រមព្រៀងដើម្បីវិលត្រឡប់ទៅអនុវត្ដតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញជាថ្មី។ សហភាពអឺរ៉ុបសង្ឃឹមថានឹងមានការឆ្លើយតបឆាប់ៗ តែក៏មិនច្បាស់ថា អ៊ីរ៉ង់អាចត្រលប់នាំចេញប្រេងបានលឿនប៉ុណ្ណាដែរ បើទោះជាកិច្ចព្រមព្រៀងនោះបានសម្រេចជាស្ថាពរក៏ដោយ។ បើការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់នោះត្រូវបានលើកលែងពិតមែន វាត្រូវការពេលប្រហែល១ឆ្នាំកន្លះទើបអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតឲ្យបានប្រេង ៤លានបារ៉ែល ក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ អង្គការនៃក្រុមប្រទេសនាំចេញប្រេងដែលហៅកាត់ថា អូប៉ិក (OPEC) នឹងពិចារណាលើកែប្រែចំនួននៃការផលិតដើម្បីកឲ្យមានសមាត្រនៅពេលដែលមានការបន្ថែមបរិមាណប្រេងពីអ៊ីរ៉ង់។ គួររំឭកផងដែរថា នាដើមសប្តាហ៍នេះ ប្រទេសសោឌីអារ៉ាប៊ីក៏បានលើកពីភាពដែលអាចទៅរួចក្នុងកាត់បន្ថយការផលិតប្រេងជារួមផងដែរ។

ប្រភព៖ ស៊ីអិនអេ

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ