Alynana Media Cambodia
Icon Collap
clinic narit

គុណធម៌របស់អ្នកជំនាញក្នុងវិស័យសុខាភិបាល

Media LNN | Aug 28, 2022
គុណធម៌របស់អ្នកជំនាញក្នុងវិស័យសុខាភិបាល
Clinic narith

អ្នកជំនាញវេជ្ជសាស្ត្រនៅទីនេះ នឹងរួមបញ្ចូល៖ និស្សិតកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រគ្រប់ជំនាញ, មន្ត្រី-បុគ្គលិកក្នុងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលគ្រប់ជាន់ថ្នាក់, សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ, អ្នកបង្កើត-រៀបចំផែនការអបរំបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រសុខាភិបាល, អ្នកស្រាវជ្រាវ, បុគ្គលជំនាញវិទ្យាសាស្ត្រសុខាភិបាល, គិលានុបដ្ឋាក, គ្រូពេទ្រ និងវេជ្ជបណ្ឌិតគ្រប់ផ្នែក...។ ជាបឋម គួរំឭកឡើងវិញនូវនិយមន័យ ឬ អត្ថន័យនៃ ពាក្យ “គុណធម៌” តាម វចនានុក្រម សម្តេចជួន ណាត ៖

គុណធម៌ (នាម) ធម៌ដែលមានដំណើរចម្រើនសេចក្តីសុខទុក្ខតាមជាន់ថ្នាក់ (បានខាងអំពើល្អអាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ), សេចក្តីល្អ, សេចក្តីបរិសុទ្ធ, សេចក្តីអាណិត,​ ប្រណី,...

ការងាររបស់គ្រូពេទ្យម្នាក់គឺតាមដាន, វិភាគ និងព្យាបាល អ្នកជំងឺរបស់ខ្លួន។ ប៉ុន្តែ គ្រូពេទ្យ​ ឬ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ឬ បុគ្គលបម្រើក្នុងវិស័យសុខាភិបាល ដ៏ល្អម្នាក់ គឺជាអ្នកដែលរើសយកជំនាញនេះ ដោយទឹកចិត្តស្រលាញ់មនុស្សជាតិ។​ ដូចនេះ មិនត្រឹមតែការពិនិត្យ និងព្យាបាលនោះទេ ការផ្សព្វផ្សាយ និងណែនាំពីវិធីថែរក្សាសុខភាព និងការពារពីការឆ្លងជំងឺផ្សេងៗគឺជា តួនាទីចម្បង ដូច សុភាសិតមួយតែងលើកថា “ការពារប្រសើរជាងព្យាបាល” ព្រោះការពារសុខមាលភាពសាធារណៈ គឺជាគុណធម៌ របស់អ្នកដែលស្រលាញ់សមនុស្សជាតិពិតប្រាកដ។ 

តើគុណធម៌ជាមូលដ្ឋានរបស់គ្រូពេទ្យ​ ឬ អ្នកជំនាញពាក់ព័ន្ធក្នុងវិស័យសុខាភិបាលដ៏ល្អម្នាក់ មានអ្វីខ្លះ?

១. ឧត្តមភាព៖ ភាពល្អវិសេសនៃសមត្ថភាព ចំណេះដឹង,និងបទពិសោធន៍ទាក់ទងនឹងជំនាញរបស់ខ្លួន។ ឧត្តមភាពនៃជំនាញ គឺរួមបញ្ចូលតាំងពី ភាពត្រឹមត្រូវជាក់លា់នៃវិធីសាស្ត្រ ក្នុងការធ្វើរោគវិនិច្ឆ័យ, ការរកនិងផ្តល់ដំណោះស្រាយដែលសមរម្យ, ព្រមទាំងមានគោលការណ៍ក្នុងការសម្រេចចិត្តនៃវិធីព្យាបាលដោយមានប្រសិទ្ធភាព។

២. មេត្តាធម៌៖ សេចក្តីមេត្តាគឺជាមូលដ្ឋាននៃទំនាក់ទំនងរវាងអ្នកជំងឺ និងគ្រូពេទ្យ។ មេត្តាធម៌ គឺជាគុណសម្បត្តិសំខាន់ជាង គេបំផុតសម្រាប់គ្រូពេទ្យដែលជោគជ័យម្នាក់។​ជាទូទៅ អ្នកជំងឺគឺតែងតែមានការ ព្រួយបារម្ភ និង នឿយហត់ដោយសារតែការឈឺចាប់ ឬ ដោយសារជំងឺរបស់ខ្លួន ហេតុដូចនេះ ពួកគេគឺត្រូវការអ្នកជុំវិញខ្លួនយល់ចិត្ត និងយល់ពីបញ្ហាដែលគេកំពុងតែជួប ហើយសង្ឈឹមថា គ្រូពេទ្យនឹងអាចយោគយល់ និងជួយពួកគេឲ្យឆ្លងកាត់ការលំបាកនោះបាន។

៣. ភាពស្មោះត្រង់ឥតលាក់លាម៖ ភាពស្មោះត្រង់គឺជាគុណតម្លៃមួយនៃអ្នកជំនាញវេជ្ជសាស្ត្រសម័យទំនើប។ អ្នកជំងឺត្រូវការដឹងពី អាការៈជំងឺ របស់ខ្លួនជាចាំបាច់ ហើយពួកគេតែងតែចចេសចង់ដឹងការពិត។ បើសិនមិនប្រាប់ការពិត អ្នកជំងឺអាចបាត់បង់ទំនុកចិត្ត ចំពោះគ្រូពេទ្យ។ គ្រូពេទ្យត្រូវតែមានភាពស្មោះត្រង់ប្រាប់ពីអាការៈរបស់អ្នកជំងឺបើទោះជាផលវិបាកនៃ របួសខ្លះបានកើតឡើងដោយ សារតែ ការព្យាបាលក៏ដោយ មិនត្រូវលាក់បាំងកំហុសរបស់ខ្លួន ឬ ក៏ផលប៉ះពាល់ដែលនឹងកើតឡើង ក្រោយការព្យាបាលណា មួយនោះទេ។

៤. ភក្តីភាព៖ គ្រូពេទ្យ ឬ អ្នកជំនាញវេជ្ជសាស្ត្រដែលល្អប្រសើរក្នុងសម័យបច្ចុប្ប​ន្នមិនធ្វើការម្នាក់ឯងនោះទេ។ ការថែទាំវេជ្ជសាស្ត្រ សម័យនេះ គឺត្រូវធ្វើការជាក្រុម។ ភក្តីភាព ក្នុងការងារក្រុមគឺភាពស្មោះត្រង់ក្នុងទំនាក់ទំនងមិត្តភាព, ការគាំទ្រ និងការណែនាំ។ ភក្តីភាពនេះ នឹងជួយឲ្យមានសាមគ្គីភាពល្អ នាំឲ្យមានការគោរពគ្នាទៅវិញទៅមក ការគោរពចំពោះគ្រូ និងរៀមច្បង ទង្វើរនេះក្លាយជាគម្រូដល់អ្នកជំនាន់ក្រោយទៀតផង។ ចំណេះដឹង និងការណែនាំផ្សេងៗនឹងត្រូវបានចែកចាយបន្ត។


អត្ថបទដោយ៖ សូរីយ៉ាភ័ណ្ឌ