(ភ្នំពេញ)៖នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងថ្ងៃចុងសប្តាហ៍ទី១ដើមខែកញ្ញា គឺនៅថ្ងៃទី៣-៤ ខែកញ្ញា ដែលមានភ្ញៀវសរុបមានចំនួន ២០២,៦៣៦ នាក់ ក្នុងនោះភ្ញៀវជាតិ មាន ១៨៣,២៧៦នាក់ ស្មើនឹង៩០% និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់ ស្មើនឹង១០%។
ក្នុងចំនួនភ្ញៀវសរុបនោះបានបែងចែកចំនួនភ្ញៀវតាមគោលដៅទេសចរណ៍សំខាន់ៗ ចំនួន៨ ដូចជា ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តសៀមរាប, ខេត្តបាត់ដំបង, រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកែប។ ដែលក្នុងចំណោមគោលដៅទេសចរណ៍ទាំង៨នេះ ខេត្តបីដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តព្រះសីហនុ ដែលមានភ្ញៀវទេសចរ ២៩,១៦១នាក់ ស្មើនឹងប្រមាណ ១៩%នៃចំនួនសរុប, ចំណែកខេត្ត កំពត បានទទួលភ្ញៀវទេសចរណ ២៨,០២២នាក់ ស្មើនឹងប្រមាណ ១៨% រីឯខេត្តសៀមរាប មានភ្ញៀវទៅកម្សាន្តចំនួន ២៤,៨៤៩នាក់ ស្មើនឹង ១៦%នៃចំនួនទេសចរ សរុបជាង២០ម៉ឺននាក់។ សម្រាប់ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ មានចំនួនទេសចរប្រហាក់ប្រហែលគ្នាដោយ ខេត្តបាត់ដំបងមានចំនួនទេសចរ ១៧,២៩០នាក់ស្មើនឹង ១១,៣% ខណៈរាជធានីភ្នំពេញមានទេសចរចំនួន ១៦,៨ភាគរយស្មើនឹង ១០,៩%។ ខេត្តដែលនៅជិតរាជធានីភ្នំពេញដូចជាខេត្តកណ្តាលក៏បានទទួលទេសចរចំនួន ១៤,៥៨៤នាក់ ស្មើនឹង៩,៥% និងខេត្តកំពង់ស្ពឺមានចំនួនទេសចរចំនួន ១១,៧៦០ ស្មើនឹង ៧,៧ភាគរយ ឯខេត្តដែលមានភាគរយនៃចំនួនទេសចរតិចជាងគេក្នុងសប្តាហ៍ទី១នៃខែកញ្ញានេះ គឺខេត្តកែប ដោយខេត្តតូចនៃតំបន់សមុទ្រមួយនេះទទួលបានទេសចរ១០,៩១៩នាក់ ស្មើនឹង៧% ដែលចំនួននេះក៏មិនមែនមានជាចំនួនតិចពេកដែរ។
យ៉ាងណាម៉ិញ តួលេខខាងលើ មានការថមថយប្រមាណ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។
ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាននិងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។
រូមជាមួយគ្នានេះ ក្រសួងទេសចរណ៍ និងក្រុមមន្ត្រីជំនាញនៅតែបន្តអនុវត្ត និងស្វះស្វែងរកវិធីសាស្ត្រក្នុងការរៀបចំ គ្រប់គ្រង អភិវឌ្ឍ ដើម្បីពង្រឹង និងស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែរីកចម្រើនជាលំដាប់។
អត្ថបទ៖ សូរីយ៉ាភ័ណ្ឌ