បរទេសៈ ក្រុមប្រទេសអ្នកនាំចេញប្រេងធំៗ និងប្រទេសជាសម្ព័ន្ធមិត្តរបស់គេដែលហៅកាត់ថា OPEC+ ដោយមានការដឹកនាំដោយរុស្សី កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានព្រមព្រៀងគ្នាក្នុងការកាត់បន្ថយបរិមាណនៃការផលិតប្រេងប្រចាំថ្ងៃក្នុងចំនួនដ៏តូចមួយ។ ការកាត់បន្ថយនេះ ក្នុងគោលបំណងជួយទប់លំនឹងកុំឲ្យមានការធ្លាក់ចុះខ្លាំងនៃសេដ្ឋកិច្ចពិភពលោក។
ក្រុមប្រទេសអ្នកផលិតប្រេង នឹងកាត់បន្ថយការផលិតប្រេចំនួន ១សែន បារ៉ែលក្នុងមួយថ្ងៃ ដែលចំនួននេះគិតទៅប្រហែលជា ០.១% នៃបរិមាណតម្រូវការប្រេងរបស់ពិភពលោកតែប៉ុណ្ណោះ។ ការកាត់បន្ថយនេះនឹងធ្វើក្នុងខែតុលា។
បន្ទាប់ពីការសម្រេចនេះហើយ តម្លៃប្រេងឆៅក៏ចាប់ផ្តើមមានការប្រែប្រួលភ្លាមៗនៅថ្ងៃអង្គារនេះ ដោយប្រេងឆៅរបស់អង់គ្លេស Brent Crude Futures បានធ្លាក់ចុះ ៨១ សេន ស្មើនឹង ០.៩% នាំឲ្យតម្លៃប្រេងនៅសល់ត្រឹម ៩៤.៩៣ដុល្លារ ក្នុងមួយបារ៉ែល ដោយឡែកសម្រាប់ តម្លៃប្រេងរបស់ក្រុមហ៊ុន អាមេរិក US West Texas Intermediate មានការកើនឡើងបន្តិចវិញបើប្រៀបធៀបនឹងតម្លៃប្រេងកាលពីថ្ងៃច័ន្ទ ដោយតម្លៃប្រេងសម្រាប់ថ្ងៃអង្គារនេះ មានតម្លៃ ៨៨.៥៧$ក្នុងមួយបារ៉ែល។
ក្រុមអ្នកវិភាគបានលើកឡើងថា ការសម្រេចកាត់បន្ថយបរិមាណផលិតប្រេងលើកនេះគឺវានៅមានចំនួនតិចតួចមែនទែន ប៉ុន្តែវាជាការបង្ហាញឲ្យដឹងថា អង្គការនៃក្រុមប្រទេសអ្នកនាំចេញ និងសម្ព័ន្ធមិត្ត មានការយកចិត្តទុកដាក់ខ្ពស់ និងមានការសង្កេតយ៉ាងល្អិតល្អន់ចំពោះតម្រូវការប្រេងប្រចាំថ្ងៃរបស់ពិភពលោក ហើយអង្គការនេះព្យាយាមក្នុងការថែរក្សាស្ថេរភាពនៃតម្លៃប្រេងឲ្យស្ថិតនៅកម្រិតទាបមួយ។ គួរបញ្ជាក់ដែរ ការថយនៃបរិមាណតម្រូវការប្រេងគឺមួយជ្រុងអ្នកវិភាគបានផ្តោតទៅលើការបិទខ្ទប់ជាថ្មីនៃទីក្រុងមួយចំនួនរបស់ប្រទេសចិននៅពេលថ្មីៗនេះ។ ដែលនេះក៏ជាហេតុដែលបណ្តាលឲ្យតម្រូវការប្រេងសកលលោកមានការប្រែប្រួលដែរ៕