បរទេសៈ របាយការណ៍បង្ហាញថា រុស្សីអាចរកចំណូលបានប្រមាណ ១៥៨ ពាន់លានដុល្លារដុល្លារអាមេរិកក្នុងពេលសង្គ្រាមជាមួយអ៊ុយក្រែននេះ
យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Think Tank បានឲ្យដឹងថា រុស្សីបានរកចំនូលជាង ១៥៨ ពាន់លានដុល្លារអាមេរិកតាមរយៈការនាំចេញថាមពល បន្ទាប់ពីខ្លួនបានធ្វើការចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែនក្នុងរយៈពេល ៦ ខែនេះ។
មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត បានអំពាវនាវឲ្យមានការចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមានប្រសិទ្ធភាពជាងនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូចំពោះការឈ្លានពានរបស់ប្រទេសមហាអំណាចមួយនេះទៅលើប្រទេសអ៊ុយក្រែន។
អង្គការមួយដែលមានមូលដ្ឋាននៅប្រទេសហ្វាងឡង់ដ៍បានឲ្យដឹងថា បើមើលតាមតម្លៃប្រេងឥន្ធនៈនាពេលបច្ចុបន្នអាចសន្និដ្ឋានបានថា ចំណូលរបស់រុស្សីនៅពេលនេះគឺមានការកើនឡើងជាងឆ្នាំមុនឆ្ងាយ បើទោះជាបរិមាណនៃការនាំចេញមានការធ្លាក់ចុះក៏ដោយ។
តម្លៃឧស្ម័នធម្មជាតិនាពេលថ្មីៗនេះក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរនៅតំបន់អឺរ៉ុប ដោយសារតែការផ្អាកការផ្គត់ផ្គង់របស់រុស្សី។ ខណៈតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ភា្លមៗបន្ទាប់ពីមានការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ។
គួរបញ្ជាក់ដែរថា ប្រទេសដែលត្រូវការនាំចូលប្រេងពីរុស្សីច្រើនជាងគេគឺប្រទេសនៅតំបន់អឺរ៉ុប ដោយទំហំនៃការនាំចូលគឺមានចំនួនទឹកប្រាក់ប្រមាណ ៨៥.១ពាន់លានអឺរ៉ូ ខណៈដែលប្រទេសចិនគឺជាទីផ្សារធំបន្ទាប់ ដោយក្នុងចំនួនទឹកប្រាក់ ៣៤.៩ពាន់លានអឺរ៉ូ ចំណែកទីផ្សារធំទី៣របស់រុស្សីគឺប្រទេសទួរគី ដែលការនាំចូលប្រេងមានទំហំទឹកប្រាក់ ១០.៧ពាន់លានអឺរ៉ូ។