បរទេសៈ ដោយទទួលស្គាល់ពីតម្រូវការក្នុងការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលជាឧបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចឌីជីថល។
ដោយផ្អែកទៅលើគោលនយោបាយនោះ ប្រទេសថៃបានអនុវត្តយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍកម្លាំងការងារឌីជីថល និងបង្កើតសហគមន៍ឌីជីថលនៅទូទាំងប្រទេស។
ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ បានអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅទូទាំងប្រទេស ជាពិសេសការដំឡើងការបញ្ជូនប្រព័ន្ធអ៊ីនធើណេតល្បឿនលឿនដោយខ្សែកាបអុបទិកនៅតាមភូមិនានា។
លើសពីនេះទៀត ប្រទេសថៃក៏បានពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។
បច្ចុប្បន្ននេះ ឧស្សាហកម្មឌីជីថលរបស់ប្រទេសនេះមានតម្លៃសេដ្ឋកិច្ច ៦០០ប៊ីលានបាត (ប្រមាណជិត ១៧ប៊ីលានដុល្លារអាម៉េរិក) ហើយកំពុងបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស៕