(កម្ពុជា)៖ នៅរយៈពេល ៨ខែដំបូង ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានចំនួនជាង ៣រយលានដុល្លារ មានការកើនជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូ អះអាងថា ខ្សែចង្វាក់ផលិតកម្មដំណាំកៅស៊ូនាពេលបច្ចុប្បន្ន នៅតែមានជួបបញ្ហាប្រឈមមួយចំនួន រួមទាំងស្ថានភាពទីផ្សារ និងតម្លៃកៅស៊ូមិនមានស្ថិរភាពជាដើម។
ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារ និងតម្លៃនៃការនាំចេញកៅស៊ូ នាពេលបច្ចុប្បន្ន ហាក់មានការថយចុះជាងឆ្នាំមុន ពោលគឺ តម្លៃលក់ជ័រកៅស៊ូ គិតចាប់ពីខែមករាឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២២ មានតម្លៃជាមធ្យម ១៥៥៣ ដុល្លារក្នុងមួយតោន ថយចុះ ១៩៩ ដុល្លាក្នុងមួយតោន ឬស្មើនឹងអត្រាធ្លាក់ចុះ ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក តម្លៃលក់ជ័រកៅស៊ូជាមធ្យមគិតក្នុងខែសីហា មានតម្លៃ ១៤៣១ ដុល្លាក្នុងមួយតោន បានថយចុះចំនួន ៨៣ដុល្លារក្នុងមួយតោន ស្មើនឹងជាង ៥% ធៀបនឹងខែមុន និងបានថយចុះចំនួន ២៣៩ដុល្លារក្នុងមួយតោន ស្មើនឹង១៤%ធៀបនឹងតម្លៃកាលពីខែសីហាឆ្នាំមុន។
តម្លៃកៅស៊ូមិនមានស្ថិរភាព នៅតែបន្តធ្លាក់ចុះនេះ ត្រូវបាន ឯកឧត្តម ហ៊ឹម អូន បានបញ្ជាក់ថា ដោយសារកត្តាមួយចំនួនបណ្តាលមកពីវិបត្តិមសេដ្ឋកិច្ចសកល ការប្រែប្រួលតម្លៃថាមពល អតុល្យភាពរវាងការផ្គត់ផ្គងនិងតម្រូវការ និងការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកជាដើម។ ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា វៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។
ជាមួយគ្នានេះ លោក ម៉ែន សុភក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានគូសបញ្ជាក់ដែរថា តម្លៃកៅស៊ូមានការធ្លាក់ចុះខ្លាំងនៅរយៈពេលចុងក្រោយនេះ ហើយការបញ្ជាទិញក៏ហាក់មានការធ្លាក់ចុះផងដែរ ពោលគឺនៅរយៈពេល២ខែចុងក្រោយនេះ តម្រូវការបញ្ជាទិញកៅស៊ូមានការថយចុះប្រមាណជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ចំពោះការដាំដុះ និងការប្រមូលផលការចៀរជ័រកៅស៊ូនៅរយៈពេល២ខែចុងក្រោយនេះ ក៏មានបញ្ហាប្រឈមដោយសារបញ្ហាទឹកភ្លៀង ដែលធ្វើឲ្យបាត់បង់ទិន្នផលច្រើន ខណៈបូករួបទាំងតម្លៃធាក់ចុះទៀតនោះ បានធ្វើឲ្យម្ចាស់ចម្ការកៅស៊ូមួយចំនួនធំ ទាំងលក្ខណៈគ្រួសារ និងក្រុមហ៊ុនហាក់មានការខាត់បង់ប្រាក់ចំណូលផងដែរ។ ទោះយ៉ាងណា លោក ម៉ែន សុភក្រ្ត នៅតែមានក្តីរំពឹងថា នៅចុងឆ្នាំ២០២២នេះ ការបញ្ហាទិញកៅស៊ូកម្ពុជា ក៏ដូចជាតម្លៃនាំចេញ នឹងមានភាពល្អប្រសើរកើនឡើងវិញ។
សូមជម្រាបថា ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់សរុបជាង ៣រយលានដុល្លារ មានការកើនជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួនជិត ២៤៧លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕