ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធនិងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា “ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់ នៅមានភាពផុយស្រួយនៅឡើយ ដោយសារបញ្ហា ប្រឈមថ្មីៗ ដូចជាការកើនឡើងនៃសេចក្ដីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់”។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធនិងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល ៖ការស្ដារសេដ្ឋកិច្ចឡើងវិញ និង កំណើនប្រកបដោយចីរភាព» រាជធានីភ្នំពេញ ថ្ងៃទី ១២-១៦ ខែ កញ្ញា ឆ្នាំ ២០២២ តាមប្រព័ន្ធវីអេដូថតទុកជាមុន សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងស្ថិតនៅ និងឆ្លងកាត់នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណបាន ។ ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានា នៅជុំវិញពិភពលោកបានបើក ដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្ដើរៗក៏ដោយ ក៏ការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចហាក់នៅមានភាពផុយស្រួយនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ។
« ការកើនឡើងនៃ សេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារ កណ្ដាលនៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល ។ ជាមួយគ្នាដែរ ការប្រែប្រួលអាកាសធាតុការកើនឡើងកម្ដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល »។
សម្តេចតេជោ បានបញ្ជាក់ថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាលថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ ។ ក្នុងស្មារតីនេះ ក្នុងនាមជាប្រធានថាមពលអាស៊ាន ក្នុងឆ្នាំ ២០២២ កម្ពុជាបានកំណត់មូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» សំដៅជំរុញការចូលរួម ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់បន្ថែម លើការពន្លឿនអន្តរកាលថាមពល ឆ្ពោះទៅរកវិបុលភាពរួមមួយ ដែលមានភាពប្រាកដនិយម ៕
ប្រភព៖ ក្រសួងព័ត៌មាន