(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាមានហានិភ័យ បណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបម្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមក លើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩ ៨៧៩.១៤ប៊ីលានរៀល (ប្រមាណជា ២ ៤៣៩.២៩ លានដុល្លារ) ស្មើនឹង ៨៦.៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ១៣៨.៨៦ ប៊ីលានរៀល (ប្រមាណជា ៥២៨.១១ លានដុល្លារ) ស្មើនឹង ២៧.៦៦%។
ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកញ្ញានេះ។
ប្រការគួរកត់សម្គាល់ អំពីស្ថានភាពនៃកំណើនចំណូលពន្ធ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ រួមមាន៖
* កំណើនចំណូលពន្ធគឺលទ្ធផលកំណែទម្រង់ពន្ធដារ ប្រព័ន្ធពន្ធដាររឹងមាំជាងមុន និងការបង់ពន្ធមានតម្លាភាពជាងមុន៖ ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងកៀរគរចំណូលពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filling App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា
* សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ (Call Center 1277, GDT Live Chat, E-Mail, GDT News Channel) បានឆ្លើយតបចំពោះកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងផ្សព្វផ្សាយនូវបច្ចុប្បន្នភាពថ្មីៗអំពីពន្ធដារជូន អ្នកជាប់ពន្ធ និងសាធារណៈជនទូទៅ
* សេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា (E-Tax Service) បានដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ
* ការអនុវត្តការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) ជាយន្តការពង្រឹងតម្លាភាព និងការប្រកួតប្រជែងដោយស្មើរភាពគ្នា ហើយបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលពន្ធពីវិស័យនេះ ដែលជាក់ស្តែង ចំណូលពន្ធពីកម្មន្តកាលផលិតភេសជ្ជៈ (ផលិតស្រាបៀរនិងភេសជ្ជៈគ្មានជាតិសុរា) ក្នុងខែសីហា ឆ្នាំ២០២២ សម្រេចបាន ៨៦,៣០ ប៊ីលានរៀល កើនឡើង ៩២,២២% ធៀបនឹងខែសីហា ឆ្នាំ២០២១ និងក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ សម្រេចបាន ៩៨៤,៦៣ ប៊ីលានរៀល កើនឡើង ១៧២,២៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១
* ប្រព័ន្ធពន្ធដាររឹងមាំជាងមុន និងការបង់ពន្ធមានតម្លាភាពជាងមុន ធ្វើឱ្យចំណូលតាមប្រភេទពន្ធសំខាន់ៗបន្តរក្សាកំណើន ខណៈមូលដ្ឋានពន្ធនៅដដែល ហើយសហគ្រាសស្ថិតក្នុងវិស័យរងផលប៉ះពាល់ពីកូវីដ-១៩ ត្រូវបានបន្តលើកលែងពន្ធ ដោយបន្តអនុវត្តនូវសេចក្តីណែនាំជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាអំពី វិធានការបន្ថែមសម្រាប់គ្រប់គ្រងផលប៉ះពាល់និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច
* ការពង្រឹងយន្តការ Cross Check បានរកឃើញនូវសក្តានុពលនៃប្រភពចំណូលពន្ធ ដែលកន្លងមកសហគ្រាសមួយចំនួន ស្ថិតនៅជាអ្នកជាប់ពន្ធតូច ប្រកាសចំណូល និងបង់ប្រាក់ពន្ធទាប ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពចំណូលជាក់ស្តែង ដែលមានផលរបរធំសមិទ្ធិផលការងារសំខាន់ៗ សម្រេចបានក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២៕