Alynana Media Cambodia
Icon Collap
clinic narit

តួកគីប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយកម្ពុជានាពេលខាងមុខ

Admin Alynana | Sep 16, 2022
តួកគីប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយកម្ពុជានាពេលខាងមុខ
Clinic narith

ភ្នំពេញ៖ បើតាមក្រសួងទេសចរណ៍ កម្ពុជា-តួកគី សុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ ការសន្យានេះធ្វើឡើងនាឱកាសដែលលោកជំទាវ អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ចូលជួបពិភាក្សាការងារជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

នៅក្នុងឱកាសនោះ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍នោះគឺផ្ដោតលើការជំរុញចលនាទេសចរទៅវិញទៅមក ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។ ដោយឡែក ភាគីកម្ពុជា-តួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោកជំទាវ អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។ លោកស្រីបានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។

ពិសេសជាងនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ពណ៌បៃតង (Green Pass) ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ/ចូលរបស់ភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំងពីរ។ ក្រៅពីនេះ កិច្ចព្រមព្រៀងក៏ផ្ដោតលើការជំរុញអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ខណៈតួកគីគឺមានអ្នកវិនិយោគច្រើនដែរ ហើយកម្ពុជា-តួកគីក៏ត្រូវបន្តការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីរាជការប្រទេសទាំងពីរជាដើម៕