ភ្នំពេញៈ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ នឹងបើកឱ្យរថយន្តទូទៅអាចធ្វើចរាចរណ៍បាននៅថ្ងៃទី១ ខែតុលានេះ ដោយមិនមានការបង់ប្រាក់រយៈពេលមួយខែតុលាពេញតែម្ដង។ ការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធអញ្ជើញត្រួតពិនិត្យពីវឌ្ឍនភាពផ្លូវល្បឿនលឿនដំបូងមួយនេះ មុននឹងពិធីប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿននេះនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាហក់ឡើងបន្ថែមទៀត រួមទាំងកាត់បន្ថយពេលវេលាធ្វើដំណើរ និងថវិការបស់អ្នកបើកបរ បើប្រៀបនឹងការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ មានប្រវែងប្រមាណ ១៨៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ២,០១៩លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាផ្លូវមានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាក ចំនួន៣កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន ៤០កន្លែង ស្ពាន តូច ចំនួន ៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះមានខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ៕