អាមេរិក៖ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធ ទី២១ ខែកញ្ញា បាន កំណត់ដំឡើងអត្រាការប្រាក់បន្ថែម និងលើកឡើងថា ការដំឡើង បែបនេះអាចនឹងមានបន្តទៀត ដើម្បីប្រយុទ្ធនឹងកំណើននៃតម្លៃ ទំនិញ លើទីផ្សារ។ ការដំឡើងអត្រាការប្រាក់នាពេលនេះ បង្កើតក្តីបារម្ភថែម ទៀតចំពោះការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។
របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា តម្លៃរបស់មាសកំពុងបន្តធ្លាក់ចុះជាខ្លាំង ខណៈនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ វាមានតម្លៃត្រឹមតែ ១,៦៥៩ដុល្លារក្នុងមួយអោន (មួយតម្លឹង ១,៩៩៨ដុល្លារ) តែប៉ុណ្ណោះ ក្នុងនោះអ្នកជំនាញបានលើកឡើងថា មូលហេតុដែលធ្វើឱ្យមាសធ្លាក់ថ្លៃគឺព្រោះតែ អាមេរិកដំឡើងអត្រាការប្រាក់ និងប្រាក់ដុល្លារឡើងថ្លៃ។
លោក Jerome Powell អគ្គទេសាភិបាលធនាគារកណ្តាលអាមេរិក បានព្រមានថាដំណើរការគ្រប់គ្រងលើអតិផរណា ដែលឡើងខ្ពស់ បំផុត ក្នុងរយៈពេល ៤០ឆ្នាំនឹងមានការឈឺចាប់មួយចំនួន។
គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) បានដំឡើង អត្រាការប្រាក់ជាលើកទី៣ ដែលមានកម្រិត ០.៧៥ពិន្ទុ។
ការដំឡើងនាពេលនេះ បានជំរុញឲ្យអត្រាការប្រាក់គោលកើន ឡើង ដល់ ៣ភាគរយ ទៅ៣.២៥ភាគរយ ខណៈដែល FOMC បានរំពឹងថា “ការកើនឡើងជាបន្តបន្ទាប់នេះ … ជារឿងដ៏សមស្រប”។ ភ្លាមៗ បន្ទាប់ពីការប្រកាសដំឡើងការប្រាក់នេះ ភាគហ៊ុននៅ Wall Street បានដាំក្បាលចុះក្រោម ហើយប្រាក់ដុល្លារបានកើនឡើងភ្លាមៗ។
សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលអាមេរិក កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា បានលើកឡើងពីការព្យាករណ៍អត្រាការប្រាក់សម្រាប់ ចុងឆ្នាំ២០២៣ និង២០២៤ ដែលខ្ពស់ជាងការព្យាករណ៍ពីពេល កន្លងទៅ។ នេះគឺជាសញ្ញាបញ្ជាក់ថា ធនាគារកណ្តាលអាមេរិកនឹង បន្ត ការរឹតបន្តឹងផ្នែករូបិយវត្ថុសម្រាប់រយៈពេលវែង ដោយ សារនិន្នាការ អតិផរណា។
អគ្គទេសាភិបាលធនាគារកណ្តាលអាមេរិក លោក Powell បាន បញ្ជាក់ យ៉ាងច្បាស់ថា រដ្ឋបាលអាមេរិកនឹងធ្វើសកម្មភាព យ៉ាងខ្លាំងក្លា បន្តទៀត ដើម្បីទប់លំនឹងសេដ្ឋកិច្ច និងជៀសវាងករណីដូចដែលបាន កើតឡើង កាលពីទសវត្សរ៍ឆ្នាំ៧០ និងដើមទសវត្សរ៍ឆ្នាំ៨០។ កាលពីពេលនោះអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងរហូតដល់លែងអាចគ្រប់គ្រងបាន។
អាមេរិកពេលនោះបានឆ្លងកាត់វិធានការដ៏តឹងតែងនិងការធ្លាក់ចុះសេដ្ឋកិច្ចដើម្បីធ្វើឱ្យតម្លៃទំនិញថយចុះនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ។
ទោះបីជាមានការរិះគន់ថាធនាគារកណ្តាលអាមេរិកមានភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហានេះ លោក Powell បានបញ្ជាក់ថា ធនាគារ កណ្តាល របស់សហរដ្ឋអាមេរិកប្តេជ្ញាបង្កើនអត្រាការប្រាក់ និង ដំឡើងឱ្យខ្ពស់រហូតទាល់តែអតិផរណាធ្លាក់ចុះ។ លោកក៏បាន ព្រមានចំពោះគោលការណ៍ណាមួយ ដែលចង់ផ្អាកសកម្មភាពនេះ ក្នុងពេលឆាប់ៗ។
លោក Powell បានទទួលស្គាល់ថា ដើម្បីឲ្យអតិផរណាធ្លាក់ចុះ គឺត្រូវការអត្រាកំណើនសេដ្ឋកិច្ចយឺតក្នុងរយៈពេលណាមួយ និង អត្រាអត់ការងារធ្វើខ្ពស់។ លោក Powell ថា “យើងត្រូវតែយក អតិផរណាឲ្យនៅពីក្រោយយើង។ ខ្ញុំប្រាថ្នាថាមានវិធីដែល គ្មានការ ឈឺចាប់ជាងនេះ ដើម្បីដោះស្រាយ ប៉ុន្តែវាមិនមានជម្រើសទេ។”
ការព្យាករណ៍ប្រចាំត្រីមាសរបស់ធនាគារកណ្តាលអាមេរិក ដែល ចេញ ផ្សាយជាមួយនឹងការសម្រេចចិត្តបង្កើនអត្រាការប្រាក់ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា បង្ហាញថាអាមេរិកមានកំណើន GDP យឺតសម្រាប់ ឆ្នាំនេះ ពោលគឺមានការកើនឡើងត្រឹមតែ ០.២ភាគរយប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០២៣ នឹងមានកំណើនប្រចាំឆ្នាំ១.២ភាគរយ។
សេដ្ឋវិទូជាច្រើនជឿថា សម្រាប់រយៈពេលខ្លី GDP របស់សហរដ្ឋ អាមេរិក ថយចុះក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ គឺជាតម្រូវការចាំបាច់ ដើម្បីធ្វើឲ្យអតិផរណាធ្លាក់ចុះ៕