Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ចិនត្រៀមបង្កើនទិន្នផល ក្រោយតម្រូវការកើនឡើង

Admin Alynana | Sep 23, 2022
ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ចិនត្រៀមបង្កើនទិន្នផល ក្រោយតម្រូវការកើនឡើង
Clinic narith

យ៉ាងហោចណាស់មានរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋចិនចំនួន ៣ និងក្រុមហ៊ុនចម្រាញ់ប្រេងធំមួយ ដែលដំណើរការដោយឯកជន កំពុងពិចារណាបង្កើនដំណើរការចម្រាញ់ប្រេងរបស់ពួកគេឱ្យបាន ១០% បន្ថែមទៀត នៅក្នុងខែតុលាខាងមុខនេះ ក្រោយពីសម្លឹងឃើញតម្រូវការកាន់តែខ្លាំង និងលទ្ធភាពនាំចេញប្រេងឥន្ធនៈ ដែលអាចកើនឡើងនៅត្រីមាសទី៤ខាងមុខនេះ។ នេះបើតាមប្រភពព័ត៌មានពីរ៉យទ័រ។
GSFPIT6ADFOAVOMAPJZ2DTMLO4

ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនកំពុងរំពឹងថា ទីក្រុងប៉េកាំងនឹងបញ្ចេញកូតានាំចេញផលិតផលប្រេងដែលមានតម្លៃរហូតដល់ ១៥ លានតោន សម្រាប់រយៈពេលដែលនៅសល់ចុងក្រោយនៃឆ្នាំ២០២២នេះ ដើម្បីគាំទ្រដល់ការនាំចេញដែលកំពុងតែធ្លាក់ចុះរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះ។ ទង្វើបែបនេះនឹងបង្ហាញពីការផ្លាស់ប្ដូរគោលនយោបាយនាំចេញផលិតផលប្រេងរបស់ប្រទេសចិនបន្ថែមលើការផ្គត់ផ្គង់សកល និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះផងដែរ។

ក្រុមពាណិជ្ជករបាននិយាយថា បន្ទាប់ពីបានឃើញសន្ទស្សន៍តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស ធ្លាក់ចុះថ្មីៗនេះមកនៅក្រោម ១០០ដុល្លារក្នុងមួយបារ៉ែលនោះ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបានឆ្លៀតឱកាសរកផលចំណេញ ដោយបានបង្កើនការស្តុកទុកប្រេងរបស់ពួកគេ ដោយពួកគេបានកក់ទុកនាវាដឹកប្រេងធំៗ ដើម្បីដឹកជញ្ជូនប្រេងឆៅចេញពីអាមេរិក និងមជ្ឈឹមបូព៌ាទៅកាន់ប្រទេសចិន។

មន្ត្រីម្នាក់បម្រើការនៅរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋបាននិយាយថា រោងចក្ររបស់គាត់កំពុងសម្លឹងមើលការកើនឡើង ១០%នៅក្នុងដំណើរការដឹកជញ្ជូនប្រេងចាប់ពីខែកញ្ញានេះទៅពោលគឺឡើងដល់ប្រហែល ២៤ ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ។ មន្ត្រីរូបនេះបាននិយាយថា ពួកគេកំពុងបង្កើនការដឹកជញ្ជូននៅខែក្រោយនេះ ដើម្បីត្រៀមទុកសម្រាប់ការបើកការនាំចេញនាពេលអនាគត ទោះបីជាគ្មាននរណាដឹងច្បាស់ថា តើការបើកការនាំចេញនេះនឹងមានទំហំប៉ុនណាក៏ដោយ។

មន្ត្រីម្នាក់ទៀតដែលធ្វើការនៅរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋផ្សេងទៀតបាននិយាយថា រោងចក្ររបស់គាត់ក៏កំពុងតែរៀបចំផែនការបង្កើនការដឹកជញ្ជូន ៨% នៅខែក្រោយនេះផងដែរ ប៉ុន្តែ ការបង្កើននេះគឺដោយមានតម្រូវការក្នុងស្រុកកាន់តែខ្លាំង។ ចំណែកប្រភពមួយទៀតបាននិយាយថា រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋដ៏ធំទី៣ កំពុងតែរំពឹងដែរថា នឹងចាប់ផ្តើមឡើងវិញនូវការដឹកជញ្ជូនប្រេងឆៅឱ្យបាន ៦០ ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅខែក្រោយនេះ។

រោងចក្រចម្រាញ់ប្រេងធំជាងគេនៅប្រទេសចិនគឺក្រុមហ៊ុន Zhejiang Petrochemical Corp ដែលមានសមត្ថភាពចម្រាញ់ប្រេងឆៅបាន ៨០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនោះ មានបំណងបង្កើនប្រតិបត្តិការថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈបច្ចុប្បន្នកម្រិតនៃការផលិតរបស់ខ្លួនមានចន្លោះពី ៧០ ម៉ឺនទៅ ៧៥ ម៉ឺនធុងក្នុងមួយថ្ងៃ។ នេះបើយោងតាមប្រភពពីរដែលបានដឹងពីប្រតិបត្តិការរបស់ក្រុមហ៊ុននេះ បានអះអាងប្រាប់សារព័ត៌មានរ៉យទ័រ។

សូមបញ្ជាក់ថា អត្រាចម្រាញ់ប្រេងជាមធ្យមនៅរោងចក្រចម្រាញ់របស់រដ្ឋចិនបានកើនឡើងដល់ជិត៧៤%គិតត្រឹមសប្តាហ៍មុន ពោលគឺបានកើនឡើងជាង ២% បន្តពីចុងខែសីហា។ នេះបើយោងតាមក្រុមហ៊ុនឈ្មួញកណ្តាលរបស់ចិន SHZQ Futures៕