ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានប្រមាណជាង ៤៥៥ លានដុល្លារ ពីការនាំចេញកង់យកទៅលក់នៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើងជាងពាក់កណ្តាលបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស្ថិតិបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ការនាំចេញកង់ពីកម្ពុជាទៅទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៤៥៥,៨៩ លានដុល្លារ កើន ៥៥,៤៨ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមាន ២៩៣,២ លានដុល្លារ។
ក្នុងនោះការនាំចេញនៅត្រីមាសទី១ ឆ្នាំ ២០២២ មាន ២៣១,០២ លានដុល្លារ កើន ៥០,១ ភាគរយធៀបត្រីមាសទី១ ឆ្នាំ ២០២១ និងត្រីមាសទី២ មាន ២២៤,៨៧ លានដុល្លារ កើន ៦១,៤៥ ភាគរយធៀបត្រីមាសទី២ ឆ្នាំ ២០២១។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានប្រាប់ក្នុងថ្ងៃទី ២២ ខែកញ្ញាថា បញ្ហាសុខភាព បម្រែបម្រួលតម្លៃប្រេងឥន្ធនៈ និងបែបផែននៃជីវិតរស់នៅបែបថ្មីកំពុងតែធ្វើឱ្យមនុស្សមានតម្រូវការកង់ជិះកាន់តែច្រើន ពិសេសនៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន។ ម្យ៉ាងទៀត កំណើនការនាំចេញកង់នេះ ក៏ដោយសារតែកម្ពុជាមានទីផ្សារប្រទេសធំៗជាច្រើនទទួលទិញផងដែរ។
លោកបានថ្លែងថា៖ «ទីផ្សារនាំចេញកង់ទៅទីផ្សារអន្តរជាតិ គឺនៅតែល្អ ហើយវានឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀតព្រោះមនុស្សកាន់តែច្រើនបានគិតពីការហាត់ប្រាណ និងការជួយការពារបរិស្ថានជាចម្បង»។
លោកបន្ថែមថា កំណើនការនាំចេញនេះក៏បង្កើនឱកាសការងារថ្មីៗ និងធ្វើឱ្យទំនិញនាំចេញរបស់កម្ពុជាកាន់តែមានភាពចម្រុះផងដែរ។
លោកបន្តថា ម្យ៉ាងទៀតនិន្នាការការប្រើប្រាស់កង់សម្រាប់ហាត់ប្រាណ និងការកាត់បន្ថយការបំពុលបរិស្ថានដែលបណ្តាលមកពីផ្សែងយានយន្តប្រើប្រេងឥន្ធនៈក៏កំពុងបានដំណើរការល្អផងដែរ។
លោកបញ្ជាក់ថា៖ «កង់គឺជាទីផ្សារដ៏ល្អ ហើយចំនួនអ្នកប្រើប្រាស់កង់នឹងមានចំនួនកាន់តែច្រើននៅពេលខាងមុខ»។
បើតាមលោក លឹម ហេង កង់ដែលផលិតនៅកម្ពុជា គឺជាកង់មានគុណភាពល្អ និងជាម៉ាកល្បីៗលើពិភពលោក។ វិនិយោគិនដែលបានបោះទុនវិនិយោគលើការផលិតកង់នៅកម្ពុជា ភាគច្រើនមកពីកោះតៃវ៉ាន់ និងមានទីតាំងភាគច្រើនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។
បើតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមឆ្នាំ ២០២១ កម្ពុជាមានរោងចក្រផលិតកង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀងចំនួន ៥ ។ ប្រទេសនាំចូលកង់ច្រើនពីកម្ពុជាមានដូចជា អាមេរិក, កាណាដា, អង់គ្លេស, អឺរ៉ុប ជាដើម។
ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញកង់សរុប ៦៣០,៦៩ លានដុល្លារ កើន ២០,៥៨ ភាគរយបើធៀបឆ្នាំ ២០២០។ នេះបើតាមក្រសួងសេដ្ឋកិច្ច៕