Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារំពឹងថា នៅត្រឹមឆ្នាំ២០២៨ ​កម្ពុជានិងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិបាន ៨លាននាក់ចូលមកកម្សាន្តនៅកម្ពុជា

Admin Alynana | Oct 01, 2022
កម្ពុជារំពឹងថា នៅត្រឹមឆ្នាំ២០២៨ ​កម្ពុជានិងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិបាន ៨លាននាក់ចូលមកកម្សាន្តនៅកម្ពុជា
Clinic narith

កម្ពុជារំពឹងថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ជាមួយនឹងការរំពឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជិត៨លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបានប្រមាណ១៦លាននាក់នៅត្រឹមឆ្នាំ២០២៨។ ជាក់ស្តែងនៅក្នុងរយៈពេលជាង៨ខែកន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង១លាននាក់ និងរំពឹងកើនដល់ចន្លោះពី១លាន៥សែននាក់ទៅ២លាននាក់នៅនៅពេញមួយឆ្នាំ២០២២។
300835774_435481278612636_6346219470127502032_n

នាសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលដែលក្រសួងទេសចរណ៍សម្រេចបានក្នុងរយៈពេល៥ឆ្នាំនៅព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានបង្ហាញការវាយតម្លៃពីការស្ថានភាពនៃ​ការងើបឡើងវិញ​នៃចរន្តភ្ញៀវទេសចរ​បរទេស​ចូលមកកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងដំណំដោយ​សារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក។ ឯកឧត្តមវាយតម្លៃថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា​នឹងអាចវិលមករកភាពល្អប្រសើរឡើងវិញនៅត្រឹមឆ្នាំ២០២៥ ក្នុងករណីស្ថានការណ៍ពិភពលោក និងតំបន់មានភាពធូរស្បើយ គួបផ្សំប្រទេសចិនមានការបន្ធូរបន្ថយ ឬលុបបំបាត់វិធានការគ្មានកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបរទេស​ឲ្យចូលមកកម្សាន្តនៅកម្ពុជាបានប្រមាណ៧លាន៧សែននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបានប្រមាណ១៦លាននាក់នៅត្រឹមឆ្នាំ២០២៨។ ការវាយតម្លៃបែបនេះ ដោយផ្អែកលើកំណើនចរន្តភ្ញៀវទេសចរបរទេសចរ​ចូលមកកម្ពុជា និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងនៅប៉ុន្មានខែកន្លងមកនេះ។ បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ នៅរយៈពេលជាង៨ខែកន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង១លាននាក់ និងរំពឹងទទួលបានចន្លោះពី១លាន៥សែននាក់ទៅ២លាននាក់នៅឆ្នាំ២០២២។
309119076_460447999449297_6823258801057784320_n

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា កម្ពុជាយ៉ាងហោចណាស់ត្រូវចាយពេល៣ឆ្នាំបន្ថែមទៀត ដើម្បីអាចស្តារស្ថានការណ៍ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។ ការវាយតម្លៃបែបនេះ ដោយសារលោកជំទាវសង្កេតឃើញថា បើទោះបីបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាលើពិភពលោកមានភាពធូរស្បើយ តែជំងឺរាតត្បាតមួយនេះមិនទាន់ផុតរលត់ពីភពផែនដីនោះទេ គួបផ្សំបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងផ្នែកនយោបាយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចមិនទាន់ធូរស្បើយនៅឡើយ។

ដើម្បីអាចសម្រេចបានតាមគោលដៅកំណើនទេសចរណ៍ ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងវិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីគ្រប់គ្រង និងអភិវឌ្ឍ​វិស័យទេសចរណ៍ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និងនិរន្តរភាព។ វិធានការទាំងនោះរួមមានអភិវឌ្ឍ​ផលិតផល និងសេវាកម្មទេសចរណ៍​ប្រកបដោយនវាអុវត្តន៍ និងភាពឆ្នៃប្រឌិត, ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យស្របតាមស្តង់ដារ, ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៏ និងជំនាញថ្មីៗបន្ថែម, សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ឲ្យមានភាពងាយស្រួល និងសុវត្ថិភាព, ពង្រឹងសមត្ថភាពសិក្សាទីផ្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងវិស័យទេសចរណ៍, ដាក់ចេញគោលនយោបាយសំខាន់ៗបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

308206849_455724509921646_6730716576971483449_n

វិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង និងជាមាសបៃតងរបស់កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងនៅឆ្នាំ២០១៩ កន្លងទៅវិស័យនេះទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ៥ពាន់លានដុល្លារ ដែលបានរួមចំណែក១២% នៃផលិតផលក្នុងស្រុកសរុប និងបានរួមចំណែករក្សាលំនឹងជញ្ជីងទូទាត់ពាណិជ្ជកម្ម៕