ក្រុមការងារអន្តរក្រសួងរួមទាំងប្របត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងចុះសិក្សាពីគុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាពនានា ដើម្បីកំណត់ទីតាំងក្នុងការសាងសង់បង្គោលអង់តែនទូរសព្ទ ដែលជាផែនការជួយជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍មកទល់ពេលនេះ មានគោលដៅទេសចរណ៍ចំនួន២០ក្នុងខេត្តចំនួន៧ត្រូវបានកំណត់ទីតាំងក្នុងសាងសង់បង្គោលអង់តែនរួចហើយ និងគ្រោងដំឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ជឿជាក់ថា ក្រោយដំឡើងបង្គោលអង់តែនរួចវានឹងជួយធ្វើឲ្យគោលដៅទេសចរណ៍ទាំងនោះឲ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។
ឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យ និងប្រជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការសាងសង់បង្គោលអង់តែននៅតាមតំបន់ទេសចរណ៍អាទិភាពថា ក្រុមការងារអន្តរក្រសួងដែលរួមមានក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌បានចុះសិក្សា និងវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមខេត្តនានា ដែលមកទល់ពេលនេះមានខេត្តចំនួន៧ហើយត្រូវបានសិក្សារួចរាល់ក្នុងការដំឡើងបង្គោលអង់តែន។
ក្រោយសិក្សា និងវាស់ស្ទង់ដោយយកចិត្តទុកដាក់ក្រុមការងារអន្តរក្រសួងបានសម្រេចជ្រើសរើសគោលដៅចំនួន២០នៅក្នុងខេត្តទាំងនេះដើម្បីសាងសង់បង្គោលអង់តែនទូរសព្ទ ក្នុងនោះខេត្តសៀមរាបមាន៦គោលដៅ, ត្បូងឃ្មុំ៣គោលដៅ, កែប៣គោលដៅ, កំពង់ចាម២គោលដៅ, ស្វាយរៀង២គោលដៅ, ព្រៃវែង១គោលដៅ និងកំពង់ឆ្នាំង៣គោលដៅ។ ឯកឧត្តម ជុក ជំនោរ បានគូសបញ្ជាក់ថា គោលបំណងនៃការចុះសិក្សានេះ គឺដើម្បីចង់ដឹងពីគុណភាពសេវាទូរគមនាគមន៍នៅតាមគោលដៅទេសចរណ៍ទាំងនោះ ដើម្បីងាយស្រួលក្នុងការដំឡើងអង់តែនឲ្យឆ្លើយតបនឹងតម្រូវការ។ ការចុះសិក្សាកំណត់គោលដៅក្នុងការដំឡើងបង្គោលអង់តែននេះ គ្រោងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២២នេះ។
ជុំវិញការចុះសិក្សាកំណត់ទីតាំងក្នុងការសាងសង់បង្គោលអង់តែននៅតាមតំបន់ទេសចរណ៍អាទិភាព និងដាច់ស្រយាលនេះដែរ ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចុះសិក្សាផ្ទាល់បានគូសបញ្ជាក់ថា គោលដៅទេសចរណ៍ ដែលត្រូវបានកំណត់ក្នុងការសាងសង់បង្គោលអង់តែនមានតំបន់ខ្លះមានសេវាផាត់ផើយ ហើយតំបន់ខ្លះពុំមានសេវាតែម្តង។ ឯកឧត្តមរំពឹងថា ក្រោយបង្គោលអង់តែនត្រូវបានសាងសង់រួច វានឹងជួយឲ្យតំបន់ទេសចរណ៍ទាំងនោះកាន់តែមានភាពទាក់ទាញ និងមានអ្នកទេសចរណ៍ទៅកម្សាន្តកាន់តែច្រើន។ លើសពីនេះ វាក៏នឹងជួយធ្វើឲ្យការទំនាក់ទំនង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍នៅតំបន់នោះកាន់តែមានភាពងាយស្រួល និងល្អប្រសើរផងដែរ។
បើតាមការគោសបញ្ជាក់របស់ឯកឧត្តម ជុក ជំនោរ ការសាងសង់បង្គោលអង់តែននៅតាមតំបន់ទេសចរណ៍អាទិភាព និងដាច់ស្រយាលនេះ ធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានចំនួន១០០អង់តែន និងដំណាក់កាលទី២មាន៦២អង់តែន។ គួររំលឹកថា ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឲ្យក្រុមហ៊ុនបម្រើសេវាទូរស័ព្ទបង្កើនគុណភាពសេវានៅតំបន់ជនបទ និងទីប្រជុំជន ពិសេសនៅតាមតំបន់ទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ដោយសម្រេចសាងសង់បង្គោលអង់តែនចំនួន១០០នៅតាមតំបន់ទេសចរណ៍អាទិភាព និងដាច់ស្រយាល ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់ទេសចរណ៍ទាំងនោះ ក៏ដូចជារួមចំណែកជួយបង្កើនភាពទាក់ទាញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា៕