ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ានមួយចំនួន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃជាដើម កំពុងស្វះស្វែងរកវិធីសាស្ត្រក្នុងការសម្រួលដល់ការដោះដូរពាណិជ្ជកម្មពួកគេ ដោយកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក ងាកមករកការប្រើប្រាស់រូបិយវត្ថុអន្តរជាតិផ្សេងទៀតជំនួសវិញ។
ការធ្វើដូច្នេះ នៅចំពេលដែលនៅមួយរយៈចុងក្រោយនេះ ប្រាក់ដុល្លារអាមេរិកបាននិងកំពុងហក់ឡើងកាន់តែខ្ពស់ ស្របពេលដែលធនាគារកណ្ដាលរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោកមួយនេះ បានដំឡើងអត្រាការប្រាក់ជាបន្ដបន្ទាប់។ ប្រាក់ដុល្លារឡើងថ្លៃនេះទៀតសោត ចង់ឬមិនចង់ វាកំពុងធ្វើឲ្យមានលំហូរមូលធនចេញពីប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ហើយកត្តានេះ គឺជាការគំរាមកំហែងមួយសម្រាប់សុខភាពសេដ្ឋកិច្ចនៃបណ្ដាប្រទេសទាំងនោះផងដែរ។
ធនាគារកណ្ដាលរបស់ឥណ្ឌូនេស៊ីកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក ជាមួយនឹងផែនការអនុញ្ញាតឲ្យប្រតិបត្តិការទូទាត់ក្នុងស្រុកនៃប្រព័ន្ធកិច្ចសន្យាកំណត់អត្រាប្ដូរប្រាក់ NDFs អាចធ្វើទៅបានជាមួយនឹងរូបិយបណ្ណផ្សេងៗទៀត បន្ទាប់ពីដុល្លារអាមេរិក។
បើតាមលោក Edi Susianto នាយកប្រតិបត្តិសម្រាប់ការគ្រប់គ្រងផ្នែករូបិយវត្ថុរបស់ធនាគារកណ្ដាលឥណ្ឌូនេស៊ី បានអះអាងថា ធនាគារកណ្ដាលអាចនឹងផ្ដល់ជូនប្រព័ន្ធកិច្ចសន្យាកំណត់អត្រាប្ដូរប្រាក់ NDFs ដែលមិនមែនជាប្រាក់ដុល្លារ នៅឆ្នាំក្រោយនេះ។ អាជ្ញាធររូបិយវត្ថុឥណ្ឌូនេស៊ី ក៏កំពុងស្វែងរកកិច្ចព្រមព្រៀងលើការប្រើប្រាស់រូបិយវត្ថុក្នុងស្រុករបស់ខ្លួនសម្រាប់ការទូទាត់ពាណិជ្ជកម្មជាមួយនឹងប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី និងក៏កំពុងពន្លឿនការសម្រេចកិច្ចចរចាកិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយនឹងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនផងដែរ។
បន្ថែមពីនេះ ប្រទេសឥណ្ឌូនេស៊ី កំពុងមានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសថៃ ម៉ាឡេស៊ី និងជប៉ុនសម្រាប់ការទូទាត់ពាណិជ្ជកម្មដោយមិនប្រើប្រាស់ប្រាក់ដុល្លារ ដោយទំហំនៃការទូទាត់រវាងឥណ្ឌូនេស៊ី នឹងប្រទេសទាំងបីនេះ មានសរុបជាទឹកប្រាក់ប្រហែលជិត៣ពាន់លានដុល្លារ គិតត្រឹមខែកក្កដាកន្លងទៅនេះ កើនពីប្រមាណ២ពាន់៥រយលានដុល្លារកាលពីចុងឆ្នាំ២០២១។ ធនាគារកណ្ដាលឥណ្ឌូនេស៊ីរំពឹងថា ការទូទាត់នេះ នឹងអាចកើនឡើងប្រហែល១០%នៅពេញមួយឆ្នាំ២០២២នេះ។
ដោយឡែក ប្រទេសថៃវិញ នៅពេលនេះ ក៏កំពុងស្វែះស្វែងក្នុងការពង្រីកការប្រើប្រាស់រូបិយវត្ថុផ្សេងៗ ជំនួសការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកដូចគ្នាដែរ។ ជាក់ស្ដែង ធនាគារកណ្ដាលថៃ ថ្មីៗនេះ បានដាក់ចេញឲ្យមានការប្រើប្រាស់សាកល្បងនូវរូបិយវត្ថុឌីជីថល ផ្ដោតលើប្រតិបត្តិការទូទាត់ឆ្លងដែរជាមួយនឹងប្រទេសចិន ទីក្រុងហុងកុង និងអារ៉ាប់រួម ខណៈដែលប្រទេសចិន កំពុងព្យាយាមជំរុញការធ្វើអន្តរកម្មប្រាក់យន់ឌីជីលរបស់ខ្លួន។
តាមរយៈការដាក់សាកល្បងការទូទាត់ឆ្លងដែនតាមរូបិយវត្ថុឌីជីលរបស់ធនាគារកណ្ដាលថៃនេះ គេឃើញមានប្រតិបត្តិការទូទាត់ប្រាក់ និងប្ដូរប្រាក់ជាង ១៦០ដង ដែលមានទំហំទឹកប្រាក់សរុបជាង២២លានដុល្លារអាមេរិក។
ការអភិវឌ្ឍនូវការទូទាត់ឆ្លងដែនតាមរយៈរូបិយវត្ថុឌីជីថលនេះ ធ្វើឡើងនៅចំពេលដែលប្រាក់ដុល្លារអាមេរិកកំពុងហក់ឡើងខ្ពស់ជាងរូបិយបណ្ណផ្សេងៗទៀត ហើយវាកំពុងបង្កឲ្យមានលំហូរមូលធនចេញពីប្រទេសទីផ្សារកំពុងរីកចម្រើនជាច្រើន ដែលវាកំពុងគំរាមកំហែងដល់សុខភាពសេដ្ឋកិច្ចនៃប្រទេសទាំងនេះយ៉ាងខ្លាំង។
ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ក្នុងពិភពលោកនោះ ក៏បាននិងកំពុងធ្វើការសាកល្បងប្រើប្រាស់រូបិយវត្ថុឌីជីលរបស់ខ្លួននៅក្នុងទីក្រុងធំៗមួយចំនួនផងដែរ ដោយភាគច្រើនផ្ដោតលើការទូទាត់លើការលក់រាយ ខណៈធនាគារកណ្ដាលប្រទេសនេះ បានសច្ចានឹងពង្រីកការទូទាត់ឆ្លងដែនតាមប្រាក់យន់ឌីជីលរបស់ខ្លួនឲ្យកាន់តែមានវិសាលភាពជាងមុន។
ដោយឡែក ប្រទេសរុស្ស៊ី ដែលបាននិងកំពុងរងទណ្ឌកម្មយ៉ាងធ្ងន់កពីសំណាក់លោកខាងលិចដោយសារការធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ បានប្រកាសពីផែនការនឹងប្រើប្រាស់រូបិយវត្ថុឌីជីថលរបស់ខ្លួនដើម្បីដោះដូរពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ៕