ប្រទេសវៀតណាម រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២២ នឹងកើនដល់ ៨% ដែលជាកំណើនខ្ពស់ជាងប្រទេសណាណាទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈគិតត្រឹមនៅ៩ខែឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេ១២ឆ្នាំកន្លងមកនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃការិយាល័យស្ថិតិទូទៅវៀតណាម។
លោក Le Trung Hieu អគ្គនាយករងនៃ ការិយាល័យស្ថិតិទូទៅវៀតណាម បានអះអាងថា តាមការរំពឹងទុក សេដ្ឋកិច្ចវៀតណាម នឹងកើនឡើង៨% នៅឆ្នាំ២០២២ បើទោះបីជា នៅត្រីមាសកន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ចមិនសូវជាអំណោយផលក្ដី។
សេដ្ឋកិច្ចវៀតណាម នៅ៩ខែដំបូងនៅឆ្នាំ២០២២ បានកើនឡើងជាង ៨,៨% ដែលជាកំណើនមួយខ្ពស់បំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ២០១១មក ហើយកំណើននេះទៀតសោត ត្រូវបានរួមចំណែកដោយកំណើនជិត ១៣,៧% នៅត្រីមាសទី៣។
អ្នកជំនាញផ្នែកស្រាវជ្រាវសេដ្ឋកិច្ចតំបន់អាស៊ីរបស់ធនាគារ HSBC បាននិយាយថា វៀតណាមគឺជាប្រទេស ដែលមានសេដ្ឋកិច្ចដ៏លេចធ្លោមួយ នៅអំឡុងពេលដែលសេដ្ឋកិច្ចសាកលកំពុងតែអាប់អួ។ អ្នកជំនាញសេដ្ឋកិច្ចបន្ថែមថា សេដ្ឋកិច្ចសកលកំពុងប្រឈមនឹងបញ្ហាអតិផរណាកើនឡើង តម្រូវការប្រើប្រាស់នៅអឺរ៉ុបមានការធ្លាក់ចុះ ដោយសារតែតម្លៃថាមពលក្នុងតំបន់នោះហក់កើនឡើងខ្ពស់។
បន្ថែមពីនេះ បញ្ហាវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ និងគោលនយោបាយគ្មានកូវីដ១៩របស់ប្រទេសនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់អំណាចនៃការបញ្ជាទិញផងដែរ។ ស្ថានភាពនេះ ក៏បានធ្វើឲ្យប៉ះពាល់មកដល់ប្រទេសវៀតណាមដែរ ប៉ុន្ដែ បើមើលជារួមវៀតណាមនៅតែមានភាពធន់ក្នុងការទ្រទ្រង់ការលំបាកទាំងនេះ។
ធនាគារ HSBC ដែលមានមូលដ្ឋាននៅហុងកុង បានប៉ាន់ប្រមាណសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២២នេះថានឹងកើនឡើង ៦,៩% ជាកម្រិតកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលធនាគារអភិវឌ្ឍអាស៊ីវិញ បានព្យាករថានឹងមានកំណើន៦,៥%។
ដោយឡែក តាមការព្យាករថ្មីចុងក្រោយរបស់ធនាគារពិភពលោកចំពោះកំណើនសេដ្ឋកិច្ចវៀតណាមវិញ គឺមាន៧,២% នៅឆ្នាំ២០២២ ជាកំណើនមួយខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ វៀតណាមក៏ត្រូវបានគេរំពឹងថា នឹងបន្ដជាប្រទេសដែមានកំណើនសេដ្ឋកិច្ចឆាប់រហ័សបំផុតនៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៣។