សោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍នៅក្នុងក្រុងម៉ាឡាង បានឆក់យកជីវិតមនុស្សសរុបចំនួន១២៥នាក់ និង៣២៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីក្រុមមន្ត្រីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ស្កាត់ការលុកលុយចូលទីលានដែលបង្កឱ្យមានការរត់ជាន់គ្នា ហើយមន្ត្រីម្នាក់នៅក្រសួងផ្តល់សិទ្ធិអំណាចស្ត្រីនិងការពារកុមារ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កុមាររាប់សិបនាក់ដែលជាប់ក្នុងភាពចលាចលនោះ បានបាត់បង់ជីវិត។
លោក Nahar បាននិយាយថា៖ «តាមទិន្នន័យចុងក្រោយបំផុតដែលយើងទទួលបាន ក្នុងចំណោមមនុស្ស១២៥នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ មាន៣២នាក់ជាកុមារ»។
ដោយកំហឹងបន្តផ្ទុះឡើងប្រឆាំងនឹងប៉ូលិស រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ី លោក Mahfud M D បានប្រកាសថា ក្រុមការងារត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតនិងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មចំពោះអ្នកណាដែលត្រូវទទួលខុសត្រូវ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានលើកឡើងថា៖ «យើងបានស្នើឱ្យ (ប៉ូលិស) បង្ហាញអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្ម និងចាត់វិធានការប្រឆាំងនឹងពួកគេ ហើយយើងក៏សង្ឃឹមថា ប៉ូលិសជាតិនឹងវាយតម្លៃនីតិវិធីសន្តិសុខរបស់ពួកគេដែរ»។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសុន្ទរកថារបស់រដ្ឋមន្ត្រី មេប៉ូលិសក្រុងម៉ាឡាងត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ ចំណែកអ្នកនាំពាក្យប៉ូលិសជាតិ លោក Dedi Prasetyo បានប្រាប់សន្និសីទសារព័ត៌មានថា ប៉ូលិសខេត្ត East Java ក៏បានព្យួរការងាររបស់មន្ត្រីចំនួន៩នាក់ផ្សេងទៀតផងដែរ តាមការណែនាំរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA៕