Alynana Media Cambodia
Icon Collap
clinic narit

តើសេដ្ឋកិច្ចអាស៊ានអាចនឹងរងផលប៉ះពាល់ដោយសារការដំឡើងអត្រាការប្រាក់ដុល្លាររបស់អាមេរិកដែរឬទេ?

Admin Alynana | Oct 04, 2022
តើសេដ្ឋកិច្ចអាស៊ានអាចនឹងរងផលប៉ះពាល់ដោយសារការដំឡើងអត្រាការប្រាក់ដុល្លាររបស់អាមេរិកដែរឬទេ?
Clinic narith

ក្រុមសេដ្ឋវិទូបានទម្លាក់ការព្យាករណ៍កំណើនឆ្នាំ២០២៣សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង ៥ នៅតំបន់អាស៊ីអាគ្នេយ៍ដោយសារពួកគេមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចជាសកលនៅចំពេលមានការកើនឡើងនូវអត្រាការប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន ហៅកាត់ JCER និងបានផ្សាយដោយសារព័ត៌មានNikkei Asia។

ការស្ទង់មតិប្រចាំត្រីមាសចុងក្រោយឆ្នាំ២០២២ដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) និងសារព័ត៌មាន Nikkei Asia ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី២២ខែកញ្ញាដោយមានការចូលរួមពីអ្នកសេដ្ឋវិទូចំនួន ៣៥ នាក់បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃត្រូវគេរំពឹងថា នឹងកើនឡើង ៤,៣% នៅឆ្នាំ២០២៣ ជាតួលេខមួយដែលបានធ្លាក់ចុះពីអត្រា ៤,៨% នៅក្នុងការស្ទង់មតិមួយកាលពីខែមិថុនា។

ប្រទេសទាំង ៥ ខាងលើនេះត្រូវបានការស្ដង់មតិដដែលនេះ បានកាត់បន្ថយកំណើនរបស់ពួកគេសម្រាប់ឆ្នាំ២០២៣ខាង ដោយប្រទេសឥណ្ឌូនេស៊ីត្រូវបានកាត់បន្ថយកំណើនសេដ្ឋកិច្ចពីអត្រា ៥,១% មកនៅត្រឹម ៤,៩% ប្រទេសម៉ាឡេស៊ីពីអត្រា ៤,៦% មកនៅត្រឹម ៤% រីឯហ្វីលីពីនវិញត្រូវបានបន្ទាបការព្យាករពីអត្រាកំណើន ៥,៦% ទៅនៅត្រឹម ៥,៤% វិញចំណែកសិង្ហបុរីបានបន្ថយពី ៣,៥% មកនៅត្រឹម ២,២% ខណៈដែលប្រទេសថៃក៏បានទម្លាក់ពី ៤,៤% ទៅនៅត្រឹម ៣,៧%។

ធនាគារកណ្តាលអាមេរិក (Fed) ត្រូវគេរំពឹងថានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតដើម្បីទប់ទល់កម្រិតអតិផរណា ដែលចេះតែកើនឡើងឥតស្រាកស្រាន្ដ ដូច្នេះហើយគេរំពឹងថា តម្លៃរូបិយបណ្ណមួយចំនួននៅតំបន់អាស៊ីត្រូវគេរំពឹងថានឹងធ្លាក់ចុះដោយសារការដំឡើងការប្រាក់របស់អាមេរិក ហើយវាក៏នឹងជំរុញឱ្យធនាគារកណ្តាលមួយចំនួននឹងបង្កើនអត្រាការប្រាក់ផងដែរ។ នៅពេលធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់០,៧៥% លើអត្រាការប្រាក់គោលនៅក្នុងខែកញ្ញានោះធនាគារកណ្តាលនៅប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនក៏បានចាត់វិធានការដំឡើងការប្រាក់តាមផងដែរ។

ក្រុមអ្នកសេដ្ឋកិច្ចបាននិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះការប្រើប្រាស់ជាបន្តបន្ទាប់អាចនាំឱ្យមានការនាំចេញពីតំបន់អាស៊ីកាន់តែធ្លាក់ចុះ ដែលវានឹងដាក់បន្ទុកកាន់តែធ្ងន់លើកំណើននៅក្នុងតំបន់នៅឆ្នាំក្រោយនេះ។

លោក អាមុនថេប ចាវឡា (Amonthep Chawla) ប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB Thai បាននិយាយថា ការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិកនេះអាចនឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ។

លោក ទឺថានកា ផាតណែក (Tirthankar Patnaik) ប្រធានសេដ្ឋវិទូនៅផ្សារហ៊ុនជាតិនៃប្រទេសឥណ្ឌាក៏បានចង្អុលបង្ហាញចំពោះសហរដ្ឋអាមេរិកដែរថា សេដ្ឋកិច្ចរបស់អាមេរិកកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចហើយ ដែលវានឹងប៉ះពាល់ដល់តម្រូវការពិភពលោក ហើយវាក៏នឹងបង្កហានិភ័យកាន់តែខ្លាំងសម្រាប់កំណើនរបស់ប្រទេសឥណ្ឌាផងដែរ។

ភាពមិនច្បាស់លាស់ពីសេដ្ឋកិច្ចចិនក៏បានដាក់បន្ទុកបន្ថែមទៅលើតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាដែរ ដោយសារប្រទេសចិនមិនបានបង្ហាញសញ្ញាពីការបន្ធូរបន្ថយគោលនយោបាយសូន្យនៃជំងឺកូវីដដ៏តឹងរ៉ឹងរបស់ខ្លួននៅឡើយទេ នៅចំពេលមានការព្រួយបារម្ភពីវិបត្តិនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះកាន់តែខ្លាំងឡើង។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់បណ្តាប្រទេសអាស៊ីជាច្រើន និងជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសមួយចំនួនផងដែរ។

ក្រុមសេដ្ឋវិទូ បានចាត់ទុកថា ការថយចុះនៃសេដ្ឋកិច្ចិន គឺជាហានិភ័យធំបំផុតនៅក្នុងរយៈពេល១២ខែទៅមុខសម្រាប់ប្រទេសថៃ ហើយវាគឺជាហានិភ័យធំជាងគេទី២ សម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២២ ក្រុមសេដ្ឋវិទូពីស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន និងសារព័ត៌មាន Nikkei បានព្យាករថា កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៥នៅតំបន់អាស៊ីអាគ្នេយ៍ នឹងកើន៥% ក្នុងនោះ ឥណ្ឌូនេស៊ីរំពឹងនឹងកើនឡើង៥,១% ម៉ាឡេស៊ី ៦,៩% ហ្វីលីពីន ៦,៥% សិង្ហបុរី ៣,៨% និងថៃ៣,២%៕