(សូម៉ាលី)៖ គ្រោះទុរ្ភិក្សអាចត្រូវបានប្រកាសនៅក្នុងប្រទេសសូម៉ាលី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងប៉ះពាល់ដល់មនុស្សរាប់សែននាក់នៅក្នុងតំបន់ជួបគ្រោះរាំងស្ងួត ដ៏អាក្រក់បំផុតចំនួនពីររបស់ប្រទេស និងនៅក្នុងជំរំជម្លៀសខ្លួន។
ការប្រកាសបែបនេះគឺកម្រកើតមាន ហើយជាសញ្ញានៃផលវិបាកធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សមកនេះនៅតំបន់នៃទ្វីបអាហ្វ្រិក។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានស្លាប់ រួមទាំងកុមារជិត ៩០០នាក់ដែលមានអាយុក្រោម ៥ឆ្នាំដោយសារតែកង្វះអាហារូបត្ថម្ភ។ អង្គការសហប្រជាជាតិនិយាយថា កុមារស្ថិតក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភកន្លះលាននាក់ប្រឈមនឹងការស្លាប់។ គ្រោះរាំងស្ងួតបានធ្វើឱ្យក្រុមអ្នកចិញ្ចឹមសត្វ និងកសិករមានការភ្ញាក់ផ្អើលខ្លាំងដោយសាររដូវភ្លៀងធ្លាក់ពុំមានភ្លៀងដែលបានចាប់ផ្តើមតាំងពី ២ឆ្នាំមុន។
មនុស្សជាង ១លាននាក់បានចាកចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកវាលស្មៅបៃតង។ ប៉ុន្តែអ្នកភៀសខ្លួនទាំងនេះកំពុងប្រឈមភាពអត់ឃ្លានកាន់តែខ្លាំងឡើង ខណៈស្ថានភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរដោយកង្វះជំនួយ វត្តមានរបស់ក្រុមជ្រុលនិយមអ៊ីស្លាម និងផលប៉ះពាល់នៃជម្លោះនៅអ៊ុយក្រែន។ ប្រជាជននិយាយថា យើងកំពុងអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលដើម្បីជួយផ្តល់ទីជម្រក អាហារ និងទឹកសម្រាប់បរិភោគ។ ស្ត្រីម្នាក់និយាយថា តម្លៃប្រេងឆា និងសម្ភារៈផ្សេងៗបានឡើងថ្លៃទ្វេដង ធ្វើឲ្យវាកាន់តែពិបាកសម្រាប់ប្រជាជនភៀសខ្លួនដើម្បីទទួលបានអាហារ និងប័ណ្ណដែលផ្តល់ឲ្យទីភ្នាក់ងារផ្តល់ជំនួយ៕