ស្របពេលដែលពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិអតិផរណាកាន់តែខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងដាក់ចេញនូវយន្ដការថ្មីមួយទៀត សំដៅជួយដល់ពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បើតាមការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ការផ្ដល់ជូននេះ នឹងចាប់ផ្ដើមធ្វើឡើងពីខែវិច្ឆិកាឆ្នាំ២០២២ ដោយក្នុងនោះ មានពលរដ្ឋប្រមាណជិត៦០ម៉ឺនគ្រួសារ ឬស្មើនឹងជិត ២លាននាក់នឹងទទួលបានការឧបត្ថម្ភនេះ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃការផ្ដល់ជូននេះ ដើម្បីកុំឲ្យពលរដ្ឋធ្លាក់ចូលក្នុងភាពក្រីក្រធ្ងន់ធ្ងរ ដោយសារវិបត្តិអតិផរណានាពេលអនាគត។
ថ្លែងក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យសេដ្ឋកិច្ចឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគលើប្រជាជន និងផ្ដល់សន្តិសុខសេដ្ឋកិច្ចជូនប្រជាជន ពិសេសគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។
ក្រៅពីប្រកាសបន្តផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អំឡុងវិបត្តិកូវីដ១៩ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហាញនូវយន្តការថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត៦០ម៉ឺនគ្រួសារ ឬជិត ២លាននាក់ ដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវអតិផរណា ដែលបណ្ដាលមកពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។
យ៉ាងណាក៏ដោយចុះ សម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់អំពីចំនួនទឹកប្រាក់ និងលក្ខខណ្ឌសម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។
រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួញសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្ដប់ឲ្យកាន់តែចំគោលដៅ ជាពិសេសតាមរយៈការជំរុញនិងលើកទឹកចិត្ត ដល់ប្រជាជនដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបាននូវកិច្ចគាំពារផ្សេងៗ។
ក្រៅតែពីដាក់ចេញនូវយន្ដការជួយឧបត្ថម្ភដល់ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបន្តឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល ៣ខែ បន្តទៀត ដែលកន្លងមករាជរដ្ឋាភិបាល បានអនុវត្តចំនួន ១០ជុំ រួចមកហើយ និងបានចំណាយថវិកាអស់ប្រមាណ ៨០០លានដុល្លារ។ បើតាមសម្ដេចតេជោ ហ៊ុន សែន ជំនួយនេះបានជួយដល់ប្រជាជនប្រមាណ ៧០ម៉ឺនគ្រួសារ និងប្រជាជនជិត ៣លាននាក់ ដោយសម្ដចបានប៉ាន់ប្រមាណថា ការផ្ដល់ជំនួយនេះអាចនឹងបន្តក្នុងរយៈពេលយ៉ាងតិច ១ឆ្នាំទៀត៕