Alynana Media Cambodia
Icon Collap
clinic narit

រុស្ស៊ី និងបេឡារុស បានដាក់ពង្រាយទ័ពនៅតាមព្រំដែនអ៊ុយក្រែនបន្ថែម ក្រោយបាញ់ស្រោចមីស៊ីលលើទីក្រុងធំៗរបស់អ៊ុយក្រែន

Admin Alynana | Oct 13, 2022
រុស្ស៊ី និងបេឡារុស បានដាក់ពង្រាយទ័ពនៅតាមព្រំដែនអ៊ុយក្រែនបន្ថែម ក្រោយបាញ់ស្រោចមីស៊ីលលើទីក្រុងធំៗរបស់អ៊ុយក្រែន
Clinic narith

ក្រុមអ្នកវិភាគលោកខាងលិចបាននិយាយថា ក្រោយពីប្រទេសរុស្ស៊ីបានបាញ់ស្រោចមីស៊ីលចូលទីក្រុងធំៗរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ទី ១០ ខែតុលា បន្ទាប់ពីចោទទីក្រុងកៀវថា នៅពីក្រោយាការបំផ្ទុះស្ពានតភ្ជាប់ប្រទេសរុស្ស៊ីទៅកាន់ដែនដីគ្រីមៀនោះ ឥឡូវនេះ ប្រទេសបេឡារុស រួមជាមួយនឹងយោធារុស្ស៊ីកំពុងដាក់ពង្រាយទ័ពនៅតាមព្រំដែនជាប់អ៊ុយក្រែនបន្ថែមទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។

ជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍សង្គ្រាមនេះ​អះអាងថា លោក ពូទីន កំពុងតែពង្រីកសមរភូមិសង្គ្រាមកាន់តែធំឡើងៗ​ហើយ ក្នុងរយៈពេលជិតប្រាំបីខែមកនេះ។

យោងតាមអាជ្ញាធរអ៊ុយក្រែន មានមីស៊ីលចំនួន៤១គ្រាប់ក្នុងចំណោម៧៥គ្រាប់ ត្រូវបានបាញ់កម្ទេច ដោយឡែកមីស៊ីលដែលនៅសេសសល់ បានវាយប្រហារទីក្រុងធំៗនានាទូទាំងប្រទេស រួមទាំងរដ្ឋធានី Kyiv និងទីក្រុងលីវីវ (Lviv) ភាគខាងលិចជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។

ការណ៍នេះត្រូវបានកើតឡើង ក្រោយពីមានផ្ទុះនៅលើស្ពាន Kerch ដែលតភ្ជាប់ប្រទេសរុស្សីទៅកាន់ដែនដីគ្រីមៀ ដែលភ្លាមៗនោះ លោកពូទីនបានចោទទីក្រុងកៀវថា ជាអ្នកនៅពីក្រោយការបំផ្ទុះនេះ ហើយក៏ព្រមានអ៊ុយក្រែនខ្លាំងៗថា លោកនឹងចាត់ឲ្យយោធាខ្លួនវាយប្រហារឲ្យធ្ងន់ធ្ងរ និងឲ្យសាកសមដើម្បីជាសងសឹងតបវិញ។ ចំណែកឯ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានសង្កត់ធ្ងន់ថា «វាគ្រាន់តែជាវគ្គទីមួយប៉ុណ្ណោះ ហើយវានឹងមានបន្តទៀត»។

ជាមួយគ្នានេះដែរ អគ្គលេខាអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារនេះថាជា «ការពង្រីកជម្លោះកាន់តែធំ និងមិនអាចទទួលយកបានទាល់តែសោះ»។ រីឯ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានហៅទង្វើបាញ់ស្រោចលើជនស៊ីវិលនេះថាជា «ការផ្លាស់ប្តូរមុខមាត់ថ្មីនៃសង្គ្រាមជិតប្រាំបីខែនេះតែម្តង»។

ក្រោយពីទីក្រុងធំៗរបស់អ៊ុយក្រែនត្រូវបានមីស៊ីលរុស្ស៊ីបាញ់ស្រោច សហរដ្ឋអាមេរិក និងអាល្លឺម៉ង បានប្រកាសថា ពួកគេនឹងផ្ដល់ជំនួយប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅឲ្យអ៊ុយក្រែន។

លោកយ៉ូដាន បូហ្សីរូវ (Yordan Bozhilov) នាយកនៃវេទិកាសន្តិសុខ Sofia របស់ប្រទេសប៊ុលហ្គារី បានហៅ ការផ្ទុះដែលបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះដ៏ធំ និងបំផ្លាញផ្នែកខ្លះនៃស្ពាន Kerch នោះថា «ជាការអាម៉ាស់មួយមែនទែនសម្រាប់លោក ពូទីន» ហើយការបាញ់មីស៊ីលទាំងនោះ គឺជាការយកលេសសងសឹកយ៉ាងពិតប្រាកដ។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារដោយបំផ្ទុះលើស្ពាន Kerch នោះ អ៊ុយក្រែនមិនបានអះអាងថា ជាទង្វើរបស់ខ្លួនទេ ក៏ប៉ុន្តែភ្លាមៗក្រោយការបំផ្ទុះស្ពាន ទីក្រុងម៉ូស្គូ បានចោទអ៊ុយក្រែនថាជាអ្នកធ្វើ ដែលមតិភាគច្រើនសង្កេតឃើញថា ជាការប្រើលេសរបស់រុស្សីដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជនស៊ីវិលអ៊ុយក្រែន ក្រោយពីកងកម្លាំងអ៊ុយក្រែនបានយកឈ្នះជាបន្តបន្ទាប់លើកងទ័ពរុស្ស៊ី និងដណ្តើមមកវិញនូវទឹកដីសំខាន់ៗដូចជា ទីក្រុង Lyman នៅភាគឦសានអ៊ុយក្រែន និងតំបន់ខ្លះនៅខេត្ត Kherson ភាគខាងត្បូងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាដើម។

គូរជម្រាបផងដែរដា ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃចន្ទ ទី ១០ តុលាថា លោកបានបញ្ជាដាក់ពង្រាយកងទ័ពរួមជាមួយកងកម្លាំងរុស្ស៊ីនៅជិតអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថា «ជាការគំរាមកំហែងយ៉ាងច្បាស់លាស់» ចំពោះប្រទេសបេឡារុស្សពីសំណាក់ទីក្រុង Kyiv និងប្រទេសលោកខាងលិច។

លោក Lukashenko ដែលមានទំនោរទៅរករុស្សីបានគូសបញ្ជាក់ថា លោកបានយល់ព្រមជាមួយលោក ពូទីន ក្នុងការដាក់ពង្រាយ «ក្រុមយោធារួម» នៅជិតព្រំដែនប្រទេសអ៊ុយក្រែន តាំងពី២ថ្ងៃមុនមកម្ល៉េះ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើស្ពានរបស់រុស្ស៊ីទៅកាន់ឧបបទ្វីបគ្រីមៀកាលពីថ្ងៃទី ៨ខែតុលា។

ជួនជាមួយគ្នានេះ ប្រទេសប៉ូឡូញបានប្រាប់ប្រជាជនខ្លួនកាលពីថ្ងៃទី ១០ ខែតុលាថា ពលរដ្ឋបូឡូញគួរតែចាកចេញពីប្រទេសបេឡារុស ដោយសារតែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អក់កករខ្លាំងមែនទែនចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងមក និងថ្មីៗក្រោយប្រទេសរណបម៉ូស្គូមួយនេះបានដាក់ពង្រាយកងទ័ពតាមព្រំដែនអ៊ុយក្រែនផងនោះ។

គួររំលឹងថា កងទ័ពបេឡារុស្សមានប្រហែល៦ម៉ឺននាក់ ដែលកាលពីដើមឆ្នាំនេះ បេឡារុស្សបានដាក់ពង្រាយកងវរសេនាតូចចំនួន៦ក្រុម ដែលមានចំនួនសរុបជាច្រើនពាន់នាក់ ទៅកាន់តំបន់ព្រំដែនជាមួយអ៊ុយក្រែនកាលពីថ្ងៃទី ៩តុលា ក្រោយប្រមុខឆ្មាំការពារព្រំដែនបេឡារុស បានចោទអ៊ុយក្រែនពីបទបង្កហេតុនៅព្រំដែននោះ៕