(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងអត្រា ប្រមាណ ៦% នៅឆ្នាំ២០២៣ ខាងមុខ ខណៈឆ្នាំ២០២២នេះ រំពឹងថាសម្រេចបានក្នុងអត្រាកំណើនប្រមាណ ៥% ជាមួយការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៧ ខែតុលាកន្លងទៅ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងចន្លោះឆ្នាំ២០១០ ២០១៩។
ឯកឧត្តម បន្តទៀតថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់ -៣,១% ក្នុងឆ្នាំ២០២០ ការដាក់ចេញ និងអនុវត្តនូវវិធានការរដ្ឋបាល និងសុខាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាពគួបផ្សំនឹងការអនុវត្តដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជាបើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ មុនប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ ២០២១មក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញក្នុអាត្រាប្រមាណ ៣% នៅឆ្នាំ២០២១ និង រំពឹងថាសម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥,០% ក្នុងឆ្នាំ ២០២២ និងប្រមាណ ៦,០% ក្នុងឆ្នាំ ២០២៣ខាងមុខ ៕