រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក ចេរេមី ហាន់(Jeremy Hunt) ក្រោយចូលកាន់តំណែងមិនយូរប៉ុន្មានផង បានអះអាងថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពលើជំនួយសម្រាប់ជនដែលងាយរងគ្រោះបំផុត ក្នុងពេលវេលាដែលសេដ្ឋកិច្ចអង់គ្លេសកំពុងជួបការលំបាក ខណៈស្ថានការនយោបាយក្នុងប្រទេសនេះក៏មិននឹងនរប៉ុន្មានដែរ។
ការលើកឡើងបែបនេះរបស់លោក ចេរេមី ធ្វើឡើងស្របពេលដែលទិន្នន័យចុងក្រោយបានបង្ហាញថា អត្រាអតិផរណាតម្លៃទំនិញប្រើប្រាស់នៅអង់គ្លេសបានកើនឡើងដល់ទៅតួលេខ២ខ្ទង់ ពោលគឺកើនដល់ ១០,១% កាលពីខែកញ្ញា។ នេះតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
បន្ទាប់ពីត្រូវតែងតាំងកាលពីថ្ងៃទី ១៤ ខែតុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់អង់គ្លេស គឺលោក Jeremy Hunt អះអាងថា រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់អាទិភាពដល់ជំនួយសម្រាប់អ្នកងាយរងគ្រោះបំផុត ហើយក្រៅពីនោះលោកនឹងខំប្រឹងផ្តល់នូវស្ថិរភាពសេដ្ឋកិច្ចកាន់តែប្រសើរជាងមុន និងជំរុញកំណើនរយៈពេលវែង ដែលគោលនយោបាយនេះនឹងទៅជួយដល់ពលរដ្ឋគ្រប់គ្នា។
រដ្ឋមន្ត្រីរូបនេះក៏ធ្លាប់បានលើកឡើងពីការដំឡើងពន្ធ និងកាត់បន្ថយចំណាយនៅតាមក្រសួង ស្ថាប័នរដ្ឋផងដែរ។ លោកសង្កត់ធ្ងន់ថា ការដំឡើងពន្ធ គឺចំពោះតែផ្នែកណាដែលចាំបាច់ត្រូវឡើងប៉ុណ្ណោះ និងមិនដំឡើងទាំងអស់ជាទូទៅទេ ហើយការដំឡើងពន្ធនេះទៀតសោត ក៏សម្រេចទៅតាមការចង់បានរបស់មនុស្សទូទៅដែរ។
ទោះយ៉ាងណា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចអង់គ្លេសនៅតែមាន។ ជាក់ស្តែង ក្រោយអស្ថិរភាពការដឹកនាំផ្ទៃក្នុងនយោបាយនិយាយជារួម និងនិយាយដោយឡែក ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី និងចុងក្រោយនេះ ការដកដំណែងផ្លាស់រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីទៀត មិនទាន់បានធ្វើឱ្យអង់គ្លេសសម្រាលការលំបាកផ្នែកសេដ្ឋកិច្ចឡើយ។
ទិន្នន័យកាលពីខែកញ្ញាបង្ហាញថា អតិផរណានៅអង់គ្លេសបានកើនដល់កំរិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល៤ទសវត្សរ៍ចុងក្រោយ ពោលគឺបានកើនពី៩,៩%កាលពីសីហា ឡើងដល់ ១០,១%ក្នុងខែកញ្ញា។ នេះបើតាមទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិជាតិអង់គ្លេស។
អត្រាអតិផរណាខ្ពស់បែបនេះ គឺដូចបានដឹងស្រាប់ហើយ ក៏ដោយសារវិបត្តិកើនឡើងតម្លៃទំនិញ ថ្លៃដើមផលិត និងការចំណាយទូទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃខ្ពស់ជាងមុន ជាអំរែកដ៏ធ្ងន់សម្រាប់ក្រុមគ្រួសារនៅអង់គ្លេស និងក៏ដូចជាអាជីវកម្មនានានៅមុនរដូវរងាចូលមលដល់។
សូមបញ្ជាក់ថា បើតាមវិទ្យាស្ថានស្ថិតិជាតិអង់គ្លេសដដែល ការកើនឡើងតម្លៃម្ហូបអាហារ ការដឹកជញ្ជូន និងថាមពល គឺជាកត្តារួមចំណែកដ៏ធំបំផុតចំពោះអតិផរណានៅពេលនេះ។ ជាក់ស្តែងតម្លៃម្ហូបអាហារបានកើនឡើងជិត១៥% ធៀបនឹងឆ្នាំមុន ការដឹកជញ្ជូនកើនឡើងជិត១១% បើប្រៀបធៀបទៅនឹងឆ្នាំមុនដែរ ខណៈដែលតម្លៃគ្រឿងសង្ហារឹម និងទំនិញប្រើប្រាស់ក្នុងផ្ទះកើនឡើង ១០,៨%៕