Alynana Media Cambodia
Icon Collap
clinic narit

អ្នកដែលជាប់ក្នុងលក្ខខណ្ឌទាំងអស់នេះ នឹងត្រូវលើកលែងពន្ធលើចំណេញមូលធន

Admin Alynana | Oct 20, 2022
អ្នកដែលជាប់ក្នុងលក្ខខណ្ឌទាំងអស់នេះ នឹងត្រូវលើកលែងពន្ធលើចំណេញមូលធន
Clinic narith

 ពន្ធលើចំណេញមូលធន ត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ៖

  • មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅបរទេសចំពោះរូបវន្តបុគ្គលនិវាសនជន
  • មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលអនិវាសនជន។

មូលធនរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។
កាតព្វកិច្ចនិងបែបបទនៃការប្រកាសបង់ពន្ធ
អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាស និង បង់ពន្ធលើចំណេញមូលធនតាមប្រតិបត្តិការនីមួយៗជូនរដ្ឋបាលសារពពន្ធ ក្នុងអំឡុងពេលមិនលើសពី ០៣ខែ បន្ទាប់ពីសម្រេចបានចំណេញមូលធន។

  • ចំពោះទ្រព្យដែលស្ថិតនៅរាជធានីភ្នំពេញ ត្រូវដាក់លិខិតប្រកាស នៅអគ្គនាយកដ្ឋានពន្ធដារ និងបង់ប្រាក់ពន្ធនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចំពោះទ្រព្យដែលស្ថិតនៅតាមបណ្តាខេត្តត្រូវដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្តដែលទ្រព្យនោះស្ថិតនៅឬនៅអគ្គនាយកដ្ឋានពន្ធដារតាមការស្នើសុំរបស់អ្នកជាប់ពន្ធ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អត្រាពន្ធមូលដ្ឋានគិតពន្ធនិងការគណនាប្រាក់ពន្ធ
ពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ២០%នៃចំណេញមូលធន។ មូលដ្ឋានគិតពន្ធគឺជាចំណេញមូលធនដែលសំដៅដល់ប្រាក់ចំណូលជាប់ពន្ធដែលបានពីការចំណូលពីការលក់ ឬ ផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត។ អ្នកជាប់ពន្ធអាចអាចជ្រើសរើសវិធីសាស្ត្រកាត់កងចំណាយដែលអនុញ្ញាតដូចខាងក្រោមដើម្បីគណនាចំណេញមូលធន។
ការគណនាចំណេញមូលធន៖
.តាមចំណាយជាក់ស្តែងចំពោះមូលធនទាំងអស់
ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ

  • ថ្លៃលក់ឬផ្ទេរនៃទ្រព្យ៖ តម្លៃកំណត់ក្នុងកិច្ចសន្យានិងឯកសារពាក់ព័ន្ធ
  • ថ្លៃដើមនៃទ្រព្យ៖ ថ្លៃដើមពេលទិញទ្រព្យ រួមទាំងចំណាយពាក់ព័ន្ធផ្សេងៗដែលអនុញ្ញាតឱ្យកាត់កង

.តាមការកំណត់ចំពោះមូលធនជាអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីកាត់កងចំណាយតាមការកំណត់(៨០%នៃប្រាក់ចំណូលពីការលក់ឬផ្ទេរ) ឬវិធីកាត់កងតាមចំណាយជាក់ស្តែង។
ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - (៨០%xថ្លៃលក់ឬផ្ទេរនៃទ្រព្យ)
ការគណនាពន្ធលើចំណេញមូលធន
ប្រាក់ពន្ធលើចំណេញមូលធនត្រូវបង់ = ចំណេញមូលធន x ២០%
ការលើកលែងពន្ធ និងការអនុគ្រោះពន្ធ
ពន្ធលើចំណេញមូលធនត្រូវបានលើកលែងចំពោះការលក់ឬផ្ទេរ៖

  • ដីកសិកម្ម ជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដនិងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ
  • ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ
  • ទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកកម្មទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ
  • និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់យ៉ាងតិចរយៈពេលប្រាំ(០៥)ឆ្នាំមុនពេលលក់ឬផ្ទេរ។ ក្នុងករណីអ្នកជាប់ពន្ធមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសន-ដ្ឋានតែមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតជានិវាសដ្ឋានជាគោលដើម
  • អចលនទ្រព្យក្នុងរង្វង់ញាតិដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រាវៀរលែងតែ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាងឳពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ
  • ទ្រព្យដែលត្រូវបានលក់ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។