(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។
តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួន៣លើករួចមកហើយ។ ៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ និងលើកទី៣ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ។
ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ប្រតិបត្តិការក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ គឺឈ្នះទាំងការរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងឈ្នះដោយពលរដ្ឋមានកន្លែងស្នាក់អាស្រ័យមួយដ៏ច្បាស់លាស់ គឺទទួលបានជោគជ័យយ៉ាងធំធេងបំផុត។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សុទ្ធតែបានជ្រូតជ្រាបពីគោលបំណងរបស់រាជរដ្ឋាភិបាល ហើយបានចូលរួមសហការអនុវត្តន៍ប្រកបដោយក្តីរីករាយ និងមិនបានបង្កការលំបាកណាមួយនោះឡើយ។ នេះជាលទ្ធផលជោគជ័យដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកសម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិតក្នុងតំបន់
រមណីយដ្ឋានអង្គរ ស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុបចំនួន ៩៧,៩១៣ក្បាលដី ទំហំ ២៩,១១០ ហិកតា។ ក្នុងនោះដីលំនៅឋានចំនួន ៥២,០២១ក្បាលដី ទំហំ ៨,៤២៣ ហិកតា, ក្បាលដីមានសំណង់ចំនួន ៣៩,៣៤៧ក្បាលដី ទំហំ ៦,៣៨៣ ហិកតា និងក្បាលដីគ្មានសំណង់ ១២,៦៧៤ក្បាលដី ទំហំ ២,០៤០ហិកតា។
ដីកសិកម្មចំនួន ៤១,១២៥ក្បាលដី ទំហំ ១៨,៧៩៦ហិកតា និង ក្បាលដីគ្មានទិន្នន័យចំនួន ៤,៧៦៧ក្បាលដី ទំហំ ១,៨៩១ហិកតា។
ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារ ក្នុងនោះ ៥, ៨២៣គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣,២០០គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។
សម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោលនយោបាយឧបត្ថម្ភនានាដូចនឹងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ អត្រាឧបត្ថម្ភបែបទីប្រជុំជន រយៈពេល១០ឆ្នាំ, ទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំជាដើម, ផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០ម៉ឺនរៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទាំងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ៕