(សៀមរាប)៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ៣.២០០គ្រួសារ ដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុងស្រុកអង្គរធំ នាព្រឹកថ្ងៃទី២២ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សម្តេចនឹងអញ្ជើញទៅចែកស្រូវពូជដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
សម្តេចបញ្ជាក់ថា បើទោះបីយឺតពេលបន្តិច ប៉ុន្តែក្រុមការងារបាននិងកំពុងចុះជួយអន្តរាគមន៍ផ្តល់ការជួយសង្គ្រោះដល់ផលប៉ះពាល់របស់បងប្អូនពីគ្រោះទឹកជំនន់នេះជាបន្តបន្ទាប់ដោយមិនរង់ចាំវត្តមានសម្តេចក្នុងពេលតែមួយបានទេ ក្នុងនោះក្រុមការងារ និងសប្បុរសជនរួមទាំងព្រះសង្ឃបានចូលរួមជួយដោះស្រាយឧបត្ថម្ភជាបន្តបន្ទាប់។
ទោះជាយ៉ាងណាក្រោយបញ្ចប់បេសកកម្មនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ នឹងបន្តអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជដោយផ្ទាល់ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា។
សូមបញ្ជាក់ថា៖ ស្ថានភាពរងគ្រោះដោយទឹកជំនន់ឆ្នាំនេះក៏មានស្ថានភាពធ្ងន់ធ្ងរផងដែរ។ កាលពីថ្ងៃទី១៨តុលា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធបានជួបប្រជុំតាមប្រព័ន្ធហ្សូម ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការសង្គ្រោះបន្ទាន់។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ មានប៉ះពាល់ខេត្តជាច្រើនទាំងតាមបណ្តោយដងទន្លេមេគង្គ និងខេត្តនៅជុំវិញបឹងទន្លេសាប។ ក្នុងនោះខេត្តនៅជុំវិញបឹងទន្លេសាបរងផលប៉ះពាល់ធ្ងន់ជាងគេរួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិ៍សាត់។
ខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២,៤៩៧គ្រួសារ, លិចស្រូវ ៣១,៩៩៨ហិកតា និងលិចដំណាំរួមផ្សំ ២,៩៨៨ហិកតា។
ខេត្តបាត់ដំបង ប៉ះពាល់ប្រជាពលរដ្ឋ ១៥,៨១៤គ្រួសារ, លិចស្រូវ ១៨,៥៨៦ហិកតា និងលិចដំណាំរួមផ្សំ ២៤,៥០០ហិកតា។
ខេត្តកំពង់ធំ ប៉ះពាល់ប្រជាពលរដ្ឋ ១៨,៥៩២គ្រួសារ, លិចស្រូវ ២៦,៨៣៥ហិកតា និងលិចដំណាំរួមផ្សំ ៦៨៩ហិកតា។
ខេត្តសៀមរាប ប៉ះពាល់ប្រជាពលរដ្ឋ ២៥,០២៣គ្រួសារ លិចស្រូវប្រមាណ ៣៦,៥៨៦ហិកតា។
ខេត្តពោធិ៍សាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៦,៦៧៦គ្រួសារ និងលិចស្រូវប្រមាណ ១១,៣៦៥ហិកតា។
ឆ្លើយតបនឹងផលប៉ះពាល់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ប្រញាប់សិក្សាវាយតម្លៃផលប៉ះពាល់ និងបញ្ចេញពូជស្រូវ ពូជដំណាំរួមផ្សំផ្សេងៗជូនប្រជាពលរដ្ឋ ដើម្បីស្តារការដាំដុះឡើងវិញ។ ជាពិសេសធានាបាននូវការស្តារជីវភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំឱ្យបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះរយៈពេល៣ខែថែមទៀតផង ដើម្បីសម្រាលការលំបាកក្នុងជីវភាព។
ដើម្បីពន្លឿនការដាំដុះឡើងវិញរបស់ប្រជាកសិកររយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកស្រូវពូជសរុបជាង ៦០០តោនរួចហើយទៅ ចែកជូនប្រជាពលរដ្ឋនៅបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម៕