ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី២០តុលា បាននិយាយថា លោកគ្មានព្រួយបារម្ភពីភាពចលាចលនយោបាយរបស់ចក្រភពអង់គ្លេសចំពោះការលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោកស្រី លីស ត្រាស ថានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនោះទេ។ ទោះយ៉ាងណា មហាយក្សសេដ្ឋកិច្ចលេខ១អាមេរិក ក៏នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសដដែល។
ប្រធានាធិបតីអាមេរិកលោក បៃដិន បានឆ្លើយសំណួរពាក់ព័ន្ធនឹងភាពចលាចលនយោបាយរបស់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក គឺអង់គ្លេស ដល់អ្នកយកព័ត៌មាននៅពេលលោកបានចាកចេញពីសេតវិមានថា លោកមិនបារម្ភអំពីបញ្ហាជ្រើសរើសមេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេស នឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកនោះទេ។
លោក បៃដិន បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោកស្រី ត្រាស បានប្រកាសពីការចុះចេញពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅសប្ដាហ៍ក្រោយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាមិត្តយូរឆ្នាំមកហើយ ហើយជាការពិតវានឹងគ្មានអ្វីប្រែប្រួលនោះទេ។
លោក បៃដិន បានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ខណៈដែលពួកគេធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដែលប្រជាជាតិរបស់ពួកគេកំពុងតែប្រឈម។
ប្រទេសទាំងពីរនេះបានក្លាយជាដៃគូ ដើម្បីដោះស្រាយរួមគ្នាលើបញ្ហាជាច្រើនរួមទាំងការដោះស្រាយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ។
ប្រធានបុគ្គលិកសេតវិមានលោក រ៉ុន ក្លែន (Ron Klain) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកនឹងបន្តទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយចក្រភពអង់គ្លេស និងអ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោកស្រី ត្រាស។
សូមរំលឹកថា លោកស្រី ត្រាស បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ២០ ខែតុលា ក្រោយពីបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបានត្រឹមតែ ៦ សប្តាហ៍។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅក្នុងចំណោមសមាជិកគណបក្សអភិរក្សរបស់លោកស្រីគ្រោងនឹងធ្វើនៅរង្វង់ដើមសប្តាហ៍ក្រោយនេះ។
ការរបូតចេញពីអាណត្តិរបស់លោកស្រី ត្រាស នេះគឺដោយសារតែកម្មវិធីសេដ្ឋកិច្ចរបស់លោកស្រីបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងទីផ្សារហិរញ្ញវត្ថុអង់គ្លេស ហើយត្រូវបានលុបចោលទាំងអស់ទៅវិញផង៕