ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីននឹងទិញឧទ្ធម្ភាគចក្រយោធា Mi-17 ពីសហរដ្ឋអាមេរិក បន្ទាប់ពីលុបចោលកិច្ចព្រមព្រៀងទិញយន្តហោះស្រដៀងគ្នានេះពីប្រទេសរុស្ស៊ី ។
ស្របពេលជាមួយគ្នានេះ លោក Marcos មិនបានបញ្ជាក់ថាតើឧទ្ធម្ភាគចក្រអាមេរិកមួយណាដែលត្រូវបានជ្រើសរើសជំនួសយន្តហោះ Mi-17 នោះទេ ដោយគ្រាន់តែថា យន្តហោះនោះនឹងផលិតនៅប្រទេសប៉ូឡូញ ។
ដោយឡែកឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Jose Romualdez បានប្រាប់អ្នកសារព័ត៌មានកាលពីខែសីហាថា ទីក្រុងម៉ានីលកំពុងសម្លឹងឃើញយន្តហោះ Chinooks របស់អាមេរិក ដើម្បីជំនួសយន្តហោះ Mi-17 របស់រុស្ស៊ី ។
រដ្ឋាភិបាលហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ២១៥ លានដុល្លារសម្រាប់ទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន ១៦ គ្រឿងពីប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានលុបចោលវិញក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្មទ្រង់ទ្រាយលើទីក្រុងមូស្គូ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសហ្វីលីពីន លោក Marat Pavlov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកមិនត្រូវបានគេជូនដំណឹងជាផ្លូវការអំពីការលុបចោលកិច្ចសន្យានេះនោះទេ ហើយចាត់ទុកថា កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រនៅតែមានសុពលភាពនៅឡើយ ៕