Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ រយៈពេល៥ថ្ងៃជាប់គ្នាហើយ

Admin Alynana | Oct 25, 2022
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ រយៈពេល៥ថ្ងៃជាប់គ្នាហើយ
Clinic narith

 

(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសឲ្យដឹងថា កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ រយៈពេល៥ថ្ងៃជាប់គ្នាហើយ គិតទាំងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ដែលក្រសួងសុខាភិបាល ត្រូវប្រកាសប្រចាំថ្ងៃ។

ចំពោះករណីស្លាប់ដោយសារជំងឺកូវីដ១៩វិញ គឺមានរយៈពេលជាង៦ខែមកហើយ ដែលកម្ពុជាមិនអ្នកស្លាប់សូម្បីតែម្នាក់ ទាំងនេះជាជោគជ័យរបស់កម្ពុជា លើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំបញ្ជាក់បញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់ ថ្ងៃនេះ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ សូម្បីមួយករណី។ យើងមានរយៈពេល៥ថ្ងៃហើយ ដែលយើងអត់មានការឆ្លងជំងឺសូម្បីមួយករណី ដែលកាលពីប៉ុន្មានខែមុននោះ យើងមានរយៈពេល៥២ថ្ងៃ អត់មានអ្នកឆ្លង ឥឡូវនេះយើងមាន៥ថ្ងៃ អត់មានអ្នកឆ្លង ប៉ុន្តែអ្វីដែលសំខាន់ ៦ខែរួចមកហើយ យើងគ្មានមនុស្សណាម្នាក់ស្លាប់ ដោយសារកូវីដទេ នៅក្នុងស្ថិតិដែលយើងមានអ្នកជំងឺទូទាំងប្រទេស ត្រឹមថ្ងៃម្សិលមិញ មានតែ៣នាក់ប៉ុណ្ណោះ ដែលមកសម្រាកនៅមន្ទីរពេទ្យ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជោគជ័យនៃការគ្រប់គ្រងកូវីដ១៩នេះហើយ ទើបរាជរដ្ឋាភិបាលអាចបើកសាលារៀនឡើងវិញ បើកសេដ្ឋកិច្ចឡើងពេញលេញទៅតាមរបៀបរស់នៅថ្មី ដូចជាពាក់ម៉ាស ថែរក្សាអនាម័យ និងការទទួលយកវ៉ាក់សាំងជាដើម។

បើទោះបើជាមិនមានករណីឆ្លងថ្មីក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់នូវការថែរក្សាសុខភាព អនុវត្តន៍វិធានការណ៍សុខាភិបាល និងទៅទទួលយកវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ។

ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញនូវអារម្មណ៍សោកស្តាយដែលកូវីដ១៩ បានវាយប្រហារមកលើពិភពលោក រាប់ទាំងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាប្រមាណ៣ ០៥៦នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ។ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្ហាញច្បាស់អំពីការទទួលខុសត្រូវខ្ពស់ ដោយមិនទុកឲ្យប្រជាជនណាខ្វះនូវស្បៀងអាហារ ដែលយើងមិនបានដឹង មិនបានដោះស្រាយនោះទេ ហើយទាក់ទងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានយកចិត្តដាក់យ៉ាងខ្លាំង ដោយបានចាក់ស្រោចនូវវ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋផងដែរ ការពារអាយុជីវិត ពីជំងឺដ៏កាចសាហាវនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តន៍នូវវិធានសុខាភិបាល «៣ការពារ ៣កុំ» និងជាពិសេសការទទួលយកវ៉ាក់សាំង ដែលធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យលើសមរភូមិកូវីដ១៩ អាចបើកប្រទេសបានធម្មតាឡើងវិញលើគ្រប់វិស័យ។

សូមជម្រាបថា ថ្មីៗនេះគេហទំព័រ Nikkei (COVID-19 Recovery Index) បានផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជា ថាជាប្រទេសឈរនៅលេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ ។

សន្ទស្សន៍ Nikkei COVID-19 Recovery Index នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់ចំនួន១២១ លើពិភពលោក លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ប្រសិនបើសន្ទស្សន៍នេះ មានពិន្ទុកាន់តែខ្ពស់មានន័យថា ប្រទេស ឬតំបន់នោះបានងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ បានល្អប្រសើរ ដោយសារករណីឆ្លងថ្មី មានចំនួនតិចជាងមុន, អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាត សង្គមធូរស្រាលជាងមុន។

ក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោម ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំង ដប់នៅលើពិភពលោក។

ជ័យជំនះនេះកើតឡើងមកពីកម្ពុជា បានបន្តជំរុញយុទ្ធនាការចាក់ វ៉ាក់សាំង របស់ខ្លួនបានទូលំទូលាយ និងឆាប់រហ័ស និង ជាលទ្ធផលកម្ពុជា បានបើកប្រទេសទាំងស្រុង ទទួលទេសចរណ៍ពីគ្រប់ទិសទីលើពិភពលោក។ ការវិវត្តដ៏ល្អនេះ បានជួយប្រែក្លាយចក្ខុវិស័យ សេដ្ឋកិច្ចនៅកម្ពុជា អោយកាន់តែមានភាពប្រសើរឡើង។ ធនាគាពិភពលោក បានកែសំរួលការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជា ពី៤.៥% ទៅ ៤.៨% ក្នុងឆ្នាំ២០២២នេះ៕