Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការធ្វើបរិវត្តកម្មឌីជីថល ដំណើរការទៅបានទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​លទ្ធភាព​ប្រើ​ប្រាស់

Admin Alynana | Oct 25, 2022
ការធ្វើបរិវត្តកម្មឌីជីថល ដំណើរការទៅបានទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​លទ្ធភាព​ប្រើ​ប្រាស់
Clinic narith

នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញថាហាងកាហ្វេ ហាងលក់ទំនិញ និង​ភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជាបានដាក់តាំងនូវកូដ QR សម្រាប់ឱ្យ​អតិថិជន​​​​របស់ខ្លួនស្កេនដើម្បីទូទាត់ប្រាក់។ ប៉ុន្តែ បច្ចេកវិទ្យានេះមិនត្រូវ​បាន​ប្រើប្រាស់​​ទូលំ​ទូលាយនោះទេកាលពី៣ឆ្នាំមុន។ វាក៏មិនមានមនុស្ស​ច្រើនទេ​ដែល​ស្គាល់​ថា​អ្វី​ជាកូដ QR នោះ ទោះបីជានៅក្នុងចំណោមប្រជាជននៅទីប្រជុំជនក៏ដោយ។ ជាការពិតណាស់ ប្រទេសកម្ពុជាកំពុងដំណើរការធ្វើបរិវត្តកម្ម (Transformation) ​ឌីជីថល​ដ៏លឿនក្នុងវិស័យជាច្រើន ហើយរាជរដ្ឋាភិបាលមានផែនការជំរុញ​បរិវត្តកម្ម​នេះ​បន្ថែម​ទៀត តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន រួមមាន សេវាប្រកាស​ពន្ធ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ សេវាចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ និង​សេវាកម្ម​​សាធារណៈដទៃជាដើម។

នៅក្នុងវិស័យមួយចំនួន ការធ្វើបរិវត្តកម្មឌីជីថលកំពុងតែមានដំណើរការទៅមុខ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជាបានសហការគ្នាជាមួយ Soramitsu ដែលជាក្រុមហ៊ុន​បច្ចេក​វិទ្យា Blockchain ដើម្បីបង្កើតនូវកម្មវិធី Bakong សម្រាប់ការផ្ទេរ​ប្រាក់អន្តរធនាគារ​តាមប្រព័ន្ធឌីជីថល។ យោងទៅតាមធនាគារជាតិនៃកម្ពុជា ការទូទាត់​ប្រាក់​តាមរយៈ Bakong ​សរុបមានចំនួន ៥,៧ លានដង ដែលស្មើជាង ២,៣ ប៊ីលានដុល្លារ​​កាល​ពី​ឆ្នាំ​​២០២១។

ខណៈដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានពន្លឿនការចាប់យកបច្ចេកវិទ្យា​ថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់គោលការណ៍ជំរុញការធ្វើបរិវត្តកម្មនេះ សំដៅ​កសាង​នូវសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏​រស់រវើក​ត្រឹមឆ្នាំ២០៣៥ ។

ទោះជាយ៉ាងនេះក្តី ការសម្រេចបានគោលដៅនេះប្រកបដោយសមធម៌​នឹងទាមទារ​ឱ្យប្រទេសកម្ពុជាដោះស្រាយបញ្ហាខ្វះខាត​មួយ​ចំនួនក្នុងការរៀបចំ និងបង្កើត​ផលិត​ផល និងសេវាកម្មឌីជីថល។ ប្រសិនបើគម្លាតឌីជីថលបន្តមាននៅប្រទេសកម្ពុជា នោះការ​ធ្វើបរិវត្តកម្ម (Transformation) ​ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនចង់​ធ្វើ​ឱ្យ​បាន​ជោគ​ជ័យ​នោះ អាចបណ្តាលឱ្យវិសមភាពដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀត​ដោយ​ហេតុថា​បុគ្គលមួយ​ចំនួន​នឹង​មិនមាន​ឱកាសចូលរួមក្នុង​បច្ចេកវិទ្យា​ថ្មីនេះទេ។ ជាង​នេះ​ទៅទៀត ពួក​គេ​​នឹង​​បាត់​បង់​សិទ្ធិក្នុងការទទួលបានការអប់រំ ឱកាសការងារ និងការចូលរួមក្នុង​សកម្ម​ភាព​​​នយោបាយ ក្នុងអំឡុងពេលដែលលំហឌីជីថល កាន់​តែ​រីក​ចម្រើន។

ការយកលទ្ធភាពក្នុងការប្រើប្រាស់ជាធំ

ដើម្បីជួយឱ្យប្រទេសកម្ពុជាធ្វើបរិវត្តកម្មឌីជីថល​បាន​សម្រេចគួរ​តែ​មាន​​កិច្ច​ការ​​​មួយ​ចំនួនត្រូវ​ធ្វើ ដូចជាការរៀបចំ និងបង្កើតផលិតផល និងសេវាកម្មឌីជីថល ។ ផលិតផល និងសេវាកម្មឌីជីថលមួយភាគធំត្រូវបង្កើតឡើង និង​ផ្សព្វផ្សាយ​ដោយ​ផ្តោត​លើ​ក្រុម​យុវជន​ដែលរស់នៅក្នុងទីប្រជុំជន និង​មាន​សមត្ថភាពខ្ពស់​ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗនេះ។ ក្រុម​អ្នក​ប្រើ​ប្រាស់​វ័យក្មេងនេះត្រូវបានចាត់ទុកថាជា​ក្រុម​មនុស្ស​ឆា​ប់​ចាប់​បាន (រៀន​ឆាប់ចេះ Early Adopter)។ ហេតុដូចនេះ គេ​នឹង​មិនប្រើគោល​ការណ៍​​សកល ឬគោលការណ៍ Universal ដែលផ្តោត​លើ​មនុស្ស​គ្រប់​រូប​នោះទេ។ ដូច្នេះតម្រូវ​ការ​របស់​ក្រុម​មនុស្ស​ដែល​មាន​ការ​អប់រំទាប អ្នក​ដែល​មិន​ចេះ​ភាសា​អង់គ្លេស មនុស្ស​វ័យ​ចំណាស់ រួម​ទាំង​តម្រូវ​ការ​របស់​ជនមាន​ពិការ​ភាពនឹង​ត្រូវ​គេ​មើល​រំលង។ ក្រុមមនុស្សដែលងាយទទួលរងផលប៉ះពាល់​​ទាំង​នេះនៅមិនទាន់​អាច​ប្រើ​ប្រាស់សេវាកម្ម​រដ្ឋាភិបាលឌីជីថលនានានៅឡើយទេ ។ ចូរពិនិត្យមើលសេវាកម្មរដ្ឋាភិបាលឌីជីថលចំនួន ៣ រួមមាន សេវាប្រកាសពន្ធ​អាជីវកម្ម​តាម​ប្រព័ន្ធអនឡាញ សេវាចុះបញ្ជីអាជីវកម្មតាម​ប្រព័ន្ធ​អនឡាញ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​រួមពាក់ព័ន្ធវិស័យការងារ និងវាយតម្លៃ​សេវាកម្ម​ទាំង​នេះដោយ​ផ្អែក​លើ​ស្តង់ដារ​អន្តរជាតិ ។

ជាក់ស្តែងសេវាកម្មទាំងនេះមានចំណុចជាច្រើនដែលមិនសមស្របទៅតាមគោលការណ៍មូលដ្ឋានរបស់សេចក្តីណែនាំអន្តរជាតិ ដូចជាក្នុងវីឌីអូដែលណែនាំ​ពីសេវា​ចុះ​បញ្ជី​អាជី​កម្ម​តាម​អនឡាញ​ មាន​តែ​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេសប៉ុន្តែមិនមាន​សម្លេង​ដែល​អាច​ជំនួស​​ការអាន​សម្រាប់​អ្នក​ដែល​មិន​ចេះអក្សរ​ ឬជនមានពិការភាព​ភ្នែក​ជាបណ្តោះអាសន្ន ឬអចិន្រ្តៃយ៍។ បុគ្គល​ទាំង​នេះ​មិនអាចប្រើប្រាស់សេវាកម្ម​ខាងលើបាន​ឡើយ បើ​​គ្មាន​ជំនួយ​ពី​អ្នកដទៃ។ ម្យ៉ាង​ទៀត​អ្នកប្រើប្រាស់​ក៏មិនអាចប្រើសេវាកម្មទាំងនេះដោយប្រើ​ប្រាស់តែ​ក្តារ​ចុចបានដែរ ។ ការប្រើប្រាស់តែក្តារចុចសុទ្ធនៅលើគេហទំព័រនានា ឬនៅពេលប្រើ​ប្រាស់​​សេវាកម្ម​ណាមួយ មានសារៈសំខាន់​ណាស់សម្រាប់​ជនដែលមិនអាច​ប្រើប្រាស់កូន​កណ្តុរ(mouse) ដែលរួមមាន ជនពិការភ្នែក ឬមនុស្សវ័យចំណាស់ ដែលមិនអាច​មើលឃើញ​ទ្រនិចព្រួញ(Cursor) បានច្បាស់ ។

ដើម្បីជៀសវាងឧបសគ្គទាំងនេះ អ្នករៀបចំ និងបង្កើតផលិតផល និងសេវាកម្ម​ឌីជីថល​ត្រូវតែរួមបញ្ចូលគោលការណ៍ដើម្បី​ធ្វើឱ្យ​មនុស្សវ័យចំណាស់ អ្នក​មាន​ការអប់រំ​​ទាប និងជនមាន​ពិការភាព​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​ការ​ប្រើប្រាស់ផលិតផល និង​សេវា​កម្មឌីជីថល ។

គួរកត់សម្គាល់ដែរថា ការប្រើ​ប្រាស់​គោលការណ៍នេះមិនត្រឹមតែជួយដល់​ជន​​​ដែល​ងាយ​ទទួលរងផលប៉ះពាល់​ទាំង​នេះនោះទេ តែវាក៏អាចនាំមកនូវផលប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​​ទាំងអស់បានដែរ។ ជាក់ស្តែងការសិក្សាស្រាវជ្រាវបានប្រទះ​ឃើញថា​ Subtitle លើវីឌី​អូអាច​ជួយជំរុញដល់ការអានរបស់សិស្សានុសិស្សថែមទៀត។

ផលិតផលឌីជីថលដែលត្រូវបានរៀបចំ និងដាក់ឱ្យប្រើប្រាស់​ដោយរាជរដ្ឋាភិបាល​ត្រូវតែផ្តល់ជាឧទាហរណ៍ល្អមួយសម្រាប់វិស័យឯកជន។ តួយ៉ាង គេហទំព័រ និងកម្មវិធី​ទូរស័ព្ទ​របស់រាជរដ្ឋាភិបាល ដែលផ្តល់សេវាកម្មសំខាន់ៗ​ត្រូវតែបញ្ចូល​នូវមុខងារ​នានា​ដែល​ជួយដល់ជនដែលមានពិការភាព។ ចំណុចទាំងនេះអាចមានដូចជា ការអនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់ពង្រីក ឬបង្រួមទំហំអក្សរ បង្កើន ឬបន្ថយពណ៌ និងពន្លឺ រៀបចំជា Subtitle សម្រាប់​វីឌីអូ ឬអនុញ្ញាតឱ្យអ្នកប្រើប្រាស់បម្លែងអក្សរទៅជាសម្លេងជាដើម ។

ជាងនេះទៅទៀត ប្រទេសកម្ពុជាត្រូវការសេចក្តីណែនាំ​ជា​ផ្លូវ​ការ​ពីរាជរដ្ឋាភិបាល ដើម្បីធានាថាគោលការណ៍ទាំងនេះ​ត្រូវបាន​​បញ្ចូល​ក្នុងការរៀបចំ និងបង្កើតផលិតផល និងសេវាកម្មឌីជីថលទាំងអស់ ។ ជាក់ស្តែង សេចក្តីណែនាំពី​ការ​ប្រើ​ប្រាស់គេ​ហ​ទំព័រ(Web Content Accessibility Guidelines) បានផ្តល់ជាក្របខណ្ឌ​ដែល​រាជ​រដ្ឋាភិបាលអាចយក​មក​សិក្សា និងកែសម្រួលឱ្យស្របទៅតាមបរិបទ ភាសា និង​កម្រិត​​អក្ខរកម្មឌីជីថលរបស់អ្នក​ប្រើ​ប្រាស់នៅប្រទេសកម្ពុជា។

ការរៀបចំកម្មវិធី និងសេវាកម្មឌីជីថលសម្រាប់អ្នក​ប្រើប្រាស់ដែលមាន​អក្ខរកម្ម​ឌីជីថលនៅមានកម្រិត

ផលិតផលឌីជីថលថ្មីៗ ​ទោះជាត្រូវបានដាក់ចេញដោយវិស័យឯកជន ឬវិស័យ​សាធារណៈក៏​ដោយ ត្រូវតែមានការគិតគូរពីអក្ខរកម្ម​ឌីជីថល​របស់អ្នក​ប្រើប្រាស់​នៅ​ប្រទេស​​​កម្ពុជា ដែលនៅមានកម្រិតនៅឡើយ។ អក្ខរកម្មឌីជីថល​គឺជាសមត្ថភាព​យល់​ដឹង​ពី​បច្ចេកវិទ្យា​ឌីជីថល និងការប្រើប្រាស់​បច្ចេក​វិទ្យាទាំងនេះនៅក្នុងសកម្មភាពសេដ្ឋកិច្ច និង​សង្គម ។

យោងទៅតាមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រជាជន​កម្ពុជា ប្រមាណ ៣០%ប៉ុណ្ណោះដែលមានអក្ខរកម្មឌី​ជីថល​កម្រិតមូលដ្ឋាន។ ​កម្មវិធីអភិវឌ្ឍន៍របស់​​អង្គការ​សហ​ប្រជាជាតិ (UNDP) បាន​ធ្វើការស្ទង់មតិមួយនៅឆ្នាំ២០២០ ដែលមានការចូល​រួម​ពីយុវជនចំនួន ១ ២៨៥នាក់ និង​​បានឃើញថា អ្នកចូលរួមទាំងនេះ​មានអក្ខរកម្ម​ឌីជីថល​កម្រិត​ទាបនៅ ៤ផ្នែកធំៗ ពោលគឺ ការប្រើប្រាស់ Hardware ឬ Software អក្ខរកម្មព័ត៌មាន ការបង្កើត Content និង​សុវត្ថិភាព ដែលជាចំណុចគួរឱ្យព្រួយបារម្ភជាងគេ។ ការណ៍នេះមានន័យថា យុវជន​ជា​ច្រើននៅតែមិនទាន់​មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយប្រសិទ្ធភាពក្នុងការគាំទ្រដល់ការបំពេញការងារ និងការសិក្សា​របស់ពួកគេ​ឡើយ។

ជាងនេះទៅទៀត អ្នកដែលមានជំនាញ និងចំណេះដឹងស្នូលផ្នែកឌីជីថល​នៅមាន​កម្រិត​មិនត្រឹមតែប្រឈមនឹងហានិភ័យក្នុងលំហឌីជីថល និង​ ​ឱកាសក្នុងសេដ្ឋកិច្ចនោះទេ តែថែមទាំងអាចងាយ​ទទួលរងការវាយប្រហារតាមប្រព័ន្ធសាយប័រ(Internet) និងអំពើឆបោកតាម(Internet)នានាថែមទៀត ។ ជា​ពិសេសក្នុងអំឡុងការឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩ ដែលជាពេល​ការទូទាត់​ប្រាក់ភាគច្រើនត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ រាជរដ្ឋាភិបាលបាន​ចេញជា​ការ​ព្រមានដល់ប្រជាពលរដ្ឋឱ្យមាន​ការប្រុងប្រយ័ត្នចំពោះ​អំពើ​ឆបោក និងការលួចចូល​គណនី​(Hack)។ ការព្រួយបារម្ភពីការវាយប្រហារ​តាម​ប្រព័ន្ធ​សាយប័រក៏បន្តមានការកើនឡើងដែរ ដោយការវាយប្រហារទាំង​នេះកាន់តែមាន​ភាព​ស្មុគស្មាញ និងត្រូវបានប្រព្រឹត្តទៅដោយ​មានការរៀបចំបានល្អ​ខណៈដែលប្រទេសកម្ពុជា​ងាយរង​គ្រោះ​​ដោយការវាយប្រហារតាមប្រព័ន្ធសាយប័រនៅឡើយ ។

ក្នុងរយៈពេលវែង រាជរដ្ឋាភិបាលកំពុងព្យាយាម​បំពាក់ប្រជាពលរដ្ឋ​នូវអក្ខរ​កម្ម​ឌីជីថល។ តួយ៉ាង ក្រសួងអប់រំ យុវជន និងកីឡាបានដាក់​បញ្ចូលនូវវគ្គ​សិក្សា​អំពីបច្ចេក​វិទ្យា​​ព័ត៌មានក្នុងកម្មវិធីសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ ប៉ុន្តែការណ៍នេះ​មិនអាចនាំ​ឱ្យមាន​ការ​ផ្លាស់ប្តូរភ្លាមៗនោះទេ ។ ហេតុដូចនេះ អ្នកបង្កើតកម្មវិធី និងសេវាកម្ម​ឌីជីថល​នៅ​កម្ពុជា​ត្រូវតែងាកទៅបង្កើតផលិតផល និងសេវាកម្មដោយគិតគូរពីអ្នក​ប្រើប្រាស់ដែល​មិន​មាន​អក្ខរកម្មឌីជីថលខ្ពស់វិញ ។

ជាការពិតណាស់ ​ក្រុម​ហ៊ុន​មួយ​ចំនួន​បានបង្កើតឧបករណ៍ជា​ច្រើន​ដើម្បីសម្រេច​បាន​នូវ​គោល​បំណង​នេះ ។ ដូចជាក្រុមហ៊ុន IDEO Goolge និងមូលនិធិ Bill and Melinda Gates Foundation បានបង្កើត Digital Confidence Design Tools​ក្នុង​គោលដៅបង្កើតផលិតផល និងសេវាកម្មឌីជីថលជាមួយអ្នកប្រើប្រាស់ ។ ការណ៍នេះជំរុញឱ្យមានការគិតគូរពីតម្រូវការ និងទស្សនៈជាច្រើនរបស់​អ្នកប្រើប្រាស់​ខុសៗ​គ្នា ។

User Context Cards ជំរុញឱ្យអ្នកបង្កើតផលិតផល និងសេវាកម្មឌីជីថលឈ្វេង​យល់ពីភាពតភ្ជាប់ទៅកាន់បណ្តាញ ថវិកា វប្បធម៌ បទដ្ឋានយេនឌ័រ អក្ខរកម្មទូទៅ និង​អក្ខរកម្មឌីជីថលរបស់អ្នកប្រើប្រាស់របស់ពួកគេ។ ជាក់ស្តែង Youtube បានដាក់ចេញនូវ Voice Commands ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមិនចេះអាន និងសរសេរអក្សរ អាចស្វែងរកវីឌីអូដោយប្រើប្រាស់សម្លេង។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ដែលមិនមាន​អក្ខរ​កម្ម​ឌីជីថល​ខ្ពស់ជាទូទៅមិនយល់ដឹងច្រើនពីគណនីឌីជីថល ឬ Profile ទេ ដូច្នេះ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថ្មីៗរបស់ខ្លួនប្រើប្រាស់​កម្មវិធីនេះដោយមិនចាំបាច់​បង្កើត​គណនីជាមុនសិននោះឡើយ។

អង្គការ UNESCO បានធ្វើការសិក្សាទៅលើគម្រោងចំនួន៣២ និងបាន​គាំទ្រ​​ដល់​គោល​ការណ៍នេះដូចគ្នាដែរ ព្រមទាំងជំរុញឱ្យបញ្ចូល​អ្នកប្រើប្រាស់​ដែល​មិនមាន​ជំនាញ និង​អក្ខរកម្មខ្ពស់​ទៅក្នុងការបង្កើត និងសាកល្បង​ប្រើប្រាស់​ផលិតផល និងសេវា​កម្ម​ឌីជីថល​ថែមទៀត។ អង្គការនេះបានបន្ថែមថា ការផ្គួបផ្សំទាំងអក្សរ សម្លេង និងវីឌីអូ ត្រូវបានចាត់ទុកជាវិធីសាស្រ្ត​មួយដែលអាចជួយ​ដល់អ្នកប្រើប្រាស់​ដែលមានកម្រិត​អក្ខរកម្ម​ខុសៗគ្នា ។

លទ្ធភាពក្នុងការទទួលបានឧបករណ៍ប្រើប្រាស់

កង្វះខាតលទ្ធភាពក្នុងការ​ទទួលបានបច្ចេកវិទ្យាព័ត៌មានគឺ​ជាឧបសគ្គសំខាន់​មួយ​ទៀតសម្រាប់ការសម្រេចបាននូវបរិដ្ឋានឌីជីថលក្នុងប្រទេសកម្ពុជា ។

ជាការពិតណាស់ ប្រទេសកម្ពុជាដើរទៅមុខយ៉ាងលឿននូវផ្នែកទូរស័ព្ទដៃ ដោយ​មាន ១២៤% នៃប្រជាជនសរុបមានទូរស័ព្ទដៃប្រើប្រាស់ ស្របពេលដែល ៨០% នៃអ្នក​ប្រើ​ប្រាស់​អាចទទួលបានសេវា 4G ហើយកម្ពុជាក៏ស្ថិតក្នុងចំណោម​ប្រទេសដែលមានថ្លៃសេវា​អ៊ីនធឺណិតទាបជាងគេក្នុងចំណោមប្រទេសនានានៅអាស៊ីអាគ្នេយ៍ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនមួយភាគធំនៅតែ​មិនមានលទ្ធភាព​គ្រប់គ្រាន់ក្នុងការ​ទទួលបានបច្ចេកវិទ្យាសំខាន់ៗ ។ តួយ៉ាង ចំនួនគ្រួសារដែលមាន​កុំព្យូទ័រប្រើប្រាស់​​ស្ថិត​នៅកម្រិតយ៉ាងទាប ពោលគឺ នៅត្រឹម ១២,៥% នេះបើយោងទៅតាម​អង្គការ​ទូរគមនាគមន៍​​​អន្តរជាតិនៅឆ្នាំ២០១៨។

អ្នកផ្តល់ផលិតផល និងសេវាកម្មឌីជីថលទាំងក្នុងវិស័យឯកជន និងវិស័យ​សាធារណៈ​​យល់ដឹងច្បាស់ពីបរិបទនេះ និងបានជំរុញដល់ការប្រើប្រាស់​កម្មវិធី​លើ​ទូរស័ព្ទដៃ។ សេវាកម្មរដ្ឋាភិបាលឌីជីថលភាគច្រើនក៏មានទម្រង់ជាទូរស័ព្ទដៃផងដែរ។ ទោះជាយ៉ាងនេះក្តី ដើម្បីឱ្យប្រជាជន​អាចប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សកម្មភាព​សំខាន់ៗមួយចំនួន ដូចជា ការបង្កើតឯកសារ ការធ្វើបទបង្ហាញ ការរៀបចំ និង​វិភាគ​ទិន្នន័យ ពួកគេត្រូវតែមានកុំព្យូទ័រ។ ជាងនេះទៅទៀត ការកសាងបានកម្លាំងពលកម្ម​ដែល​មានអក្ខរកម្មឌីជីថលខ្ពស់ក៏ស្របទៅនឹងផែនការ​របស់រាជរដ្ឋាភិបាល​ក្នុងការ​សម្រេច​ឱ្យបាននូវសេដ្ឋកិច្ចដែលពឹងផ្អែកលើពលករមានជំនាញខ្ពស់ និងសេដ្ឋកិច្ចឌីជីថលផង​ដែរ។​

ការបង្កើនចំនួនប្រជាជនដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យា និងអ៊ីនធឺណិតគឺ​ពិត​ជាមានសារៈសំខាន់ណាស់។ ថ្វីបើគោលដៅនេះអាចត្រូវ​បានសម្រេចដោយ​ប្រយោល​តាមរយៈការកើនឡើងនៃប្រាក់ចំណូល ជីវភាពរស់នៅល្អ​ប្រសើរ និងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​​​សម្ព័ន្ធមូលដ្ឋានក្តី ក៏រាជរដ្ឋាភិបាល និងភាគី​ជាប់​ពាក់ព័ន្ធដទៃក៏អាច​ចូលរួមចំណែក​បន្ថែមទៀតបានដែរ។ តួយ៉ាង ដំណោះស្រាយនៅ​ថ្នាក់សហគមន៍ ដែលរួមមាន ការរៀបចំ​ជាបន្ទប់កុំព្យូទ័រនៅតាមទីសាធារណៈ និងសាលា​រៀន ត្រូវបានអនុវត្តសាកល្បង និង​បង្ហាញ​​ពីលទ្ធផលវិជ្ជមាន​ក្នុងការបិទគម្លាត​ឌីជីថល​តាម​សហគមន៍​នានាក្នុង​ប្រទេស​ម៉ាឡេស៊ី និងចក្រភពអង់គ្លេស

បរិដ្ឋា​នឌីជីថលរយៈពេលវែង

ស្របពេលដែលផ្នែកជាច្រើននៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើងមាននៅក្នុងលំហឌីជីថល ការលើកកម្ពស់បរិដ្ឋានឌីជីថលពិត​ជាមានសារៈសំខាន់ណាស់សម្រាប់ការ​ទាញ​យក​​​អត្ថប្រយោជន៍ពីការធ្វើបរិវត្តកម្មឌីជីថល ដើម្បីជៀសវាងបញ្ហា​វិសមភាពសង្គម និង​ប្រាក់​ចំណូលកាន់តែធ្ងន់ធ្ងរឡើង ។ ជោគជ័យនៃគោលដៅនេះមិនត្រឹមតែទាមទារការលើកកម្ពស់លទ្ធភាពក្នុងការទទួល​បានបច្ចេកវិទ្យាព័ត៌មានដែលមានតម្លៃសមរម្យនោះទេ តែក៏ទាមទារឱ្យ​មាន​ការរៀប​ចំ​ផលិត​ផល និងសេវាកម្មឌីជីថលដែលអាចជំរុញដល់លទ្ធភាពក្នុងការប្រើប្រាស់ផងដែរ ។ ប្រសិនបើមិនមានការធ្វើដូច្នេះទេ ការធ្វើបរិវត្តកម្មឌីជីថល​របស់​ប្រទេស​កម្ពុជា​មានតែអាច​ធ្វើឱ្យគម្លាតរវាងអ្នកមានលទ្ធភាព និងអ្នកគ្មាន​លទ្ធភាពកាន់​តែធំ​ប៉ុណ្ណោះ៕