Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនឈីបកូរ៉េ អាចនឹងលក់រោងចក្រនៅចិនចោល ប្រសិនបើការរឹតត្បិតពីអាមេរិកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការខ្លួន

Admin Alynana | Oct 27, 2022
ក្រុមហ៊ុនឈីបកូរ៉េ អាចនឹងលក់រោងចក្រនៅចិនចោល ប្រសិនបើការរឹតត្បិតពីអាមេរិកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការខ្លួន
Clinic narith

ក្រុមហ៊ុនផលិតឈីបដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូង គឺ SK Hynix អាចនឹងពិចារណាលក់រោងចក្រផលិតឈីបអង្គចងចាំក្នុងប្រទេសចិន ក្នុងសេណារីយ៉ូអាក្រក់បំផុត ដែលអាចកើតមានឡើងចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួន ដោយសារតែការរឹតបន្ដឹងថ្មីៗនេះរបស់អាមេរិកជុំវិញការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះ ក្រុមហ៊ុន SK Hynix ក៏កំពុងរងគ្រោះនៃការធ្លាក់ចុះប្រាក់ចំណេញ ដោយសារតែបញ្ហាអតិផរណាផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

លោក Kevin Noh ប្រធាន​មន្រ្តី​​ទីផ្សារ​របស់​ក្រុមហ៊ុន SK Hynik បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​មួយ​ស្តីពីលទ្ធផល​​នៃ​ប្រាក់​ចំណូល​​ប្រចាំ​ត្រីមាសទី៣ថា ក្រុមហ៊ុនកូរ៉េនេះ ​នឹង​លក់​រោងចក្រ​​នៅប្រទេស​ចិន​ចោល ចំណែក​គ្រឿង​បរិក្ខារ អាច​នឹងលក់ ឬផ្ទេរទៅ​កូរ៉េខាងត្បូង​វិញ។ វាជាផែនការ​​មួយ​​ដែលមិន​បាន​​គ្រោងទុក ដោយលោក​សង្កត់ធ្ងន់ថា ក្នុងស្ថានភាព​នេះ​គឺមិនអាច​ឱ្យក្រុម​ហ៊ុន​​បន្ត​ប្រតិបត្តិការ​​ទៀតឡើយ។

លោក​បន្តថា ក្រុមហ៊ុន​ខ្លួន​បានទទួលរងគ្រោះ​ ដោយសារ​មាន​ការដាក់កំហិត​​ជាច្រើន​​មកលើ​រោងចក្រ​ដែល​ស្ថិតនៅក្នុងក្រុង Wuxi ជិត​ក្រុងសៀងហៃ។ រោងចក្រនេះ គឺផលិតឈីប DRAM តាម​ការ​បញ្ជាទិញ​ពីក្រុមហ៊ុន​ដទៃ។

រោងចក្រ​ក្នុងក្រុង Wuxi នេះ​ផលិតបាន​ជាង ៤០% នៃ​ឈីប​ DRAM សរុប​របស់​ក្រុមហ៊ុនកូរ៉េ SK Hyunix។ ឈីបប្រភេទ​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិច ដូចជា ស្មាតហ្វូន និង​កុំព្យូទ័រ ព្រមទាំង​បំពាក់​លើរថយន្តទៀតផង។

កាលពី២សប្តាហ៍មុន ក្រុមហ៊ុន SK Hynix បាន​ប្រកាស​ថា ខ្លួន​ទទួលបានភ្លើងខៀវ​ពីក្រុងវ៉ាស៊ិនតោន ដែលអាច​បន្ត​ការប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក សម្រាប់​ការផលិត​ឈីបអង្គចងចាំ​​នៅ​ក្នុងប្រទេសចិន រយៈពេល១ឆ្នាំទៀត។ ប៉ុន្តែលោក Noh ប្រធាន​មន្រ្តី​​ទីផ្សារ​របស់​ក្រុមហ៊ុន SK Hynik មិនច្បាស់ទេ​​ថា ​ក្រុមហ៊ុននេះ​នឹង​អាច​បន្តប្រតិបត្តិការ​ដល់​ពេលនោះ ឬ​យ៉ាងណា។

ការលើកឡើង​របស់​ប្រធានទីផ្សាររបស់​ក្រុមហ៊ុន SK Hynik រូបនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​លោក ចូ បៃឌិន បាន​រឹតត្បិត​ការនាំចេញ​​បច្ចេកវិទ្យាផលិតឈីប​ទៅកាន់ប្រទេសចិន ដើម្បីបង្អាក់ និងពន្យឺត​ដំណើរ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​ប្រទេស​មួយនេះ។ ទន្ទឹមនេះ ប្រាក់​ចំណេញ​​របស់​ក្រុមហ៊ុន​​ផលិតឈីបធំទី២ ក្នុងលោក​មួយនេះ គឺបានធ្លាក់ចុះ​ដល់ ៦០% នៅក្នុងត្រីមាស​ទី៣ ដោយសារតែ​តម្រូវការសាកលទាប អតិផរណាខ្ពស់ និង​ការចុះខ្សោយ​សេដ្ឋកិច្ច។

យោងតាម​ទិន្នន័យ​របស់ Refinitiv SmartEstimate បាន​ឱ្យដឹងថា ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​​​ក្រុមហ៊ុន SK Hynix ក្នុងរយៈពេល៣ខែ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន​សរុប​ជិត ១ពាន់២រយលានដុល្លារ ធ្លាក់ចុះ​ពីចំនួនជិត ​២ពាន់៣រយលានដុល្លារ​កាលពីឆ្នាំមុន។

អ្នកវិភាគ​មួយរូប​នៅក្រុមហ៊ុន Daishin Securities លោក Wi-Min-bok បាន​និយាយថា តម្លៃឈីប DRAM ត្រូវបានរំពឹង​ថា នឹង​ធ្លាក់ចុះ​បន្ថែម​ទៀត​ ដោយសារតែអតិថិជនរបស់ពួកគេ​មានឈីបស្តុកទុកសល់យ៉ាងច្រើន​រួចមកហើយ៕