ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣២ នាក់ហើយបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីស្ពានយោងប្រភេទខ្សែកាបអាយុកាលមួយសតវត្សបានបាក់ចូលទៅក្នុងទន្លេមួយកាលពីល្ងាចថ្ងៃអាទិត្យនេះនៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដែលចាក់មនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ។
អាជ្ញាធរបាននិយាយថាស្ពានយោងថ្មើរជើងសម័យអាណានិគមនៅសតវត្សរ៍ទី ១៩ សម្រាប់ឆ្លងកាត់ទន្លេ Machchu ក្នុងស្រុក Morbi របស់រដ្ឋបានបាក់រលំដោយសារតែវាមិនអាចទប់ទល់នឹងទម្ងន់មនុស្សដ៏ច្រើនដែលឆ្លងកាត់វាបាន ខណៈដែលពលរដ្ឋទាំងនោះបានឆ្លងកាត់ក្នុងរដូវកាលបុណ្យសាសនាហិណ្ឌូដែលជាបុណ្យមួយទទួលបានភាពទាក់ទាញមនុស្សរាប់រយនាក់ទៅកាន់កន្លែងទេសចរណ៍ដែលទើបនឹងបើកដំណើរការថ្មីៗនេះ។
ស្ពាននេះត្រូវបានគេបិទសម្រាប់ធ្វើការជួសជុលអស់ រយៈពេលជិត៦ខែមកហើយ ហើយវាបានបើកដំណើរការឡើងវិញកាលពី៤ថ្ងៃមុន។ ភ្លាមៗនោះដែរ គេមិនទាន់ដឹងច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់នៅលើស្ពានប្រវែង ២៣២ ម៉ែត្រនោះទេ ប៉ុន្តែក្រុមមន្ត្រីបារម្ភថាចំនួនមនុស្សស្លាប់អាចកើនបន្ថែមឡើង។
អភិបាលរដ្ឋលោក Harsh Sanghvi បានប្រាប់អ្នកយកព័ត៌មានថាមនុស្ស១៣២នាក់បានបាត់បង់ជីវិតគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ហើយមនុស្សជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក Sanghvi បាននិយាយទៀតថាក្រុមអ្នកជួយសង្គ្រោះបន្ទាន់ និងក្រុមអ្នកស្មគ្រ័ចិត្តបានធ្វើការពេញមួយយប់ថ្ងៃអាទិត្យនេះដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត រកសពមនុស្សដែលស្លាប់ ហើយអ្នករបួសភាគច្រើនជាក្មេងជំទង់ ជាស្ត្រី និងមនុស្សចាស់។
ក្រុមការងារសង្រ្គោះមកពីកងទ័ពជើងទឹក និងទ័ពអាកាសឥណ្ឌា ក៏ត្រូវបានគេបញ្ជូនទៅជួយសង្គ្រោះក្នុងហេតុការណ៍នេះដែរ។ មកដល់ពេលនេះនាយករដ្ឋមន្ត្រីលោក Narendra Modi ដែលស្ថិតនៅក្នុងរដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់លោកដែរក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃបាននិយាយថាលោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ។ ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសផ្តល់សំណងដល់ក្រុមគ្រួសារអ្នកស្លាប់ទាំងអស់ និងបានជំរុញឱ្យមានការខិតខំប្រឹងប្រែងជួយសង្គ្រោះជាបន្តបន្ទាប់ទន្ទឹមនឹងនេះរដ្ឋាភិបាលរដ្ឋឥណ្ឌាបាននិយាយថាខ្លួនក៏កំពុងបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតលើគ្រោះថ្នាក់នេះ៕