រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌានឹងបន្តរឹតត្បិតការនាំចេញស្ករសក្នុងរយៈពេលពេញមួយឆ្នាំទៀត ពោលគឺពីពេលនេះរហូតដល់ខែតុលាឆ្នាំ២០២៣ ក៏ប៉ុន្តែប្រទេសអ្នកផលិតស្ករសដ៏ធំបំផុតរបស់ពិភពលោកមួយនេះ រំពឹងថា នឹងផ្លាស់ប្តូរកូតាសម្រាប់នាំចេញនៅក្រៅប្រទេសខ្លះដែរ នៅក្នុងឆ្នាំក្រោយ ពោលគឺមិនរឹតបន្ដឹងខ្លាំងពេកដូចឆ្នាំនេះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
នាយកគ្រប់គ្រងនៃសហព័ន្ធជាតិនៃរោងចក្រស្ករឥណ្ឌា បានប្រាប់ Reuters ដោយយោងទៅលើសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលថា ការជូនដំណឹងនេះគ្រាន់តែពង្រីករយៈពេលអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតការនាំចេញស្ករសតែប៉ុណ្ណោះ ប៉ុន្តែនៅតែរក្សាការនាំចេញស្ករទៅតាមប្រភេទរបស់វាដដែល ដូចបានដាក់កម្រិតពីមុន។ ការសម្រេចចិត្តនេះមិនមានន័យថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានការនាំចេញស្ករសសោះតែម្តងសម្រាប់ឆ្នាំក្រោយនោះទេ។
ប្រទេសឥណ្ឌា ដែលជាអ្នកផលិត ហើយក៏ជាអ្នកប្រើប្រាស់ស្ករច្រើនជាងគេបំផុតរបស់ពិភពលោកនៅពាក់កណ្តាលឆ្នាំនេះបានប្រកាសរឹតបន្តឹងការនាំចេញ ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃក្នុងស្រុកបន្ទាប់ពីការនាំចេញដ៏ច្រើនលើសលប់ ពោលគឺកំណត់នាំចេញស្ករសត្រឹមប្រហែលក្រោម១០លានតោន។
ប៉ុន្តែឥណ្ឌាត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការនាំចេញស្ករសប្រហែលត្រឹម៣លានតោននៅក្នុងដំណាក់កាលទីពីរមុនបញ្ចប់រដូវនាំចេញនៅឆ្នាំនេះ ដោយធ្វើឱ្យការនាំចេញស្ករទៅក្រៅប្រទេសសរុបឆ្នាំ២០២២ មានចំនួនប្រហែល៨លានតោន ខណៈឆ្នាំក្រោយរំពឹងថា អាចនាំចេញបាន៩លានតោន កើនឡើងតែ១លានតោនប៉ុណ្ណោះ។
ប្រទេសឥណ្ឌា ជាប្រទេសផលិតស្ករច្រើនជាងគេលើពិភពលោក និងជាប្រទេសនាំចេញធំទី២ បន្ទាប់ពីប្រេស៊ីល។ រដ្ឋាភិបាលរបស់លោក Narendra Modi បាននិយាយថា ខ្លួនចាំបាច់ត្រូវចាត់វិធានការ ដើម្បីរក្សាស្តុកស្ករក្នុងប្រទេស បន្ទាប់ពីកំណើននៃការនាំចេញ ដែលមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន និងក្នុងរដូវកាលបច្ចុប្បន្ន។
វាក៏ជាសញ្ញាមួយផ្សេងទៀតបញ្ជាក់ ពីការកើនឡើងនូវរបបគាំពារស្បៀងអាហារ នៅជុំវិញពិភពលោកផងដែរ ដោយសារតែប្រទេសអ្នកផលិតធំៗ បានទប់ស្កាត់ការនាំចេញកសិផល ជាបន្ទុកបន្ថែមដល់ការផ្គត់ផ្គង់បច្ចុប្បន្នដែលកំពុងតែពិបាកស្រាប់ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ។
គួរជម្រាបថា ជាមួយនឹងការបន្តរឹតបណ្តឹងការនាំចេញពេញមួយឆ្នាំទៀត ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងផលិតស្ករសបានប្រហែល ៣៦,៥ លានតោនក្នុងរដូវកាល ២០២២ ដល់ឆ្នាំ ២០២៣ ពោលគឺកើនឡើង ២%ធៀបនឹងរដូវកាលមុន ភាគច្រើននៃទិន្នផលនេះគឺបម្រើការប្រើប្រាស់ក្នុងស្រុក៕