(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានកំណត់ទិសដៅសំខាន់ៗចំនួន ២ ដើម្បីជំរុញការស្តារកំណើនភ្ញៀវអន្តរជាតិឡើងវិញនៅឆ្នាំ ២០២៣ ខាងមុខ ខណៈទន្ទឹមគ្នានេះក្រសួងក៏អំពាវនាវឱ្យផ្នែកពាក់ព័ន្ធចូលរួមឱ្យបានសកម្មក្នុងការបង្កើនសក្តានុពលទាក់ទាញទេសចរអន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣១ ខែតុលា ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឆ្នាំ ២០២៣ បានលើកឡើងថា ក្នុងដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ១៩ ក្រសួងទេសចរណ៍នឹងនៅតែបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិតាមរយៈការចូលរួមដោយផ្ទាល់ក្នុង «ពិព័រណ៍ទេសចរណ៍អន្តរជាតិ» នៅក្រៅប្រទេសចំនួន ១០ លើក (ទីផ្សារអាស៊ាន, ឥណ្ឌា ចិន ជប៉ុន កូរ៉េ និងទីផ្សារអឺរ៉ុប) ព្រមទាំងរៀបចំកម្មវិធី «ផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា» ដើម្បីអបអរសាទរ និងផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ ២០២៣ ក៏ដូចជាផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩ ។ បន្ថែមពីលើនេះក្រសួងក៏បានស្នើឱ្យផ្នែកពាក់ព័ន្ធចូលរួមឱ្យបានសកម្មក្នុងការផ្សព្វផ្សាយផងដែរ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ក្រសួងទេសចរណ៍សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍គ្រប់សមាគមទេសចរណ៍ ស្ថាប័នរដ្ឋ-ឯកជនពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាប និងសហការចូលរួមជាមួយក្រសួងទេសចរណ៍ឱ្យបានច្រើន និងសកម្មបំផុតក្នុងការចាប់យកឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ថាក្នុងថ្ងៃទី ២ ខែវិច្ឆិកាថា បន្ទាប់ពីធ្លាក់ចុះក្បែរដល់សូន្យនារយៈពេលជាង ២ ឆ្នាំដោយសារវិបត្តិកូវីដ ១៩ នៅពេលនេះវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមមានដំណើរល្អឡើងវិញជាបណ្តើរៗហើយ ជាពិសេសចរន្តភ្ញៀវទេសចរក្នុងស្រុក។ នៅមុនពេលមានការរីករាលដាលជំងឺកូវីដ១៩ វិស័យទេសចរណ៍ (ទេសចរណ៍អន្តរជាតិ) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកចំណូលចូលជាតិ ព្រមទាំងមានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើន។
លោកស្រី ស៊ីវលីន បានថ្លែងថា៖ «យុទ្ធសាស្ត្រដែលក្រសួងបានដាក់ចេញខាងលើ គឺពិតជាមានភាពចាំបាច់ក្នុងការធ្វើឱ្យជនបរទេសស្គាល់កម្ពុជាកាន់តែច្រើន និងអាចទាក់ទាញពួកគេឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាផងដែរ។ ប្រទេសកម្ពុជា គឺជាទីតាំងទេសចរណ៍មួយដ៏ល្អនៅលើពិភពលោក»។
លោកស្រីប្រាប់ទៀតថា ទន្ទឹមនឹងការខិតខំរបស់អាជ្ញាធរ បច្ចុប្បន្នវិស័យឯកជនក៏កំពុងកែច្នៃឱ្យមានកន្លែងកម្សាន្តជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវផងដែរ។
ដោយឡែកប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ថា ទោះបីពេលនេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ លើពិភពលោកមានភាពធូរស្រាល ប៉ុន្តែបញ្ហាជម្លោះភូមិសាស្ត្រនយោបាយរបស់ប្រទេសធំៗ បានធ្វើឱ្យទីផ្សារវិស័យទេសចរណ៍លើពិភពលោកមិនទាន់ល្អប្រសើរឡើងវិញទេ។
លោកលើកឡើងថា៖ «បច្ចុប្បន្នពិភពលោកកំពុងមានការប្រះស្រាំ និងបែងចែកនិន្នាការគ្នាជាច្រើន ដែលបញ្ហាទាំងអស់នេះ គឺសុទ្ធតែផ្តល់ភាពអវិជ្ជមានសម្រាប់វិស័យទេសចរណ៍។ សម្រាប់ដើមឆ្នាំ ២០២៣ ខាងមុខខ្ញុំគិតថាចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជានឹងមានកំណើនបើធៀបនឹងឆ្នាំ ២០២២ នេះ ប៉ុន្តែចាប់ពីពាក់កណ្តាលទៅចុងឆ្នាំវានឹងអាចមានផលប៉ះពាល់ប្រសិនបើសភាពការណ៍សកល ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច នៅបន្តភាពមិនចុះសម្រុងគ្នា»។
ខណៈកន្លងមកភ្ញៀវទេសចរចិន គឺជាចំណែកទីផ្សារសំខាន់របស់ពិភពលោក រួមទាំងកម្ពុជាផងនោះ លោក ស៊ីណាន បានបញ្ជាក់ថា បើរដ្ឋាភិបាលចិនសម្រេចបន្ទូរបន្ថយលើវិធានការកូវីដសូន្យក្នុងពេលឆាប់ៗនោះ វិស័យទេសចរណ៍នៅកម្ពុជាប្រាកដជាទទួលបានភាពវិជ្ជមានខ្លះឡើងវិញ។
ក្រសួងទេសចរណ៍ កាលពីដើមខែកញ្ញាកន្លងមក បានដាក់ចេញគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រធំៗចំនួន ដោយរំពឹងថា នឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥ លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១៦ លាននាក់នៅឆ្នាំ ២០២៨។
យុទ្ធសាស្ត្រសំខាន់ៗទាំងនោះមានដូចជា ការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត, ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា, ការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជំនាញថ្មីៗបន្ថែម, និងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព។ ចំណុចសំខាន់ផ្សេងៗទៀត រួមមាន ការពង្រឹងសមត្ថភាពសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យទេសចរណ៍, ការដាក់ចេញគោលនយោបាយសំខាន់ៗបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍, និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។
ទិន្នន័យផ្លូវការពីក្រសួងទេសចរណ៍ ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ ភ្ញៀវបរទេសដែលបានមកដល់ប្រទេសកម្ពុជា មានចំនួនសរុប ១ ២៦៥ ៧៧២ នាក់ កើនឡើង ៨៦១,៣ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១៕