ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃពុធ ទី ២ ខែវិច្ឆិកាថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិ គឺជាពេលវេលាកំណត់សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ខណៈដែលការគំរាមកំហែងនៃអំពើហិង្សាផ្នែកនយោបាយនិងការបំភិតបំភ័យអ្នកបោះឆ្នោតបានកើតមានឡើង ជុំវិញការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ។
ក្នុងពេលជាមួយគ្នានោះលោក បៃដិន បានហៅអ្នកដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោត កាលពីឆ្នាំ ២០២០ ថា ជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យដោយភ្ជាប់ការបះបោរនៅវិមានកាពីតូល កាលពីថ្ងៃទី ៦ ខែមករា ទៅនឹងការវាយប្រហារកាលពីសប្តាហ៍មុន ទៅលើលោកប៉ូលប៉េឡូស៊ីដែលជាប្ដីរបស់លោកស្រីប្រធានសភា ណាន់ស៊ី ប៉េឡូស៊ី។
លោកប្រធានាធិបតី បៃដិន ថ្លែងយ៉ាងដូច្នេះថា៖ «យើងត្រូវតែឈរជាមួយនឹងសំឡេងដ៏លើសលប់ប្រឆាំងនឹងអំពើហិង្សាផ្នែកនយោបាយ និងការបំភិតបំភ័យអ្នកបោះឆ្នោត។ សូមក្រោកឈរឡើងហើយនិយាយប្រឆាំងនឹងបញ្ហានេះ»។
លោកបន្តថា៖ «យើងមិនដោះស្រាយភាពខុសគ្នារបស់យើងនៅអាមេរិកជាមួយនឹងការប្រមូលផ្ដុំមនុស្សឬការប្រើគ្រាប់កាំភ្លើងឬញញួរនោះទេ។ យើងដោះស្រាយដោយសន្តិវិធី ក្នុងប្រអប់ឆ្នោត។យើងត្រូវតែស្មោះត្រង់ជាមួយខ្លួនយើង។ យើងត្រូវប្រឈមនឹងបញ្ហានេះហើយមិនអាចងាកចេញពីវាបានទេ។យើងមិនអាចធ្វើពុតថា វានឹងដោះស្រាយដោយឯងៗបាននោះទេ»។
គួរបញ្ជាក់ថា សុន្ទរកថារបស់លោក បៃដិន លើកនេះ គឺជាការបន្ទរបន្ថែមពីលើអ្វីដែលលោកបានព្រមាននាពេលកន្លងមកអំពីការគំរាមកំហែងដែលបង្កឡើងដោយអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសុពលភាពនៃការបោះឆ្នោតឆ្នាំ ២០២០ និងអំណះអំណាងរបស់លោកដែលថាអ្នកគាំទ្រគណបក្សសាធារណរដ្ឋជាច្រើនរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានភាពជ្រុលនិយម។
លោក បៃដិន ថ្លែងយ៉ាងដូច្នេះទៀតថា៖ «យើងកំពុងប្រឈមមុខនឹងពេលវេលាកំណត់យើងត្រូវតែប្រើសំឡេងបង្រួបបង្រួមដ៏លើសលប់មួយក្នុងនាមជាប្រទេសមួយហើយនិយាយប្រឆាំងនឹងការបំភិតបំភ័យអ្នកបោះឆ្នោត ឬអំពើហិង្សានយោបាយនៅអាមេរិកមិនថា វាសំដៅទៅលើគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋនោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយលោកស្រី Taylor Budowich អ្នកនាំពាក្យរបស់លោកត្រាំបានប្រតិកម្មនឹងការលើកឡើងបែបនេះដោយអះអាងថា៖ «គោលនយោបាយរបស់លោកបៃដិនកំពុងបំផ្លាញអាមេរិកហើយសកម្មភាពរបស់លោកកំពុងធ្វើឱ្យប្រទេសរបស់យើងបែកបាក់គ្នាជាងអ្វីដែលយើងធ្លាប់មាន»។
យ៉ាងណាមិញលោក បៃដិន ដែលថា ការបោះឆ្នោតពាក់កណ្ដាលអាណត្តិមានសារៈសំខាន់ក្នុងការរក្សាតម្លៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក្នុងរយៈពេលវែងនោះបានថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យអាមេរិកកំពុងរងការវាយប្រហារដោយសារតែអតីតប្រធានាធិបតីអាមេរិកដែលចាញ់ឆ្នោតបានបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលស្មើនឹងការបដិសេធមិនទទួលយកឆន្ទៈរបស់ប្រជាជន។ លោក (ត្រាំ) បដិសេធមិនទទួលយកការពិតដែលលោកចាញ់ដោយដាក់ភក្ដីភាពចំពោះខ្លួនឯងមុនរដ្ឋធម្មនុញ្ញ»។
ឆ្លើយតបនឹងការលើកឡើងបែបនេះមន្ត្រីបក្សសាធារណរដ្ឋបានលើកឡើងថា លោក បៃដិន កំពុងត្រដាបត្រដួសក្នុងការផ្លាស់ប្ដូរការចាប់អារម្មណ៍ពីអតិផរណាឧក្រិដ្ឋកម្ម និងព្រំដែនបើកចំហហើយឥឡូវនេះអះអាងថា លទ្ធិប្រជាធិបតេយ្យដំណើរការបានលុះត្រាតែគណបក្សរបស់ខ្លួនឯងឈ្នះ៕