Alynana Media Cambodia
Icon Collap
clinic narit

ការបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានថ្កោលទោសពីសហគមន៍អន្តរជាតិជាខ្លាំង

Admin Alynana | Nov 05, 2022
ការបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានថ្កោលទោសពីសហគមន៍អន្តរជាតិជាខ្លាំង
Clinic narith

ការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ខាន់(Imran Khan)ត្រូវសហគមន៍អន្តរជាតិថ្កោលទោសជាទម្ងន់ ដោយចាត់ទុកថានេះជាការប៉ុនប៉ងធ្វើឃាតមិនបានសម្រេច។ លោកខាន់អាយុ៧០ឆ្នាំ បានធូរស្បើយពីមុខរបួស បន្ទាប់ពីជនប្រដាបអាវុធបាញ់ត្រូវចំស្មងជើង នៅពេលលោកដឹកនាំចលនាបាតុកម្ម១នៅប្រទេសប៉ាគីស្ថានប៉ែកឦសាន។

សុខភាពរបស់លោកខាន់វិលមកធម្មតាវិញហើយ, សង្ឃឹមថាប៉ុន្មានថ្ងៃទៀតអាចចាកចេញពីមន្ទីរពេទ្យ។ ក្បួនរថយន្តរបស់លោករងការបាញ់ប្រហារពីសំណាក់ជនប្រដាប់អាវុធ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសយ៉ាងតិចដប់នាក់។ ព្រឹត្តិការណ៍នេះធ្វើឲ្យកក្រើកប្រទេសប៉ាគីស្ថាន។

គណបក្សរបស់លោកខាន់អំពាវនាវឲ្យអ្នកគាំទ្រប្រកាសតវ៉ាចំពោះរឿងនេះ។ សាលារៀននៅរដ្ឋធានីឥស្លាមម៉ាបាតត្រូវបិទទ្វារ។ សូម្បីថ្នាក់ដឹកនាំប៉ាគីស្ថានក៏ថ្កោលទោសរឿងនេះផងដែរ។ 

ប្រធានាធិបតីប៉ាគីស្ថានចាត់ទុកជាអំពើឃោរឃៅ ដែលប៉ុនប៉ងសម្លាប់លោកខាន់។ រីឯនាយករដ្ឋមន្ត្រីប៉ាគីស្ថានបញ្ជាឲ្យស៊ើបអង្កេតសំណុំរឿងនេះជាបន្ទាន់។ នៅវ៉ាស៊ីនតោន, រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអំពាវនាវទៅគ្រប់បក្សនយោបាយជៀសវាងអំពើហិង្សា និងការគំរាមកំហែង។ មុនពេលកើតហេតុ, លោកខាន់ត្រៀមថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ។

ប៉ុន្តែលោករងការបាញ់ប្រហារនៅតាមផ្លូវធ្វើដំណើរតែម្ដង។ ក្រុមសម្ព័ន្ធមិត្តរបស់លោកខាន់ជឿជាក់ថាមនុស្សនៅពីក្រោយរឿងនេះមាន៖ ទី១ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន, ទី២ រដ្ឋមន្ត្រីមហាផ្ទៃ និងទី៣ នាយឧត្ដមសេនីយ៍យោធាម្នាក់។ 

ពួកគេជឿជាក់ថាលោកខាន់ជាឆ្អឹងទទឹងក ដែលគេត្រូវតែកម្ចាត់ចោល។ ថ្នាក់ដឹកនាំប៉ាគីស្ថានមិនទាន់បញ្ចេញប្រតិកម្មតបទៅនឹងការចោទប្រកាន់នេះទេ។ សមត្ថកិច្ចប៉ាគីស្ថានបានបញ្ចេញវីឌីអូឃ្លីប១ឈុត បង្ហាញរូបជនសង្ស័យម្នាក់និយាយសារភាពថារូបគេចង់បាញ់សម្លាប់លោកខាន់៕