Alynana Media Cambodia
Icon Collap
clinic narit

លោក ស៊ី ជិនពីង បានប្រាប់មេដឹកនាំអាល្លឺម៉ង់ថា យើងគួរតែធ្វើការជាមួយគ្នាខណះពិភពលោកកំពុងចលាចល

Admin Alynana | Nov 05, 2022
លោក ស៊ី ជិនពីង បានប្រាប់មេដឹកនាំអាល្លឺម៉ង់ថា យើងគួរតែធ្វើការជាមួយគ្នាខណះពិភពលោកកំពុងចលាចល
Clinic narith

នៅក្នុងជំនួបទល់មុខគ្នាដ៏កម្រ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល ថា ប្រទេសទាំងពីរគួរតែសម្លឹងមើលកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀតចំពេលដែលពិភពលោកកំពុង «មានភាពវឹកវរ និងចលាចល» ដោយលោកបានទាញការពិភាក្សាទៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

ក្រុមអ្នកវិភាគ​បាននិយាយថា ដំណើរទស្សនកិច្ច​របស់លោក ស្កូល នៅថ្ងៃសុក្រ ទី ៤ វិច្ឆិកានេះគឺជាលើកទីមួយ​ដោយមេដឹកនាំ​នៃប្រទេស G7 បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេសចិន​ក្នុងរយៈពេលបីឆ្នាំ កន្លងមកនេះ ដែលវាក៏ជាការស្ទាបស្ទង់ផងដែរ នៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងលោកខាងលិច បន្ទាប់ពីភាពតានតឹង​រវាងគ្នាជាច្រើនឆ្នាំមកនេះ។

​បើ​តាម​ទូរទស្សន៍​រដ្ឋចិន CCTV ក្នុងអំឡុងពេលនៃកិច្ចប្រជុំទល់មុខគ្នា​ជាលើកដំបូងរបស់មេដឹកនាំ​ទាំងពីរនៅក្នុងមហាសាល​ប្រជាជនចិន​នៅរដ្ឋធានីប៉េកាំង លោក ស៊ី​ បាននិយាយថា៖ «ក្នុងនាមជាប្រទេសធំ និងមានឥទ្ធិពល ប្រទេសចិននិងអាល្លឺម៉ង់គួរតែ​ធ្វើការជាមួយគ្នា​ថែមមួយកម្រិតទៀ​តក្នុងអំឡុងពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរ និងភាពចលាចលនោះ»។

យ៉ាងណាមិញ យោងតាមអ្នកយកព័ត៌មានរ៉យទ័រ ដែលអមដំណើរគណៈប្រតិភូរបស់លោក អូឡាហ្វ ស្កូឡ បានឱ្យដឹងថា លោក Scholz បានប្រាប់លោក Xi វិញថា៖ «វាជាការល្អ​ដែលមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុង​គ្រា​ដ៏តានតឹង ដោយសារតែប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយវាបានបង្កើតបញ្ហាចាក់ស្រេះជាច្រើន​សម្រាប់សណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់»។

លោក​ Scholz ក៏បាននិយាយ​ផងដែរថា អ្នកទាំងពីរនឹងពិភាក្សា​អំពីបញ្ហា​ទាក់ទង​នឹងទំនាក់ទំនងអឺរ៉ុប-ចិន ការប្រយុទ្ធប្រឆាំង​នឹងបម្រែបម្រួល​អាកាសធាតុ និងភាពអត់ឃ្លាន​ជាសកល ក៏ដូចជារបៀបធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង​សេដ្ឋកិច្ចចិន-អាល្លឺម៉ង់ ក៏ដូចជា​ប្រធានបទ​ផ្សេងទៀត ដែលប្រទេសទាំងពីរមានទស្សនៈផ្ទុយគ្នាផងដែរ។

មែនទែនទៅ ដំណើរទស្សនកិច្ចរបស់លោក Scholz ទំនងជា​មានគោលបំណង​ស្វាគមន៍ថ្នាក់ដឹកនាំចិន ដែល​នឹងស្វែង​រកទំនាក់ទំនង​ជាមួយ​ពិភពខាងក្រៅ បន្ទាប់ពីការបញ្ចប់​នៃសមាជបក្សលើកទី២០ ដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេមើលឃើញថា បានពង្រឹងអំណាចកាន់តែណែនក្នុងជួរបក្សកុម្មុយនិស្តចិនផងនោះ។

មួយវិញទៀត បើយោងតាមប្រភពរដ្ឋាភិបាលទីក្រុងបែរឡាំង ក្រៅតែជួបប្រធានាធិបតីចិន លោក ស្កូល ក៏នឹងជួបនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ដែលនឹងត្រូវផុតអាណត្តិនៅឆ្នាំក្រោយនេះ ព្រមទាំងត្រូវគេរំពឹងថា អធិការបតីអាល្លឺម៉ង់រូបនេះ ក៏នឹងលើកឡើងពីបញ្ហាដ៏ចម្រូងចម្រាសដូចជា បញ្ហាសិទ្ធិមនុស្ស បញ្ហាដ៏រសើបតៃវ៉ាន់ និងការលំបាកដែលក្រុមហ៊ុនអាល្លឺម៉ង់ប្រឈមមុខ​ក្នុងការជ្រៀតខ្លួនចូលទៅកាន់ទីផ្សារចិន​ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរទស្សនកិច្ចនេះដែរ​ ក៏មានផ្ទុះការរិះគន់មិនតិចទេ​ពីសំណាក់​ប្រទេសមួយចំនួន​នៃសហភាពអឺរ៉ុប ​និងបក្សសម្ព័ន្ធ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ភាគច្រើន​​មក​ពី​​គណបក្ស​បៃតង និង​សេរីនិយម។

គួរជម្រាបថា ភាពតានតឹងទាំងនេះត្រូវបានកើតឡើង​មុនកិច្ចព្រមព្រៀងមួយ​កាលពីសប្តាហ៍មុន ដែលក្រុមហ៊ុនដឹកជញ្ជូន​យក្សរបស់ចិន Cosco បានទទួលភ្លើងខៀវ​ពីទីក្រុងប៊ែរឡាំង ដើម្បីទទួលបានភាគហ៊ុននៅក្នុងស្ថានីយ​ដឹកជញ្ជូន​ទំនិញ​ក្នុងកំពង់ផែ Hamburg ទោះបីជាមានការជំទាស់ពីដៃគូនៃបក្សប្រឆាំង​ផ្សេងទៀតក្នុងប្រទេសអាល្លឺម៉ង់ក៏ដោយ៕