នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិក បានលើកឡើងថា «កំលុងពេលនៃកិច្ចប្រជុំ ភាគីទាំង២បានផ្លាស់ប្តូរទស្សនៈលើគោលគំនិតសំខាន់ៗដែលត្រូវដោះស្រាយក្នុងតំបន់ពាណិជ្ជកម្មមួយចំនួនដែលកំណត់ក្នុងអាណត្តិចរចាសម្រាប់គំនិតផ្តួចផ្តើមថ្មីនេះ»។
បើតាមការិយាល័យដដែល គណៈប្រតិភូសហរដ្ឋអាមេរិកដែលបានចូលរួម រួមមានតំណាងមកពីការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នាយកដ្ឋានពាណិជ្ជកម្ម នាយកដ្ឋានរតនាគារ រដ្ឋបាលពាណិជ្ជកម្មខ្នាតតូច ក៏ដូចជារដ្ឋបាលចំណីអាហារ និងឱសថ។
ជាក់ស្តែង ក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ បានបង្ហើបអំពីគោលការណ៍ទាំងនេះតាំងពីខែមិថុនាមកម្ល៉េះ គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលលោក បៃដិន សម្រេចដកកោះតៃវ៉ាន់ចេញពីផែនការសេដ្ឋកិច្ចផ្តោតលើអាស៊ីដែលរៀបចំឡើងដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ខណៈកិច្ចប្រជុំមានរួមបញ្ចូលទាំងការចរចាលើវិស័យពាណិជ្ជកម្មចំនួន១១ ដូចជាការសម្របសម្រួលពាណិជ្ជកម្ម ការអនុវត្តបទប្បញ្ញត្តិល្អ ការប្រឆាំងអំពើពុករលួយ កសិកម្ម ពាណិជ្ជកម្មឌីជីថល ពលកម្ម និងបរិស្ថាន។
បើទោះបីជាមានកង្វះខាតទំនាក់ទំនងការទូតផ្លូវការក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមានគោលបំណងជំរុញការគាំទ្រសម្រាប់តៃវ៉ាន់ដែរ ជាពិសេសនៅពេលកោះនេះកំពុងប្រឈមមុខនឹងសម្ពាធនយោបាយកើនឡើងពីប្រទេសចិនក្នុងការទទួលយកការទាមទារអធិបតេយ្យភាព៕